បរទេស៖ ក្រុម Manchester City បាន​ខិត​កាន់​តែ​កៀក​ឆ្ពោះ​ទៅកាន់វគ្គ​៨ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions Leaue ក្រោយពី​បានយកឈ្នះ​លើក្រុម Borussia Moenchengladbach  ក្នុងលទ្ធ​ផល ២-០ កាលពីថ្ងៃ​ពុធ ប៉ុន្តែ លោក​គ្រូបង្វឹក Pep Guardiola បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​នៅ​តែ​ត្រូវ​ការ «ភាព​មុតស្រួច​បន្ថែម​ទៀតក្នុង​តំបន់​ប្រយុទ្ធ»​។

គ្រាប់​បាល់​តែត​បញ្ចូល​ទី​នៅ​តង់​ទី​១ពី​កីឡាករ Bernardo Silva និង​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ Gabriel Jesus នៅ​ត់ទី​២ ក្នុងការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ បាន​បន្តកំណត់​ត្រា​ឈ្នះ​របស់​ក្រុមលោក Guardiola រហូត​ដល់​ទៅ​១៩​​ប្រកួត ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់​។ Man City ដែល​កំពុង​នាំមុខ​លើ​តារាង​ក្រប​ខ័ណ្ឌ Premier League បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ក្លា​​លើក្រុម Glabach នៅក្នុងការ​ប្រកួត​នេះ ដែល​ត្រូវ​បាន​ប្តូរទៅកាន់​ប្រទេស​ហុង​គ្រី ដោយ​សារ​តែ​ការ​រិត​ត្បិត​ជុំ​វិញ​ការ​ធ្វើ​ដំណើរលើ​ករណី​កូវីដ-១៩ នៅ​អាល្លឺ​ម៉ង់​។

បើ​ទោះ​បី​គ្រប់​គ្រង​លើ​គូ​ប្រកួត​ស្ទើរ​តែ​ទាំងស្រុង​ក៏ដោយ ប៉ុន្តែ Man City បាន​​ចំណាយ​ពេល​ដ៏​យូរ​ក្នុង​ការ​បំ​បែក​តំបន់​ការពារ​របស់​ក្រុម Glabach ក្រោម​ជំនួយ​ដ៏​ធំ​ពីខ្សែ​ការ​ពារ​អាល់​ហ្សេរី Ramy Bensebaini​។ ស្រ​ប​ពេល​ដែល​លោក Guardiola បាន​និយាយ​បន្ទាប់​ពីការ​ប្រកួត​ថា លោក​ពិត​ជា​ពេញនឹ​ង​លទ្ធ​ផល​នេះ ប៉ុន្តែ លោក​បាន​បន្ថែម​ថា៖ «Man City ត្រូវ​តែ​ធ្វើ​ឲ្យ​បានល្អប្រសើរ​ជាង​នេះ ដើម្បី​ប្រជែង​ដណ្តើម​ពាន Champions League​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia