លោក សាន សុក្រិត គ្រូបង្វឹកក្រុមបាល់ទះវិសាខាកំពុងមានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះទៅលើក្រុម Rachanavi សម្រាប់ជំនួបវេលាម៉ោង ១២:០០នាទីរសៀលនេះ ក្រោយពេលឃើញក្រុមរបស់ថៃមួយនេះវៃចាញ់ក្រុមថៃដូចគ្នា Air Force ៣-០ ម្សិលមិញ ក្នុងព្រឹត្តិការណ៍ពានបាល់ទះកម្រិត A ដែលរៀបចំឡើងនៅទឹកដីថៃ។
ក្រុមវិសាខា ហាត់នៅថៃ
គ្រូបង្វឹករូបនេះបានឲ្យដឹងថា ដៃគូល្ងាចនេះមានចំណុចខ្វះខាតពីរចំណុចគឺបាំង និងបាល់ត្រង់ចំណុចកណ្ដាល។ ប៉ុន្តែដៃប៉ះសេរបស់ក្រុមនេះល្អខ្លាំង ស្របពេលបច្ចេកទេសល្អគួរសម ហើយបើប្រៀបធៀបមកកាន់ក្រុមវិសាខា លោកយល់ថា ក្រុមរបស់កម្ពុជាហាក់ល្អជាង។
ជាមួយក្ដីសង្ឃឹមនេះលោកក៏មិនភ្លេចរាល់ចំណុចខ្វះខាតរបស់ខ្លួនផងដែរ ហើយនឹងប្រឹងប្រែងធ្វើយ៉ាងណាធ្វើឲ្យកីឡាករមានឆន្ទៈនៃការលេងឲ្យបានខ្ពស់បំផុត។ ចំណែកកីឡាករវិញគ្មានបញ្ហារបួសអ្វីសំខាន់ទេ ពោលគឺតិចតួចប៉ុណ្ណោះ បើគិតតាំងពីថ្ងៃមកដល់ថៃរហូតមកដល់បច្ចុប្បន្ន។
ក្រៅពីគូរវាង Rachanavi និង Air Force មានមួយគូទៀតដែលបានប្រកួតម្សិលមិញគឺក្រុម Amy បានយកឈ្នះទៅលើក្រុម Saraburi ៣-០។ ចំណែកម៉ោង ២ រសៀលនេះនៅមានមួយគូទៀតគឺ Air Force ប៉ះ Saraburi ផងដែរ៕
Via :news.sabay