ការរងបរាជ័យមិនមែនជាជម្រើសមួយសម្រាប់លោក Jose Mourinho និងលោក Mauricio Pochettino ឡើយ ខណៈដែលក្រុមរបស់ពួកគេនឹងសម្លឹងរកការរក្សាល្បឿនដេញតាមពីក្រោយក្រុមកំពុងនាំមុខ Manchester City នៅលើតារាងក្របខ័ណ្ឌ Premier League។ ក្រុម Manchester United របស់លោក Mourinho និងក្រុម Tottenham Hotspur របស់លោក Pochettino នឹងចាប់ផ្តើមប្រកួតនៅចុងសប្តាហ៍នេះ ដោយដេញតាមពីក្រោយក្រុម Man City ៥ពិន្ទុដូចគ្នា ខណៈដែលពួកគេនឹងត្រូវប៉ះគ្នានៅកីឡដ្ឋាន Old Trafford ក្នុងការប្រកួតគូបើកឆាកនៅថ្ងៃសៅរ៍នេះ។

Man United បានបាត់បង់ទម្រង់លេងដ៏មុតស្រួចរបស់ពួកគេក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Liverpool មុននឹងរងបរាជ័យក្នុងការប្រកួតលីកជាលើកទី១ របស់ពួកគេនៅរដូវកាលនេះកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈដែលក្រុម Huddersfield Town បានផ្តួលពួកគេក្នុងលទ្ធផល ២-១។ លោក Mourinho ដែលបានចោទប្រកាន់កីឡាកររបស់លោកពីបទមានឥរិយាបថប្រកួតមិនល្អ ក្រោយពីចាញ់ក្រុម Huddersfield នោះ បានផ្លាស់ប្តូរកីឡាករ ៧នាក់សម្រាប់ការប្រកួតពាន League Cup កាលពីថ្ងៃអង្គារនៅលើទឹកដីក្រុម Swansea ហើយក្រុមមានការផ្លាស់ប្តូរថ្មីរបស់លោកបានទទួលជ័យជម្នះ ២-០។

កីឡាករភាគច្រើនដែលមិនត្រូវបានដាក់ឲ្យចូលលេងក្នុងជម្រើសទាំង ១១នាក់ដំបូងកាលពីពាក់កណ្តាលសប្តាហ៍នេះ ត្រូវបានរំពឹងទុកថា នឹងបង្ហាញមុខនៅពេលប្រកួតជាមួយនឹងក្រុម Spurs ក្នុងនោះរាប់បញ្ចូលទាំង Romelu Lukaku ផងដែរ ដែលកំពុងតែស្វែងរកទម្រង់លេងដ៏ល្អរបស់គេត្រឡប់មកវិញ ក្រោយពីមិនអាចរកគ្រាប់បាល់បញ្ចូលទីសោះក្នុងការប្រកួត ៤លើកចុងក្រោយនេះ បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទី ១១គ្រាប់ក្នុងការបង្ហាញខ្លួន ១០លើកដំបូងរបស់គេសម្រាប់ Man United។ ប៉ុន្តែ Man United បានឈ្នះរាល់ការប្រកួតលើទឹកដីខ្លួនឯងក្នុងក្របខ័ណ្ឌលីកទាំង ៤លើកនៅរដូវកាលនេះ ដោយបានស៊ុតបាល់បញ្ចូលទីសរុប ១៤គ្រាប់ និងមិនរបូតសូម្បីតែ ១គ្រាប់។

ដោយឡែក ក្រុម Spurs របស់លោក Pochettino គួរតែឈានទៅកាន់ការប្រកួតនៅថ្ងៃសៅរ៍នេះ ពោរពេញដោយការជឿជាក់ ក្រោយពីបានផ្តួលក្រុម Liverpool ក្នុងលទ្ធផល ៤-១ កាលពីចុងសប្តាហ៍មុន។ ប៉ុន្តែ ពួកគេបានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ៣-២ នៅពេលប្រកួតជាមួយនឹង West Ham ក្នុងពាន Carabao Cup កាលពីថ្ងៃពុធ បើទោះបីបាននាំមុខ ២-០ មុន ក្នុងតង់ទី១មុនក៏ដោយ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៦:៣០ល្ងាច៕

កែសម្រួលដោយ​៖ Usportkh
ប្រភព៖ Sport24