អ្នក​ប្រដាល់​ចាស់​វស្សា​ ឡុង​ សុភី​ ថា​ ជួប​គ្នា​ជា​លើក​ទី៣​ យប់នេះ​ ជា​មួយ​ វ៉ាត់​ ឆារ៉ាឡេក​ នៅ​តែ​សង្ឃឹម​ឈ្នះ​ជា​ថ្មី​ទៀត​ ព្រោះ​ថៃ​ម្នាក់​នេះ​មិន​ជា​ល្អ​អី​ណាស់​ណា​ទេ​ ឃើញ​ស្នៀត​លេច​ធ្លោ​គឺ​ពែជើង​ផ្ដួល។​

ឡុង​ សុភី​ ពេល​ប៉ះ​ជា​មួយ​បរទេស
ឡុង​ សុភី​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ជំនួប​ទី៣​ ឬ​ជំនួប​សងសឹក​របស់​អ្នក​ប្រដាល់​ថៃ​ វ៉ាត់​ ឆារ៉ាឡេក​ យប់នេះ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​នោះ​ មិន​មាន​ការ​ព្រួយបារម្ភ​អី​នោះ​ទេ​ ពោល​គឺ​ប្រកួត​តាម​ធម្មតា​ដូច​មុន​អញ្ចឹង។​ ណា​មួយ​ដៃគូ​ គេ​ធ្លាប់​ចាញ់​ដល់​ទៅ​២ដង​រួច​ទៅ​ហើយ​ ដូច្នេះ​ជឿ​ថា​គេ​ក៏​ញញើត​ខ្លួន​ផង​ដែរ។​

ឡុង​ សុភី ពេល​ឈ្នះ​ វ៉ាត់ឆារ៉ាឡេក ពី​មុន​
ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​ថ្មី​ៗ​រូប​នេះ​បន្ថែម​ថា​ សម្រាប់​ការ​ប្រកួត​នេះ​ដែរ​ អាច​ថា​ក៏​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដែរ​ ហើយ​និយាយ​ពី​រឿង​ដៃគូ​ ពូកែ​ឌឺដង​វិញ​ នេះ​ជា​ចិត្តសាស្រ្ត​របស់​កីឡាករ​ប៉ុណ្ណោះ​ ដូច្នេះ​បើ​គេ​ឌឺ​ ធ្វើ​ឌឺ​ដាក់​គេ​វិញ​ទៅ។​

ឡុង​ សុភី ពេល​ឈ្នះ​ វ៉ាត់ឆារ៉ាឡេក ពី​មុន​
ឡុង​ សុភី​ ជា​ជើង​ខ្លាំង​ចាស់​វស្សា​របស់​កម្ពុជា​ ថ្មីៗ​នេះ​គេ​ទើប​ឈ្នះ​ខ្សែក្រវាត់​ស្រាបៀ​លីអូ​នៅ​សង្វៀន​បាយ័ន​ ហើយ​ទើប​ឈ្នះ​មេដាយ​មាស​ផ្នែក​វ៉ៃ​សកល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២​នេះ​ទៀត​ផង​។ ក្រៅ​ពី​នេះ​ កូន​សិស្ស​លោក​គ្រូ​ សាលវ័ន្ត​ ធ្លាប់​ឈ្នះ​ វ៉ាត់ឆារ៉ាឡេក​ ពីរ​ដង​រួច​មក​ហើយ​ ទាំង​មិត្តភាព​ធម្មតា​ និង​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​កាល​លេងខ្សែក្រវាត់​។​ ម៉ោង​ ៧យប់​នេះ​ អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​ នឹង​ត្រូវ​ប៉ះ​ជា​មួយ​កីឡាករ​ថៃ​ វ៉ាត់​ ឆារ៉ាឡេក​ ជា​លើក​ទី៣​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ៕​
ប្រភពពី: Sabay