កីឡាករ កីឡាការិនីកីឡាទាញព្រ័ត្ររបស់កម្ពុជា ចំនួន ១៨នាក់ កំពុងតែបង្កើនការហ្វឹកហាត់រួមគ្នា ដើម្បីត្រៀមទៅចូលរួមព្រឹត្តិការណ៍២ គឺការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកអាស៊ី លើកទី១១ និងអាស៊ីអាគ្នេយ៍ លើកទី២ ដែលនឹងត្រូវធ្វើរួមគ្នា នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។

នៅក្នុងការប្រកួតទាំង ២កម្រិតនេះ ថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា មិនផ្តល់ក្តីសង្ឃឹមលើក្រុមអត្តពលិករបស់ខ្លួន ចំពោះការប្រកួតជ្រើសរើសជើងឯកអាស៊ី នោះទេ ព្រោះមានប្រទេសខ្លាំងៗ នៅក្នុងតំបន់អាស៊ី ចូលរួមច្រើន ប៉ុន្តែរំពឹងថា ក្រុមទាញព្រ័ត្រកម្ពុជា នឹងទទួលបានលទ្ធផលល្អប្រសើរមួយ ក្នុងការប្រកួតជម្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលមាន៨ទៅ៩ប្រទេសចូលរួម។

លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានថ្លែង ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃពុធថា៖ «សម្រាប់ការប្រកួតកម្រិតអាស៊ី គឺយើងគ្មានសង្ឃឹមនោះទេ ដោយយើងចូលរួមគ្រាន់តែជាការសាកល្បង និងរៀងសូត្រពីគេ ព្រោះកម្រិតរបស់យើង អាចប្រជែងបានក្នុងការប្រកួតកម្រិតអាស៊ាន ដូច្នេះយើងត្រូវប្រឹងប្រែងយកស្នាដៃ ក្នុងអាស៊ីអាគ្នេយ៍នេះ»។

ចំណែកអ្នកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានប្រាប់ថា ក្រុមកីឡាករ កីឡាការិនី ដែលត្រូវចេញទៅប្រកួតទាំង២ព្រឹត្តិការណ៍នៅប្រទេសថៃខាងមុខនេះ គឺបានហ្វឹកហាត់ជាង៣ខែមកហើយ ហើយពួកគាត់បានប្រើបេះដូងហាត់ពិតៗ។

អ្នកស្រីបានបញ្ជាក់ថា៖ «បើទោះបីជាសព្វថ្ងៃនេះ យើងមិនទាន់មានសម្ភារៈហ្វឹកហាត់ទំនើបដូចគ្នា ប៉ុន្តែក្មួយៗកីឡាករទាំងអស់ មានឆន្ទៈក្នុងការហាត់ខ្លាំងណាស់ គឺពួកគាត់ប្រើបេះដូងហ្វឹកហាត់តែម្តង ហេតុនេះនាងខ្ញុំមានទំនុកចិត្តលើពួកគាត់រហូតដល់៩០ភាគរយឯណោះ សម្រាប់ការត្រៀមចេញទៅប្រកួតលើកនេះ»។

យ៉ាងណាក៏ដោយ តំណាងក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមក្នុងសន្និសីទកាសែតនោះដែរ បានប្រាប់ឲ្យក្រុមកីឡាករ កីឡាការិនីទាញព្រ័ត្រកម្ពុជា ដែលត្រៀមចេញទៅប្រកួតនេះ ត្រូវប្រឹប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ និងសម្រាប់ប្រទេសជាតិ គឺកុំយកពេលវេលាទៅប្រកួតនេះ គ្រាន់តែជាការដើរកម្សាន្ត។

គួរបញ្ជាកល់ថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា គ្រោងបញ្ជូនកីឡាករ៩នាក់(បម្រុង១នាក់) និងក្រុមកីឡាការិនី៩នាក់(បម្រុង១នាក់) ទៅចូលរួមព្រឹត្តិការណ៍ទាំង២ខាងលើនេះ ដោយក្នុងនោះក្រុមបុរសកម្ពុជា ត្រូវប្រកួតលើវិញ្ញាសាមានទម្ងន់សរុប៦០០គីឡូក្រាម ហើយក្រុមនារី ត្រូវប្រកួតលើវិញ្ញាសា មានទម្ងន់សរុប៥០០គីឡូក្រាម៕