ការប្រកួតជើងឯកលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៨បានចប់ជើងទី១ហើយ បន្ទាប់ពីដំណើរការប្រកួតអស់១១សប្តាហ៍។ ការប្រកួតជើងឯកជាតិរដូវកាលនេះមានភាពស្វិតស្វាញខ្លាំងដោយក្រុមនីមួយៗសុទ្ធតែរៀបចំក្រុមបានល្អ សូម្បីសមាជិកថ្មីក៏ឡើងជើងខ្លាំងគួរឲ្យកត់សំគាល់។ ១១សប្តាហ៍កន្លងទៅនេះមានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយចំនួនមុនពេលជើងទី២ចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
ការប្រកួតរវាងបឹងកេត និងណាហ្គាវើល
១. គ្រាប់បាល់
យោងតាមតារាងចំណាត់ថ្នាក់បញ្ចប់ជើងទី១ដែលចេញផ្សាយដោយផេក Metfone Cambodian League បង្ហាញថា ការប្រកួត១១សប្តាហ៍កន្លងទៅនេះមានគ្រាប់បាល់ចំនួន២៣៥គ្រាប់។ ណាហ្គាវើលរកគ្រាប់បាល់បានច្រើនជាងគេគឺរហូតដល់៣៤គ្រាប់ ហើយគេស៊ុតចូលតែ១១គ្រាប់ប៉ុណ្ណោះ។ ចំណែកក្រុមបាតតារាង វេស្ទើនភ្នំពេញ ស៊ុតចូលគូប្រកួតបានតែ៤គ្រាប់ប៉ុណ្ណោះដែលក្លាយជាក្រុមស៊ុតចូលគេតិចបំផុត ប៉ុន្តែត្រូវគូប្រកួតសុទ្ធចូលរហូតដល់៥៣គ្រាប់ដែលក្លាយជាក្រុមគេស៊ុតចូលច្រើនបំផុត។
ការប្រកួតរវាងភ្នំពេញក្រោន និងសូទីលូអង្គរ
២. កីឡាកររកបានគ្រាប់បាល់ច្រើន
ជើងទី១កន្លងផុតទៅ កីឡាករបរទេស៨នាក់ស្ថិតក្នុងចំណោមកីឡាករ១០នាក់ដែលរកបានគ្រាប់បាល់ច្រើនជាងគេ។
កីឡាករ Privat (រូបថត សហព័ន្ធបាល់ទាត់កម្ពុជា)
ខ្សែប្រយុទ្ធអាស៊ីអឺរ៉ុប Privat ស្ថិតនៅលើគេដោយរកបាន១៦គ្រាប់
សមាជិកណាហ្គាវើល Bisan George រកបាន១៣គ្រាប់
សមាជិកបឹងកេត Oiboh Julius និង Maycon Calijuri រកបាន៩គ្រាប់ដូចគ្នា
កីឡាករវិសាខា Choe Myong-ho និងកីឡាករស្វាយរៀង Trevin Caesar រកបាន៨គ្រាប់ដូចគ្នា
កីឡាករ Dzama Bata របស់សូទីលូអង្គរ Shane Booysen របស់ស្វាយរៀង និង Matew Osa របស់ណាហ្គាវើលរកបាន៧គ្រាប់ដូចគ្នា
កីឡាករកម្ពុជារបស់វិសាខា សាន គឹមហេង និងសមាជិកក្រសួងការពារជាតិ រ៉ឹង ប៊ុនហៀងរកបាន៦គ្រាប់ម្នាក់
៣. ការប្រកួតមានគ្រាប់បាល់ច្រើន
