ក្រុមអត្តពលិកកីឡាគុនដាវកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់បេសកកម្មចូលរួមប្រកួតជ្រើសរើស ជើងឯកកីឡាគុនដាវសាកលវិទ្យាល័យអាស៊ី ឲលើកទី១៧ នៅប្រទេសសិង្ហបុរី ដោយនាំមកជាមួយនូវមេដាយ ៥គ្រឿងរួមមានមេដាយប្រាក់១ និងសំរឹទ្ធ៤ ទៀតផង។
បេសកកម្មនេះបានធ្វើឡើងស្របពេលកម្ពុជា កំពុងមមាញឹកជាមួយការប្រកួតកីឡាជាតិលើកទី២ ហើយបានបញ្ចប់ក្នុងថ្ងៃតែមួយពោលគឺនៅល្ងាចថ្ងៃទី០៤ ខែមិថុនាកន្លងទៅ។ ចំពោះសមិទ្ធផលដ៏ល្អប្រសើរសម្រាប់កីឡាគុនដាវកម្ពុជាលើកនេះ មេដាយប្រាក់គឺដណ្ដើមបានលើវិញ្ញាសាបុរសដាវតូចក្រុម រួមមានកីឡាករ ជឹម ធារ៉ា, ឃឹម សាមាន, ថុង តាំងជីន និងកីឡាករ សំ សិទ្ធិបញ្ញា។ ចំណែកមេដាយសំរឹទ្ធ ៤គ្រឿងគឺដណ្ដើមបានលើវិញ្ញាសានារីដាវធំជាក្រុម មានកីឡាការិនី យី លីហ្សា, ជុំ សុវណ្ណារ៉ុង និងកីឡាការិនី រៀម ចាន់ដារ៉ារស្មី, វិញ្ញាសានារីដាវកាប់ជាក្រុម មានកីឡាការិនី យី លីហ្សា, ជុំ សុវណ្ណារ៉ុង និងកីឡាការិនី រៀម ចាន់ដារ៉ារស្មី, វិញ្ញាសាឯកត្តជនដាវធំ និងវិញ្ញាសាក្រុមដាវធំ។
លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍នេះបានធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០២-០៤ ខែមិថុនា ដោយមានក្រុមកីឡាករ-កីឡាការិនីតំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន១៩ ចូលរួមក្នុងនោះក៏មានវត្តមានកីឡាករកម្ពុជា ៦នាក់ និងកីឡាការិនី ៣នាក់ផងដែរ។ ចំពោះលទ្ធផលការប្រកួតទោះបីមិនទទួលបានមេដាយមាស ប៉ុន្តែលោកបានចាត់ទុកនេះគឺជាសមិទ្ធផលដ៏ល្អមួយ សម្រាប់កីឡាគុនដាវកម្ពុជាដែលទើបមានការរីកចម្រើនប្រមាណ ១ឆ្នាំចុងក្រោយ។
លោកបន្តថា ការចូលរួមលើកនេះអ្វីដែលធ្វើឲ្យកម្ពុជា របូតឱកាសឈ្នះមេដាយមាស គឺដោយសារការត្រៀមខ្លួនមិនបានល្អ និងការស្មានខុសរបស់ខ្លួនដែលខុសគោលដៅបន្តិច ព្រោះមានកីឡាករជម្រើសជាតិរបស់សិង្ហបុរី តំណាងឲ្យសាកលវិទ្យាល័យមួយចូលរួម ។ ដោយហេតុនេះទើបធ្វើឲ្យកីឡាករកម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ បន្ទាប់ពីប៉ះកីឡាករជើងខ្លាំងសិង្ហបុរីនៅវគ្គផ្ដាច់ព្រ័ត្រ។ តែយ៉ាងណាលោកបានចាត់ទុកនេះ គឺជាបទពិសោធន៍មួយដ៏ល្អសម្រាប់កម្ពុជា ដើម្បីត្រៀមបន្ដចូលរួមប្រកួតលើឆាកអន្តរជាតិនាពេលក្រោយ៕
Via: BTV
គុនដាវកម្ពុជាដណ្ដើមបានមេដាយកម្រិតអាស៊ី ៥គ្រឿងនៅសិង្ហបុរី
អត្ថបទទាក់ទង