អង្គភាពកីឡាក្រសួងមហាផ្ទៃ បានសម្រេចបង្កើតព្រឹត្តិការណ៍ប្រកួតថ្មីមួយទៀតឈ្មោះថា «ការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១ ឆ្នាំ២០១៨» ដើម្បីផ្តល់ឱកាសឲ្យប្រភេទកីឡាប្រយុទ្ធចំនួន៥ បានបង្ហាញសមត្ថភាពរួមគ្នា ក្នុងការប្រកួតផ្តាច់ព្រ័ត្រ។

ប្រភេទកីឡា ដែលអង្គភាពកីឡាក្រសួងមហាផ្ទៃ សម្រេចជ្រើសរើសដាក់ឲ្យចូលរួមក្នុងការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះ ដណ្តើមបានសម្តេច ស ខេង ជាលើកដំបូងនេះ រួមមាន កីឡាការ៉ាតេដូ យូដូ វ៉ូវីណាម តេក្វាន់ដូ និងកីឡាហាប់គីដូ។

លោក ជា ប៊ុនហេង ប្រធានអង្គភាពក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ថា៖ «យើងនឹងរៀបចំការប្រកួតកីឡាប្រយុទ្ធសិល្ប៍ចម្រុះ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ដោយមាន៥ប្រភេទកីឡាចូលរួម ក្នុងនោះមានកីឡាការ៉ាតេដូ យូដូ វ៉ូវីណាម តេក្វាន់ដូ និងកីឡាហាប់គីដូ ហើយការប្រកួតនេះត្រូវធ្វើឡើងត្រឹមតែ១ថ្ងៃទេ»។

បើតាមអ្វីដែលលោក ជា ប៊ុនហេង បានរៀបរាប គឺសហព័ន្ធទាំង៥ប្រភេទកីឡាខាងលើនេះ ជាអ្នករៀបចំការប្រកួតនេះដោយផ្ទាល់ ទៅតាមទីតាំងរៀងៗខ្លួន ដើម្បីសម្រិតសម្រាំងយកជើងខ្លាំងតាមប្រភេទកីឡារបស់ខ្លួន មកប្រកួតផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើនៅមជ្ឈមណ្ឌលកីឡាក្រសួងមហាផ្ទៃ ក្នុងពហុកីឡដ្ឋានជាតិ នាថ្ងៃទីសៅរ៍ ទី២៣ ខែមិថុនា ខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង បានបញ្ជាក់ថា៖ «ការរៀបចំការប្រកួតបែបណា វាជារឿងរបស់សហព័ន្ធកីឡាទាំង៥ ប៉ុន្តែរឿងសំខាន់ យើងយកតែអ្នកត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ មកប្រកួតគ្នា ត្រឹម១ថ្ងៃទេ ហើយអ្នកទទួលបានមេដាយ នឹងត្រូវធ្វើការបំពាក់មេដាយ និងប្រគល់ប្រាក់រង្វាន់ នៅល្ងាចថ្ងៃអាទិត្យ ជាមួយអត្តពលិក ដែលដណ្តើមបានមេដាយឲ្យក្រសួងមហាផ្ទៃ ក្នុងការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ កន្លងមកនេះ គឺយើងធ្វើរួមគ្នាតែម្តង ដើម្បីកុំឲ្យខាតពេលច្រើន»៕