ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានធ្វើការរិះគន់ចំៗ វាយបកទៅកាន់ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលថា ការជួយឧបត្ថម្ភរបស់លោក ទៅដល់កីឡាករល្បីៗមួយចំនួនរបស់កម្ពុជា ដើម្បីតែការចំណេញផ្នែកនយោបាយ និងអូសទាញកីឡា ឲ្យចូលទៅក្នុងឆាកនយោបាយ។

ការខ្វែងគំនិតគ្នារវាងមេបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ និងមេប្រដាល់លោក តែម ម៉ឺន បានផ្ទុះឡើង បន្ទាប់ពីលោក ពេជ្រ ស្រស់ មិនបានទៅឧបត្ថម្ភថវិកាដល់ រឿង សោភ័ណ្ឌ ភ្លាមៗ ពេលកីឡាកររូបនេះ ស្ពាយខ្សែក្រវាត់ មកដល់មាតុប្រទេសវិញ កាលពីពេលថ្មីៗនេះ។

ប្រភពផ្សព្វផ្សាយមួយចំនួន បានដកស្រង់សម្តីលោក តែម ម៉ឺន ដើម្បីវាយប្រហារលោក ពេជ្រ ស្រស់ ជុំវិញការមិនផ្តល់ប្រាក់រង្វាន់ចំនួន១៥០០ដុល្លារដល់ រឿង សោភ័ណ្ឌ ភ្លាមៗតាមការសន្យានោះ។ បន្ថែមលើនេះ លោក តែម ម៉ឺន ក៏បាននិយាយបែបចំអក និងរិះគន់ចំពោះសកម្មភាពផ្តល់លុយឧបត្ថម្ភដល់កីឡាកររបស់ លោក ពេជ្រ ស្រស់ ផងដែរ។

លោក តែម ម៉ឺន មានការសង្ស័យថា ការជួបឧបត្ថម្ភរបស់ប្រធានបក្សយុវជនកម្ពុជារូបនេះ អាចជារឿងដើម្បីចំណេញនយោបាយ។ លោកបាននិយាយថា៖ «បញ្ហាប្រធានគណៈបក្សណាមួយ ឧបត្ថម្ភកីឡាណាម្នាក់ ជាសិទ្ធិរបស់គេ ប៉ុន្តែការផ្តល់លុយ ដើម្បីអូសទាញកីឡាករ ទិញទឹកចិត្តបង្ខំឲ្យកីឡាករ ធ្វើតាមអ្វីមួយ ដែលផ្ទុយពីពីច្បាប់កីឡា ឬយកកីឡា ដើម្បីជាឈ្នាន់នយោបាយឃោសនា បោកប្រាស់ គឺខ្ញុំមិនគាំទ្រទេ ហើយកីឡាករមិនគួរនឹងទទួលយកដែរ»។

ការលើកឡើងរបស់លោក តែម ម៉ឺន បានធ្វើឲ្យ ពេជ្រ ស្រស់ មានការប្រតិកម្មយ៉ាងខ្លាំង និងបានរិះគន់វាយបកលោក តែម ម៉ឺន បន្ទាប់ពីលោកបានប្រគល់ប្រាក់រង្វាន់ជូនដល់ រឿង សោភ័ណ្ឌ ថា៖ «ខ្ញុំមិនឧបត្ថម្ភកីឡាក្នុងគោលបំណងអូសទាញកីឡាករឲ្យបោះឆ្នោតឲ្ញុំនោះទេ ហើយក៏ខ្ញុំមិនបានឃោសនា ឬអូសទាញឲ្យកីឡាករណាម្នាក់មកបោះឆ្នោតឲ្យគណៈបក្សយុវជនកម្ពុជា ដែលមានខ្ញុំជាប្រធាននោះទេ ប៉ុន្តែខ្ញុំជួយឧបត្ថម្ភគាំទ្រដល់កីឡាប្រដាល់គុនខ្មែរនេះ គ្រាន់តែជាសិទ្ធិ និងជីវិតឯកជនរបស់ខ្ញុំ គឺអត់មានពាក់ព័ន្ធរឿងនយោបាយនោះទេ»។

លោក ពេជ្រ ស្រស់ បានបន្ថែមថា៖ «មានអ្នកធំមួយចំនួន ហាក់បីដូចវាយតម្លៃទាបមកលើរូបខ្ញុំ ដោយខ្លាចបាត់បង់ផលប្រយោជន៍ ព្រោះពួកគាត់ កំពុងសំងំរកស៊ី ក្នុងសកម្មភាពប្រដាល់ ដែលពេលខ្លះធ្វើឲ្យកីឡាករមានជីវភាពនៅតែក្រីក្រលំបាក ពិសេសនៅពេលរងរបួស ឬគ្រោះថ្នាក់ ក្រោយការប្រកួតនោះលំបាករកលុយព្យាបាលណាស់ គឺទុកឲ្យកីឡាករជិះម៉ូតូទៅពេទ្យដោយខ្លួនឯង ទាំងវេទនាគ្មានឡានពេទ្យជូនគ្នា ដែលរងគ្រោះ»។

ប្រធានបក្សវ័យក្មេងរូបនេះ បានបញ្ជាក់ថា៖«ថ្នាក់ដឹកនាំមានឡានទំនើប លុយចាយហូរហៀ ហើយអ្នកធំមួយចំនួន អត់ទៅធ្វើការក៏មានលុយរបប ចំណែកកីឡាករឡើងវ៉ៃបែកឈាម បាក់ដៃ បានលុយតិចតួច និងមានជីវភាពក្រលំបាកវេទនា ខណៈក្លិបខ្លះរកតែបាយឲ្យកីឡាករហូបមិនចង់បានផង»៕