លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគណៈកម្មការវិន័យ បានសម្រេចកែប្រែលទ្ធផលឲ្យ សុខ រិទ្ធ ឈ្នះ ហ៊ឹម សេរី និងទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ កន្លងមកនេះវិញ ហើយថែមទាំងផ្តល់ឱកាសឲ្យ សុខ រិទ្ធ ជាប់ជាជម្រើសជាតិ នៅឆ្នាំ២០១៩ទៀតផង។

ការកែប្រែនេះ បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលដឹកនាំដោយលោក តែម ម៉ឺន បានបើកការប្រជុំ និងពិនិត្យមើលឌីសវីដេអូពីការប្រកួតរវាង សុខ រិទ្ធ និង ហ៊ឹម សេរី ឡើងវិញ ហើយក្រោយការពិនិត្យនោះ គណៈកម្មាធិការប្រតិបត្តិមួយក្រុមនេះ បានសម្រេចកែប្រែលទ្ធផលដោយឲ្យ សុខ រិទ្ធ ជាអ្នកឈ្នះ ហ៊ឹម សេរី វិញ គឺខុសពីលទ្ធផលសម្រេចរបស់ចៅក្រមពេលប្រកួតជាក់ស្តែង ដែលផ្តល់ពិន្ទុឲ្យ ហ៊ឹម សេរី ជាអ្នកឈ្នះ និងទទួលបានមេដាយមាស ខណៈ សុខ រិទ្ធ បានមេដាយប្រាក់។

បន្ថែមលើនេះចៅក្រម ៣រូប រួមមានលោក សួន ប៊ុនសូត្រ លោក នួន បូរ៉ា និងលោក ឡឹក ចំណាប់ ដែលបានផ្តល់ពិន័យឲ្យ ហ៊ឹម សេរី ឈ្នះ សុខ រិទ្ធ ៣ទល់២ ទាំងជម្រូសចម្រាស បន្ទាប់ពី សុខ រិទ្ធ បានទម្លាក់មេដាយប្រាក់ចោល នៅមុខគណៈកម្មការ និងមិនព្រមទទួលយកប្រាក់រង្វាន់ ៦០ម៉ឺនរៀល ក្នុងនាមជាអ្នកឈ្នះបានមេដាយប្រាក់នោះ គឺត្រូវបានសហព័ន្ធពិន័យផ្អាកការងារចំនួន ៦ខែ។

តាមការសម្រេចក្នុងអង្គប្រជុំនោះ បានបញ្ជាក់ថា៖ «អង្គប្រជុំ បានសម្រេចជាឯកច្ឆន្ទគាំទ្រឲ្យកីឡាករបង្គោលក្រហម សុខ រិទ្ធ ជាអ្នកឈ្នះដោយពិន្ទុ និងជាប់ជាកីឡាករជម្រើសជាតិ ឆ្នាំ២០១៩។ ចំពោះចៅក្រម ៣រូប ដែលដាក់ពិន្ទុ ដោយមានការភាន់ច្រឡំ និងមិនបានពិនិត្យឲ្យបានម៉ត់ចត់នោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងមានវិធានការរដ្ឋបាល តាមច្បាប់របស់សហព័ន្ធបានកំណត់ ដោយចេញសេចក្តីសម្រេចដាក់ពិន័យ ផ្អាកការងារឲ្យសិក្សារៀនសូត្រកែប្រែឡើងវិញរយៈពេល៦ខែ»។

យ៉ាងណាក៏ដោយ ការកែប្រែលទ្ធផលពីអ្នកចាញ់ ទៅជាអ្នកឈ្នះ ហើយថែមទាំងទទួលបានមេដាយមាស និងប្រាក់រង្វាន់ ក្នុងនាមជាអ្នកឈ្នះមេដាយមាស បានក្លាយជារឿងចម្លែក និងថ្មីបំផុត ដែលមិនធ្លាប់មាន នៅក្នុងពិភពកីឡា ព្រោះច្បាប់កីឡា នៅពេលដែលលទ្ធផលប្រកាសជាផ្លូវការហើយ គេមិនដែលគេប្រែលទ្ធផល ឬដកយកមេដាយពីអ្នកឈ្នះ ឲ្យទៅអ្នកចាញ់នោះទេ បើទោះបីជារកឃើញថា ការប្រកួតនោះ មានភាពមិនយុត្តិធម៌ក៏ដោយ។

ការពិន័យដែលគេធ្វើបាន គឺត្រូវរក្សាលទ្ធផល ដែលបានប្រកាសហួសទៅហើយនោះឲ្យនៅដដែល ឬយ៉ាងហោចណាស់ដកយកមេដាយ ឬពានទៅតម្កល់ទុក ប៉ុន្តែគេពិន័យទៅលើចៅក្រម ឬអាជ្ញាកណ្តាល ដែលបានប្រព្រឹត្តខុសទៅលើការកាត់សេចក្តីនោះ។ ហេតុនេះការសម្រេចកែប្រែរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានក្លាយជារឿងថ្មី ហើយថ្មីទាំងខុសទំនង៕