អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ទម្ងន់​ធ្ងន់​ វ៉ន​ វីវ៉ា​ ថា​ រូប​គេ​មិន​សូវ​ពេញ​ចិត្តការ​វ៉ៃ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ដែរ​ ប៉ុន្តែ​អាច​ថា​ប្រើ​ពេល​ឡើង​សង្វៀន​ញឹកញាប់​ចាប់​ពី​២ដង​ឡើង​ទៅ​អ្វីៗ​នឹង​ប្រសើរ​ហើយ​ល្អ​ជាង​នេះ។​

កីឡាករ វ៉ន​ វីវ៉ា​
វ៉ន​ វីវ៉ា​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​មិត្តភាព​ជា​មួយ​កីឡាករ​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ ចំពោះ​លទ្ធផល​ចាញ់​ឈ្នះ​មិន​ជា​បញ្ហា​ទេ ​ព្រោះ​លោក​ពិត​ជា​ធ្វើ​មិន​សូវ​បាន​ល្អ​មែន​ សង្ឃឹម​ថា​នៅ​ពេល​ខាង​មុខ​ សមត្ថភាព​នឹង​ល្អ​ជាង​នេះ​អាច​សងសឹក​វិញ​បាន។​

កីឡាករ វ៉ន​ វីវ៉ា​ និង​អ្នកគាំទ្រ​
អ្នក​ប្រដាល់​មក​ពី​កំពង់ចាម​រូប​នេះ​បន្ថែម​ថា​ នា​ការ​ប្រកួត​ដំបូង​នេះ​ គឺ​មាន​អារម្មណ៍​ថា​អស់​ស៊ុហ្វ​តែ​ម្ដង​ ណា​មួយ​ពេល​ចូលចាប់​ជា​មួយ​គេ​ក៏​ចាញ់​កម្លាំង​ថែម​ទៀត​ ដៃ​ទន់​តែ​ម្ដង​ ដោយ​សារ​តែ​លោក​មិន​មាន​ដៃគូ​ដែល​មាន​ទម្ងន់​ប្រហាក់ប្រហែល​គ្នា​ចាប់​ឡាំ​ជា​មួយ​ ធ្លាប់​តែ​ចាប់​ជា​មួយ​កូន​សិស្ស​តូចៗ​តែ​ប៉ុណ្ណោះ។​ យ៉ាង​ណា​មិញ​ម្ចាស់​ខ្សែក្រវាត់​ ISKA​ ខាង​លើ​លើក​ឡើង​ថា​ បើ​បាន​ឡើង​ប្រកួត​ជាប់​ៗ​គ្នា​ ២ប្រកួត​អី​ទៀត​ សមត្ថភាព​រីកចម្រើន​ ហើយ​អាច​ថា​ប្រកួត​បាន​ពេញ​៥ទឹក​ ប៉ុន្តែ​ប្រហែល​ជា​មិន​ល្អ​ដូច​ដើម​ ១០០%​ នោះ​ទេ។​ រាល់​ពេល​ដែល​មាន​កម្មវិធី​ប្រកួត​ណា​មួយ​ អ្នក​ប្រដាល់​រូប​នេះ​តែងតែ​ មាន​ការ​ហ្វឹកហាត់​ត្រៀម​បាន​ល្អ​ត្រឹម​ត្រូវ​ ដោយ​មិន​ធ្វេសប្រហែល​នោះ​ឡើយ​ ដូច្នេះ​ទម្លាប់​តាំង​ចិត្ត​បាន​ល្អ​នេះ​នឹង​ធ្វើ​ឲ្យ​សមត្ថភាព​ប្រសើរ​ឡើង​វិញ​ឆាប់​ៗ។​

កីឡាករ វ៉ន​ វីវ៉ា​
រំលឹក​ដែរ​ថា​ កីឡាករ​ វ៉ន​ វីវ៉ា​ ឈប់​ឡើង​ប្រកួត​ប្រហែល​ជាង​៣ឆ្នាំ​មក​ហើយ​ តាំង​តែ​រូប​គេ​រងរបួស​បាក់​​ដៃ​នៅ​សង្វៀន​បាយ័ន​មក​ម្ល៉េះ។​ ប្រកួត​ចុង​ក្រោយ​របស់​គេកាល​ពី​ថ្ងៃ​អាទិត្យ​ ទី៣​ មិថុនា​ ២០១៨​ ចាញ់​ពិន្ទុ​កីឡាករ​ថៃ​នៅ​សង្វៀន​ CNC៕​
By: Sabay