ការប្រកួតដែលមានគ្រាប់បាល់ច្រើនជាងគេគឺណាហ្គាវើលឈ្នះវេស្ទើនភ្នំពេញដោយលទ្ធផល ១០-១។ ក្រសួងការពារជាតិឈ្នះវេស្ទើនភ្នំពេញ ៨-០ ក្នុងសប្តាហ៍ទី៤ និងព្រះខ័នរាជស្វាយរៀងក៏ឈ្នះវេស្ទើនភ្នំពេញ ៨-០ ក្នុងសប្តាហ៍ទី១១ ដូច្នេះក្រសួងការពារជាតិ និងព្រះខ័នរាជស្វាយរៀងធ្វើបាន Clean Sheet ដែលមានគ្រាប់បាល់ស៊ុតចូលគូប្រកួតច្រើនបំផុត។
ក្រុមក្រសួងការពារជាតិ
៤. ក្រុមបរាជ័យទាំង១១ប្រកួត
ការប្រកួត១១សប្តាហ៍នៃជើងទី១កន្លងទៅ វេស្ទើនភ្នំពេញជាក្រុមដែលយ៉ាប់ជាងគេគឺមិនធ្លាប់ឈ្នះ និងមិនធ្លាប់ស្មើ ប៉ុន្តែចាញ់ទាំង១១ប្រកួតដែលកំពុងស្ថិតនៅបាតតារាងជាតំបន់កាត់ទៅលេងពានលំដាប់ទី២។
ក្រុមវេស្ទើនភ្នំពេញ
៥. ការពិន័យ
ការពិន័យបានកើតឡើងចំនួនក្នុងការប្រកួតជើងទី១កន្លងទៅនេះ។ ការពិន័យគួរឲ្យកត់សំគាល់ដូចជាគ្រូបង្គោលក្រសួងការពារជាតិ ភា សុភ័ត្ត្រា ត្រូវបានពិន័យមិនឲ្យចូលរួម៣ប្រកួត។ ការប៉ះទង្គិចគ្នារវាងក្រសួងការពារជាតិ និងព្រះខ័នរាជស្វាយរៀងត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាដាក់ពិន័យកីឡាករស្វាយរៀង៨នាក់ ៧នាក់ និងគ្រូជំនួយម្នាក់។ កីឡាករស្វាយរៀង៥នាក់ ត្រូវជាប់ពិន័យ៣ខែ មិនឱ្យចូលលេងបាល់ឡើយ។ ចំណែកក្រសួងការពារជាតិបានពិន័យបញ្ចប់កុងត្រាកូរ៉េខាងត្បូង Song Chi-hun និងពិន័យកាត់ប្រាក់ខែ Yudai Ogawa ចំនួន២ខែ។
ការប្រកាសដាក់វិន័យ
៦. ការដោះដូរកីឡាករ
គិតរហូតដល់ពេលនេះក្លឹបលីគកម្ពុជាមានការដោះដូរ និងនាំចូលសមាជិកថ្មីមួយចំនួនហើយដើម្បីត្រៀមខ្លួនសម្រាប់ជើងទី២។ សមាជិកក្លឹបថ្មី វិសាខា បាននាំចូលសមាជិក២នាក់ដែលសុទ្ធតែមានបទពិសោធច្រើនគឺ សុខ សុវណ្ណ និង កែវ សុខផេង។ ក្លឹបអ្នកមានភ្នំពេញក្រោនបាននាំចូលសមាជិកថ្មីសញ្ជាតិប្រេស៊ីល Valci Teixeira Júnior។ ចំពោះក្លឹបការពារតំណែងជើងឯកឆ្នាំចាស់ បឹងកេត ក៏ទើបបន្ថែមខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និងបញ្ចូលយុវជនជាច្រើននាក់ចូលក្រុមធំ ប៉ុន្តែចប់ជើងទី២ភ្លាម អ្នកចាំទីបទពិសោធច្រើន ស៊ូ យ៉ាទីត្រូវបានប្រកាសចាកចេញពីបឹងកេត ដើម្បីចូលរួមជាមួយ ណាហ្គាវើល។
ចាន់ វឌ្ឍនាកា
អ្នកចាំទី ស៊ូ យ៉ាទី
Via :news.sabay