ក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុម U19 ហ្វីលីពីន សុទ្ធតែទទួលការបរាជ័យ ក្រោមស្នាដៃក្រុមខ្លាំងចិន និងមីយ៉ាន់ម៉ា ក្នុងការប្រកួតបើកឆាកវគ្គជម្រុះប្រចាំពូល G ពានរង្វាន់ AFC U19 Championship 2018 នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាច និងយប់ថ្ងៃអង្គារ ម្សិលមិញ។

នៅក្នុងការប្រកួតនេះក្រុម U19 កម្ពុជា បានចាញ់ក្រុមចិន ១-០ ខណៈគ្រាប់បាល់ជ័យជម្នះរបស់ក្រុមចិននេះ បានធ្វើឲ្យអ្នកទស្សនាកម្ពុជា មានការសោកស្តាយខ្លាំង ព្រោះវាមានកើតមានឡើង នៅម៉ោងបន្ថែម ៩០+២ គឺនៅពេលដែលខ្សែការពារ គីម ឆៃយ៉ា បានឆ្កឹះបាល់ចេញមិនផុតពីជើង Tao Qianglong ជាហេតុធ្វើឲ្យខ្សែប្រយុទ្ធរបស់ចិនម្នាក់នេះរត់ឆក់យកបាល់នោះ រួចស៊ុតផុតដៃអ្នកចាំទីកម្ពុជា ចូលយ៉ាងងាយ។

ចំណែកក្រុមមីយ៉ាន់ម៉ា បានលត់ក្រុម U19 ហ្វីលីពីន រហូតដល់ ៦-០ ដើម្បីបង្ហាញឲ្យឃើញពីភាពខ្លាំងរបស់ខ្លួន និងបំពេញនូវអ្វីដែលគ្រូបង្វឹកក្រុមមួយនេះ បានលើកឡើងមុនការប្រកួត គឺការឆ្លងឲ្យផុតពីពូលមួយនេះ ដើម្បីឡើងទៅប្រកួតនៅវគ្គបន្ត។

តាមរយៈលទ្ធផលនៃការប្រកួតបើកឆាកនេះ បានជួយឲ្យក្រុម U19 មីយ៉ាន់ម៉ា ឡើងទៅឈរនៅកំពូលតារាងប្រចាំពូល G នេះជាបណ្តោះអាសន្ន ដោយមាន ៣ពិន្ទុ ខណៈក្រុមចិន ឈរនៅលេខ ២ មាន ៣ពិន្ទុដូចគ្នា។ ចំណែកក្រុមកម្ពុជា ឈរនៅលេខ៣ លើក្រុមហ្វីលីពីន ដោយគ្មានពិន្ទុរាប់ដូចគ្នា ប៉ុន្តែហ្វីលីពីនត្រូវបានគេគូប្រកួតស៊ុតចូលច្រើងគ្រាប់ជាងក្រុមកម្ពុជា៕