ក្រុមម្ចាស់ផ្ទះកម្ពុជា ត្រៀមនឹងលេងទប់ក្រុម U19 ចិន មិនឲ្យរកបានគ្រាប់បាល់ សម្រាប់ការប្រកួតថ្ងៃបើកឆាកវគ្គជម្រុះប្រចាំពូល G ពានរង្វាន់ AFC U19 Championship 2018 នៅពហុកីឡដ្ឋានជាតិនាល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារនេះ គឺបន្ទាប់ពីការប្រកួតរវាងក្រុម U19 មីយ៉ាន់ម៉ា និងក្រុមហ្វីលីពីន ដែលចាប់ផ្តើមពីរសៀលម៉ោង ៣:៣០ ហើយការប្រកួតទាំងនេះ ក៏មានការផ្សាយផ្ទាល់តាមទូរទស្សន៍ BTV ផងដែរ។

ការគ្រោងលេងទប់នេះ ក៏ព្រោះតែលោក Inoue Kazunori គ្រូបង្វឹកក្រុម U19 កម្ពុជា បានមើលឃើញថា ក្រុម U19 ចិនមានសមត្ថភាពប្រកួតខ្លាំង និងមានប្រៀបផ្នែកកាយសម្បទាលើកូនក្រុមរបស់លោកដាច់តែម្តង បើទោះបីជាគ្រូបង្វឹកក្រុម U19 ចិន បាននិយាយថា មិនទាន់ដឹងពីរបៀបលេងក្រុមកម្ពុជា ច្បាស់ក៏ដោយ។

លោក Inoue Kazunori បានថ្លែងក្នុងសន្និសីទកាសែត នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃសចន្ទម្សិលមិញ ថា៖ «ចិន ជាក្រុមខ្លាំងមួយ ដែលមានកាយសម្បទាល្អ មានមាឌធំៗ និងខ្ពស់ ហើយបើធ្វើការប្រៀបធៀប គឺកីឡាកររបស់យើង ពិតជាតូច និងទាបជាងក្រុមចិនខ្លាំង។ ហេតុនេះអ្វីដែលយើងត្រូវធ្វើ គឺយើងត្រូវការពារឲ្យបានល្អ ដើម្បីកុំឲ្យមានការស៊ុតបញ្ចូលទីពីក្រុមចិន»។

លោកបានបន្ថែមថា៖ «ខ្ញុំមិនបានដឹងពីក្រុមចិនច្រើនទេ ប៉ុន្តែគិតមកដល់ពេលនេះ វិស័យបាល់ទាត់នៅចិន មានការីកចម្រើនខ្លាំង អ៊ីចឹងគ្រប់ក្រុមរបស់ចិន ពិតជាមានសមត្ថភាពខ្លាំងដូចគ្នា»។

ចំណែកលោក Jia Xiuquan គ្រូបង្វឹកក្រុម U19 ចិន បាននិយាយថា៖ «យើងមិនទាន់ទទួលបានព័ត៌អ្វីពីក្រុមនេះច្រើនទេ ហើយយើងបាននាំយកកីឡាករ ២៦នាក់ មកប្រកួតពានមួយនេះ ក្នុងនោះក៏មាន ៤នាក់ លេងនៅលីកកំពូលផងដែរ ប៉ុន្តែពួកគេមិនសូវបានលេងនៅលើទីលានទេ»។

យ៉ាងណាក៏ដោយ លោក Jia Xiuquan បានបង្ហាញពីទំនុកចិត្តចំពោះការប្រកួតជម្រុះប្រចាំពូល G នៃពានរង្វាន់ AFC U19 Championship 2018 យ៉ាងដូច្នេះថា៖ «ក្រុមរបស់យើង ពិតជារៀបចំបានល្អទាំងវិន័យ និងអត្តចរិត ពិសេសពួកគេមានឆន្ទៈខ្ពស់ក្នុងការប្រកួត ហេតុនេះយើងមានសង្ឃឹមឈ្នះ និងឆ្លងផុតពូលមួយនេះ»៕