ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ បាន​បញ្ចប់​ដោយ​ជោគជ័យទាំង​ការប្រកួត និង​ការរៀបចំ​ពិធី​បើក​-​បិទ ដែល​ទទួល​បាន​ការ​គាំទ្រ​ពេញទំហឹង​ពី​យុវជន សិស្ស​-​និស្សិត និង​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​ថ្នាក់ដឹកនាំ និង​និស្សិត​របស់​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ដែល​បាន​ចូលរួម​អបអរសាទរ​ទាំង​ពិធី​បើក និង​ពិធី​បិទ ក៏បាន​សម្ដែង​នូវ​មោទនភាព និង​បន្ត​អំពាវនាវ​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​កីឡា​ជាតិ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ ​ក្នុង​ការ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣​ផង​ដែរ។

លោក ពៅ ហុក ប្រតិភូ​កីឡា​របស់​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុបបាន​លើក​ឡើង​ថា កីឡា​ជាតិពិតជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ សម្រាប់​វាស់​ស្ទង់​កម្រិត​សមត្ថភាព​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​ចៅក្រម ពិសេស​គឺ​កីឡាករ​-​កីឡា​ការិនី ដើម្បី​ចម្រាញ់​បាន​នូវ​ធនធាន​អត្ត​ព​លិ​ក​ឆ្នើម សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ លោក​បន្ត​ថា ទោះបី​ការរៀបចំ​នៅ​ខ្វះខាត​បន្តិចបន្តួច​ក្ដី ប៉ុន្តែ​រយៈពេល ៥​ឆ្នាំ​នៅសល់ លោក​ជឿ​ជាក់​ថា ថ្នាក់ដឹកនាំ និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​កីឡា នឹង​ព្យាយាម​កែតម្រូវ​ធ្វើ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ។​ ដោយឡែក​កញ្ញា វណ្ណា សុធា​ល័​ក្ខ និស្សិត​ឆ្នាំ​ទី​១ ផ្នែក​គ្រប់គ្រង​សណ្ឋាគារ និង​ទេសចរណ៍ នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុបបាន​បញ្ជាក់​ថា ក្នុងនាម​យុវជន​-​យុវនារី​របស់​កម្ពុជា ខ្លួន​ពិតជា​រីករាយ​ក្នុង​សកម្មភាព ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​ជាតិ​។ ប៉ុន្តែ​ដោយ​មើល​ឃើញ​កីឡាករ​មួយ​ចំនួន មិនទាន់​ទទួល​បាន​ការគាំទ្រ​ផុស​ផុល​នៅឡើយ កញ្ញា​រូប​ស្រស់​ម្នាក់​នេះបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យបាន​គ្រប់​ប្រភេទ​កីឡា ព្រោះ​នាង​យល់ថា ការចូលរួម​របស់​ប្រជាពលរដ្ឋ គឺជា​កម្លាំង​អភិវឌ្ឍន៍​ដ៏​សំខាន់​ក្នុង​វិស័យ​កីឡា។​

សូម​បញ្ជាក់​ថា កីឡា​ជាតិលើក​ទី​២ ឆ្នាំ​២០១៨ គឺ​មាន​អត្ត​ព​លិ​ក​ជាង ៤,០០០​នាក់​មកពី ២៨​រាជធានី​-​ខេត្ត និង​ក្រសួង​ចូលរួម។ ប៉ុន្តែ​អ្វី​ដែល​ពិសេស​បំផុតគឺ​ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍ ២​ឆ្នាំ​ម្ដងនេះ សុទ្ធតែ​រៀបចំឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត។ ហើយ​អ្វី​ដែល​កាន់​អស្ចារ្យគឺ​ពិធី​បើក ត្រូវ​បាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វ​ព្រះរាជ​ហ​ឬ​ទ័យប្រោស​ព្រះរាជទាន​ភ្លើង​គប់ សម្រាប់​បើក​ការប្រកួត​ផ្លូវការ អម​ដោយ​ការរៀបចំ​នូវ​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​ផង៕
By: BTV