ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឃុន ឌីម៉ា (ឃីម ឌីម៉ា) បានបង្កើតកំណត់ត្រាថ្មីមួយទៀត ក្នុងអាជីពជាអ្នកប្រដាល់របស់គេ នៅលើទឹកដីប្រទេសបារាំង តាមរយៈការឈ្នះខ្សែក្រវាត់ ក្នុងព្រឹត្តិការណ៍ដ៏ធំRuhu Fight II 2018 ដែលប្រមូលផ្តុំដោយជើងខ្លាំង នៅបារាំង ហើយជើងខ្លាំង ឡៅ ចន្ទ្រា និង ម៉ឺន សុភា ក៏បានយកឈ្នះក្នុងការប្រកួតនោះដែរ ឯ ផាន់ គ្រាន់ បានត្រឹមស្មើពិន្ទុ។

សម្រាប់ការប្រកួតអន្តរជាតិ Rahu Fight II 2018 ដែលត្រូវបានធ្វើឡើង នៅទីក្រុង Bussy St. Georges ប្រទេសបារាំង កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ ឃីម ឌីម៉ា បានយកឈ្នះកីឡាករម្ចាស់ផ្ទះ Vieira Brandon ដោយពិន្ទុ ប៉ុន្តែជ័យជម្នះនេះគឺ ឌីម៉ា ទទួលបានទាំងលំបាកបំផុត។

បើទោះបីជា ឃីម ឌីម៉ា បានយកប្រៀបលើកីឡាករម្ចាស់ផ្ទះ Vieira Brandon នៅទឹកទី១ ទឹកទី២ និងដើមទឹកទី៣ តាមរយៈការធាក់ ទាត់ និងវាយកែងចូលបានពេញៗ ប៉ុន្តែភាពរឹងមាំរបស់ Vieira Brandon ដែលមិនទន់ជ្រាយ ហើយកាន់តែបង្កើនការចូលវាយលុក គ្មានរាថយនោះ បានធ្វើឲ្យ ឃីម ឌីម៉ា មានការធ្លាក់កម្លាំងចុះគួរឲ្យកត់សម្គាល់ ហើយក៏ហាក់ចាញ់បៀបកីឡាករបារាំងម្នាក់នេះ នៅចុងទឹកទី៣ និងទឹកទី៤ ផងដែរ។

ទោះបីជាយ៉ាងណា នៅទឹកទី៥ ឃីម ឌីម៉ា បានជម្នះវាយកែង ចំពោះការចូលវាយលុករបស់ Vieira Brandon បានយ៉ាងល្អ។ បើទោះបីជា ឌីម៉ា ស្រុកកម្លាំងខ្លាំង នៅចុងទឹកនេះ ប៉ុន្តែការវាយចូលបានពេញៗជាង ធ្វើឲ្យចៅក្រមផ្តល់ជ័យជម្នះទៅឲ្យរូបគេ ដើម្បីឈ្នះបានខ្សែក្រវាត់ ជាលើកដំបូង នៅលើទឹកដីប្រទេសបារាំង។ ប៉ុន្តែ Vieira Brandon មិនសូវពេញចិត្ត ចំពោះការសម្រេចឲ្យរូបគេ ចាញ់ពិន្ទុ ឃីម ឌីម៉ា នោះទេ ហើយ ឌីម៉ា ខ្លួនឯង ក៏មិនសូវសប្បាយចិត្តចំពោះការប្រកួតរបស់គេ លើកនេះដូចគ្នា។

សម្រាប់ការប្រកួត នៅយប់ថ្ងៃសៅរ៍នោះដែរ ជើងខ្លាំង ឡៅ ចន្ទ្រា បានយកឈ្នះកីឡាករបារាំង Kassem Yanis ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដែលមានត្រឹម៣ទឹក។ ឡៅ ចន្ទ្រា បានយកឈ្នះ Kassem Yanis ដោយពិន្ទុដាច់ តាមរយៈការបុកជង្គង់ និងវាយកែងរបស់គេ ហើយការបន្ថែមដោយជង្គង់ហោះរបស់គេ នៅចុងទឹកទី ៣ ក៏បានធ្វើឲ្យបារាំងម្នាក់នេះ ចង់គាំងផងដែរ។

ចំណែកអ្នកលេងកណ្តាប់ដៃ ម៉ឺន សុភា បានតស៊ូជាមួយកីឡាករបារាំង Babovin Guillaume យ៉ាងស្វិតស្វាញបំផុត។ ព្រោះបារាំងម្នាក់នេះ មានភាពរឹងមាំ និងមានក្បាច់ជង្គង់ល្អ ហើយបានវាយសម្រុកម៉ឺន សុភា រហូត។ Babovin Guillaume មិនត្រឹមតែមានភាពរឹងមាំនោះទេ ប៉ុន្តែគេថែមទាំងមានក្បាច់ជង្គង់ល្អទៀតផង ទោះយ៉ាងណា ការម៉ាត់ចូលពេញៗរបស់ ម៉ឺន សុភា បានជួយឲ្យរូបគេ ឈ្នះបារាំងម្នាក់នេះ ទាំងលំបាក។

ចំពោះ ផាន់ គ្រាន់ ក៏បានបង្ហាញពីការប្រកួតយ៉ាងស្វិតស្វាញផងដែរ ប៉ុន្តែកីឡាករបារាំង Monteiro Jeremy ដែលជាគូប្រកួតរបស់គេ មានភាពរឹងមាំ និងអាចវាយសងមកវិញ បានគ្រប់ក្បាច់ ហើយនៅទីបំផុត ការវាយប្តូរសងគ្នាទៅវិញទៅមក របស់អ្នកប្រដាល់ទាំង២នេះ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា៕