ការប្រកួតជម្រុះប្រចាំពូល G ពានរង្វាន់ AFC U19 Championship 2018 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវបើកការប្រកួតនៅថ្ងៃអង្គារស្អែកនេះ ប៉ុន្តែក្នុងសន្និសីទកាសែត នៅសណ្ឋាគារភ្នំពេញ កាលពីរសៀលថ្ងៃចន្ទនេះ គឺមានតែគ្រូបង្វឹកក្រុម U19 ហ្វីលីពីន មួយទេ ដែលមើលសរសើរ និងចាត់ទុកកម្ពុជា ជាក្រុមខ្លាំង ចំណែកគ្រូបង្វឹកក្រុមចិន និងមីយ៉ាន់ម៉ា សុទ្ធតែមានការជឿជាក់ ក្នុងការឆ្លងផុតពូលមួយនេះ។

លោក Jose Maria Anoche Aberasturi គ្រូបង្វឹកក្រុមហ្វីលីពីន បាននិយាយថា៖ «កីឡាកររបស់យើងភាគច្រើន មានអាយុ១៧ឆ្នាំ ហើយក្រុមរបស់យើង ក៏មិនទាន់ទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ការប្រកួតកន្លងមកដែរ ហេតុនេះយើងត្រូវតែខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីកែប្រែលទ្ធផលឲ្យបានល្អប្រសើរវិញ ក្នុងការប្រកួតនេះ។ ចំណែកក្រុមកម្ពុជា ឃើញថា ធ្វើបានល្អច្រើន ពិសេសការប្រកួត AFF U18 Championship 2017 នៅប្រទេសមីយ៉ាន់ម៉ា កន្លងមកនេះ ហេតុនេះខ្ញុំគិតថា ក្រុមកម្ពុជា ក៏ជាក្រុមខ្លាំងមួយផងដែរ»។

ចំណែកលោក Jia Xiuquan គ្រូបង្វឹកក្រុម U19 ចិន បាននិយាយថា៖« ក្រុមរបស់យើង ពិតជារៀបចំបានល្អទាំងវិន័យ និងអត្តចរឹត ពិសេសពួកគេមានឆន្ទៈខ្ពស់ក្នុងការប្រកួត ហេតុនេះយើងមានសង្ឃឹមឈ្នះ និងឆ្លងផុតពូលនេះ»។

ស្រដៀងគ្នានេះគ្រូជំនួយក្រុមU19មីយ៉ាន់ម៉ា បានអះអាងថា៖«ក្រុមមីយ៉ាន់ម៉ា ជាក្រុមល្អមួយ ព្រោះយើងបានហ្វឹកហាត់ និងរៀបចំបាន២ខែមុនការប្រកួតនេះ។ គោលបំណងរបស់យើង គឺត្រូវឆ្លងឲ្យផុតពូលនេះ ហេតុនេះយើង ត្រូវខំប្រឹងលេងឲ្យអស់ពីសមត្ថភាពគ្រប់ការប្រកួតទាំងអស់ ដើម្បីបានលទ្ធផលល្អ នឹងឆ្លងឲ្យផុតពូលនេះ»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតបើកឆាក នៅពហុកីឡដ្ឋានជាតិ នាថ្ងៃអង្គារស្អែកនេះ ក្រុម U19 មីយ៉ាន់ម៉ា ត្រូវប្រកួតជាមួយក្រុមហ្វីលីពីន នារសៀលម៉ោង ៣:៣០ គឺមុនពេលក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវស្វាគមន៍ក្រុមខ្លាំងរបស់ចិន នៅល្ងាចម៉ោង ៦:៣០ ហើយកម្ពុជា បានសម្រិតសម្រាំងកីឡាករចំនួន២៣នាក់ ដើម្បីប្រកួតប្រជែង ក្នុងការប្រកួតពានមួយនេះ៕