ការបរាជ័យ ១-០ ក្រោមស្នាដៃក្រុម U19 ចិន ដែលបានកើតឡើងនៅនាទីបន្ថែម៩០+២ ក្នុងការប្រកួតបើកឆាក កាលពីយប់ថ្ងៃអង្គារ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា មានការខកចិត្តយ៉ាងខ្លាំង ប៉ុន្តែគ្រូបង្គោលលោក Inoue Kazunori បានបញ្ជាក់ថា លោកមិនបោះបង់ការប្រកួតដែលនៅសល់នោះទេ។

លោក Inoue Kazunori គ្រូបង្វឹកក្រុមកម្ពុជា បាននិយាយក្នុងសន្និសីទកាសែត ក្រោយចាញ់ក្រុមចិន ១-០ កាលពីយប់ថ្ងៃអង្គារនោះថា៖ «ការចាញ់ក្រុមចិននៅថ្ងៃនេះ បានស្តែងឲ្យឃើញថា ក្រុមរបស់យើងមានការកើនឡើងហើយ តែត្រូវខំប្រឹងបន្ថែមទៀត ទើបអាចឈានដល់កម្រិតល្អបាន។ ចំពោះខ្ញុំ បើទោះបីជាយើងចាញ់នៅថ្ងៃនេះ ប៉ុន្តែខ្ញុំនឹងមិនបោះបង់ចោលនោះទេ គឺយើងនឹងប្រឹងប្រែងលេងនៅ ២ប្រកួតក្រោយទៀត»។

យ៉ាងណាក៏ដោយសម្រាប់ការជួបក្រុមខ្លាំងមីយ៉ាន់ម៉ា ក្នុងការប្រកួតលើកទី២វគ្គជម្រុះពាន AFC U19 Championship 2018 នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃព្រហស្បតិ៍នេះ លោក Inoue Kazunori បានទទូចសុំឲ្យកូនក្រុមរបស់លោក កែប្រែនៅចន្លោះប្រហោង ដែលតែងតែបានកើតមានឡើងដដែលៗ ហើយនេះជាចំណុចខ្វះខាត ដែលធ្វើឲ្យកម្ពុជា ចាញ់ក្រុមចិន ១-០។

លោក Inoue Kazunori បានបញ្ជាក់ថា៖ «យើងតែងតែបង្កើតកំហុស គឺការអស់ជំហរនៅចុងម៉ោង ដូច្នេះយើងត្រូវតែកែប្រែ និងប្រឹងប្រែងរក្សាជំហរនេះឲ្យបាន បើមិនដូច្នេះទេការប្រកួតទាំងអស់ ពួកគេនឹងបរាជ័យនៅចុងម៉ោងនេះហើយ។ បើទោះបីជាមានការនឿយហត់ ប៉ុន្តែបាល់ទាត់ត្រូវការឲ្យកីឡាកររក្សាជំហរគ្រប់វិនាទីរបស់ខ្លួន រហូតដល់ចប់ការប្រកួត ទើបអាចរក្សាលទ្ធផលដែលចង់បាន»។

ទោះបីជាយ៉ាងណា តាមរយៈការប្រកួតបើកឆាក កាលពីថ្ងៃអង្គារ កន្លងមកនេះ ក្រុមមីយ៉ាន់ម៉ា មានទម្រង់លេងល្អ ដោយពួកគេ បានលត់ក្រុមហ្វីលីពីន រហូតដល់ ៦-០ ហេតុនេះការចង់កែប្រែកំហុស ក៏ដូចជាការស្វែងរកការឈ្នះទៅលើក្រុមមីយ៉ាន់ម៉ា សម្រាប់ការជួបគ្នាល្ងាចនេះ គឺមានការលំបាកខ្លាំង។ ចំណែកក្រុមចិន ដែលត្រូវជួបក្រុមហ្វីលីពីន នារសៀលម៉ោង ៣:៣០ ថ្ងៃនេះដែរ ត្រូវបានគេមើលឃើញថា អាចនឹងទទួលបាន៣ពិន្ទុបន្ថែមទៀត៕