ក្រុម U19 កម្ពុជា បានបង្កើតនូវរឿងដ៏អស្ចារ្យមួយ គឺការប្រើឆន្ទៈប្រកួតក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីវាយបកយកឈ្នះក្រុមមីយ៉ាន់ម៉ា ៣-២ នៅនាទីទីបន្ថែម ៩០+៤ ក្នុងការប្រកួតលើកទី២ វគ្គជម្រុះពានរង្វាន់ AFC U19 Championship 2018 កាលពីយប់ថ្ងៃព្រហស្បតិ៍ គឺមុនពេលក្រុម U19 ចិន បានបន្តលត់ក្រុមហ្វីលីពីន ៦-០ ដើម្បីឈរនៅលេខ១ ប្រចាំពូល G នេះជាបណ្តោះអាសន្ន។

សម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិនោះ ក្រុមមីយ៉ាន់ម៉ា បានដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះកម្ពុជាខ្លាំង និងរកបាន ២គ្រាប់នាំមុខក្រុមកម្ពុជានៅតង់ទី១។ ប៉ុន្តែនៅក្នុងតង់ទី២ ខ្សែប្រយុទ្ធ ស៊ិន កក្កដា បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង តាមរយៈការទាត់បាល់ហ្រ្វីកឃីត បញ្ចូលទីបាន ២គ្រាប់ជាប់ៗគ្នា គឺនៅនាទីទី៥៩ និងទី៩០ ហើយ សាន គឹមហេង បានរកឃើញគ្រាប់បាល់ជ័យជម្នះឲ្យកម្ពុជា នៅនាទីទីបន្ថែម៩០+៤។

ជាមួយជ័យជម្នះដ៏មិនគួរឲ្យចង់ជឿនេះ បានធ្វើឲ្យលោក Chit Naing គ្រូបង្វឹកក្រុមមីយ៉ាន់ម៉ា បានសរសើរដល់ក្រុមកម្ពុជា។ លោកបាននិយាយក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖ «នៅតង់ទី២ យើងបានដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះ និងរកបាន២គ្រាប់ ប៉ុន្តែនៅតង់ទី២ ក្រុមកម្ពុជា បែរជាអាចដាក់សម្ពាធមកលើយើងវិញ និងរកបាន ៣គ្រាប់ យកឈ្នះលើក្រុមយើង ហើយតាមរយៈការប្រកួតនេះ ខ្ញុំអាចប្រៀបធៀបបានថា កម្ពុជា អាចមានប្រៀបលើក្រុមហ្វីលីពីន និងអាចរកបាន ៣ទៅ ៤គ្រាប់»។

លោកបានបញ្ជាក់ថា៖ «កាលដែលខ្ញុំហ៊ានវាយតម្លៃបែបនេះ ព្រោះក្រុមកម្ពុជា មានឆន្ទៈប្រកួតខ្លាំងជាង ធ្វើការងារជាក្រុមបានល្អជាង និងមានបច្ចេកទេសប្រកួតខ្ពស់ជាងក្រុមហ្វីលីពីន ដែលពួកគេអាចបង្កើតឱកាសបានច្រើនជាង និងរកបានគ្រាប់បាល់ សម្រាប់ការប្រកួតជាមួយក្រុមហ្វីលីពីន»។

គួរបញ្ជាក់ថា ក្រុមកម្ពុជា នឹងត្រូវប្រកួតលើកទី៣ ចុងក្រោយប្រចាំពូល G នេះ ជាមួយក្រុមហ្វីលីពីន នៅល្ងាចម៉ោង ៦:៣០ ថ្ងៃសៅរ៍ ខាងមុខនេះ ឯក្រុមមីយ៉ាន់ម៉ា ត្រូវប្រឈមជាមួយក្រុមចិន ដែលឈ្នះទាំង ២ប្រកួត នារសៀលម៉ោង ៣:៣០ ហើយនេះជាការប្រកួតកាត់សេចក្តីយ៉ាងសំខាន់ ក្នុងការរកក្រុមឈ្នះឡើងទៅប្រកួតនៅវគ្គបន្ត៕

វីឌីអូហាយឡាយការប្រកួតរវាង Cambodia U19 vs Myanmar U19 ៖