កីឡាករ វ៉ន វីវ៉ា ដែលបានឃ្លាតឆ្ងាយពីសង្វៀនអស់រយៈពេលជាង ៣ឆ្នាំមកហើយនោះ បានចាញ់ពិន្ទុកីឡាករថៃ Phet Sanann ដោយពិន្ទុដាច់ សម្រាប់ការវិលមកកាន់សង្វៀនជាថ្មី កាលពីថ្ងៃអាទិត្យ។

វ៉ន វីវ៉ា ដែលបានវិវឌ្ឍខ្លួនទៅជាគ្រូបង្វឹក និងកំពុងជាប់ងារជាគ្រូជំនួសរបស់ក្រុមជម្រើសជាតិថ្នាលកម្ពុជានោះ បានឡើងប្រកួតក្នុងទម្ងន់ ៨១គីឡូក្រាម នៅលើសង្វៀន CNC កាលពីរសៀលថ្ងៃអាទិត្យ ប៉ុន្តែសម្រាប់ការឡើងសង្វៀនជាថ្មីនេះ វីវ៉ា បានការធ្លាក់ចុះនូវវិជ្ជាគុនច្រើន ហើយកម្លាំងរបស់គេ ក៏ធ្លាក់ចុះផងដែរ។

តាមរយៈការប្រកួត ដែលមានត្រឹម ៣ទឹកនេះ វ៉ន វីវ៉ា នៅសល់តែកណ្តាប់ដៃប៉ុណ្ណោះ សម្រាប់តតាំងជាមួយកីឡាករជើងចាស់របស់ថៃ Phet Sanann ចំណែកស្នៀតជង្គង់ និងក្បាច់កែង ដែលធ្លាប់ផ្តួលកីឡាករបរទេសឲ្យសន្លប់ជាច្រើនរូប កាលពីអតីតកាលនោះ គឺរូបគេវាយចេញបានតិចតួចបំផុត ហើយក៏មិនសូវមានប្រសិទ្ធភាពនោះដែរ។

សម្រាប់ការប្រកួត៣ទឹកនោះ វ៉ន វីវ៉ា ចាប់ផ្តើមធ្លាក់កម្លាំង តាំងពីទឹកទី២ ដោយរូបគេបានដួលជាច្រើនលើក ហើយការធ្លាក់ចុះនេះ ដោយសាររូបគេ បានទទួលរងការបុកជង្គង់ពេញៗ ពីសំណាក់កីឡាករ Phet Sanann។ សកម្មភាពនេះ បានធ្វើឲ្យចៅក្រមទាំង ៥នាក់ បានសម្រេចឲ្យ វ៉ន វីវ៉ា ចាញ់ Phet Sanann ដោយពិន្ទុជាឯច្ឆន្ទ តែម្តង។

យ៉ាងណាក៏ដោយទាំងអ្នករៀបចំកម្មវិធីប្រកួតរបស់ CNC និងអ្នកគាំទ្រផ្ទាល់ មិនបានសម្តែងការមិនពេញចិត្តចំពោះការប្រកួតរបស់ វ៉ន វីវ៉ា នោះទេ ព្រោះអតីតម្ចាស់ខ្សែក្រវាត់ ISKA រូបនេះ បានខកខានឡើងប្រកួតជាង ៣ឆ្នាំមកហើយ ហើយរូបគេក៏បានឡើងទម្ងន់ និងបានប្រពន្ធកូន ផងដែរ។

ជាមួយគ្នានេះ អ្នកគាំទ្រ រំពឹងថា វ៉ន វីវ៉ា អាចនឹងវ៉ៃបានល្អជាងនេះ នៅពេលរូបគេបានឡើងប្រកួត៣ទៅ៤ដងទៀត ហើយ វ៉ន វីវ៉ា ផ្ទាល់ ក៏បានតាំងចិត្តខំប្រឹងពង្រឹងសមត្ថភាពខ្លួនឯង ឲ្យបានប្រសើរវិញផងដែរ ចំពោះការវិលមកកាន់សង្វៀនប្រដាល់ជាថ្មីនេះ៕