ក្រុមមាន់ខ្នាយមាស Tottenham HotSpur បានផ្តួលក្រុមជើងខ្លាំង Real Madrid ដោយលទ្ថផល 3:1 សម្រាប់ការប្រកួតជម្រុះក្នុងពូល H នៅកីឡាដ្ឋាន Wembley កាលពីយប់មិញ។ Harry Kane បានវិលត្រលប់មកជួយក្រុមវិញ ប៉ុន្តែមិត្តរួមក្រុម ខ្សែប្រយុទ្ធ វ័យក្មេង សញ្ជាតិអង់គ្លេស Dele Alli រកបានគ្រាប់ទី1 នៅនាទីទី27 ក្រោយការបញ្ជូនបាល់ពី ស្លាបខាងស្តាំរបស់ខ្សែបម្រើ Kieran Trippier ។ ក្រោយមកនៅនាទីទី56 កីឡាករមានអនាគតវែងឆ្ងាយ Alli ដដែលបានរកគ្រាប់បាល់បន្ថែមនាំមុខ 1គ្រាប់ទៀត ក្រោយស៊ុតបាល់ពីចំងាយ ប៉ះចំខ្លួនខ្សែការពារ Sergio Ramos ផ្លាតចូលហ្គោន និងបានត្រឹមតែធ្វើអោយអ្នកចាំទីឈរមើលប៉ុណ្ណោះ។ ខ្សែបម្រើ Eriksen របស់ ក្រុមម្ចាស់ផ្ទះបានបន្ថែម គ្រាប់បាល់ទី3 នៅនាទីទី65 មុនពេលខ្សែប្រយុទ្ធឆ្នើម Ronaldo បានតាមពីក្រោយ 1គ្រាប់វិញនៅនាទីទី80។

បញ្ចប់ការប្រកួតក្រុម Tottenham 3:1 Real Madrid ធ្វើអោយក្រុមដែលដឹកនាំដោយអ្នកចាត់ការលោក Mauricio Pochettino មានកៅអីមួយទៅវគ្គ16ក្រុមចុងក្រោយបន្តទៀត ដោយមាន ១០ពិន្ទុក្នុងដៃ ខណៈ Real មាន 7ពិន្ទុ និងក្រុម Dortmund រួមជាមួយ Apoel Nicosia មាន២ពិន្ទុដូចគ្នាក្រោយប្រកួតបាន 4ប្រកួត៕

ក្រុមមិនទាន់ស្គាល់ពាក្យថាចាញ់ និង កំពុងនៅគ្រងតារាងលំដាប់កំពូលក្របខណ្ឌ Premier League គឺមេឃខៀវ Man.City បានផ្តួលក្រុមកំពូលតារាងនៅក្របខណ្ឌ SerieA គឺ Napoli ដោយលទ្ធផល 4:2 ។ខ្សែប្រយុទ្ធ Sergio Aguero បានក្លាយជាកីឡាករស៊ុតបញ្ចូលទីអោយក្រុមច្រើនបំផុត គឺ 178គ្រាប់ច្រើនជាងកីឡាករប្រវត្តិសាស្រ្ត Eric Brook ទៅទៀត ក្រោយស៊ុតបាល់ បញ្ចូលទី នៅនាទីទី69 អោយក្រុមMan.City។

ក្រុមម្ចាស់ផ្ទះ Napoli រកគ្រាប់បាល់បញ្ចូលទីបានមុននៅនាទីទី21 ដោយខ្សែបម្រើ Insigne និងនៅនាទីទី62 ជាមួយបាល់ប៉េណាំងទីដោយកីឡាករ Frello Filho។ ប៉ុន្តែក្រុមភ្ញៀវមានឪកាសវាយ បកយកឈ្នះវិញតាមរយៈ គ្រាប់បាល់ចំនួន 4គ្រាប់គឺខ្សែការពារស្តាំសញ្ជាតិអាហ្សង់ទីន Otamendi នៅនាទីទី34 ខ្សែការពារកណ្តាល Stone នៅនាទីទី48 ហើយខ្សែប្រយុទ្ធ Aguero នៅនាទីទី69 និង Sterling នៅនាទីទី(90+2)។ ជ័យជំនះក្រៅទឹកដីនេះធ្វើអោយក្រុម Man.City មានកៅអីមួយទៅវគ្គ 16ក្រុមបន្តទៀត។ ក្រោយការប្រកួត 4ដងកន្លងមកក្រុមលេខ2 Shakhtar Donetsk មាន 9ពិន្ទុ និង ក្រុមលេខ3 Napoli មាន 3ពិន្ទុ និង ក្រុមលេខ4 Feyenoord មាន ០ពិន្ទុ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC