ក្រុមអ្នកលេងសាច់ដុំរបស់កម្ពុជា បានឈ្នះមេដាយមាស៣ និងប្រាក់២ ក្នុងការប្រកួតបើកឆាក កីឡាកាយវប្បកម្មជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៥ ឆ្នាំ២០១៨ (15th South East Asian Bodybuilding & Physique Sports Championships and Congress) នៅសណ្ឋាគារសុខាល័យអង្គរ ក្រុងសៀមរាប កាលពីថ្ងៃពុធ ម្សិលមិញ។

បើតាមលទ្ធផល ដែលទទួលបានកាលពីយប់ម៉ោង៨ ថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា នៅក្នុងការប្រកួតចំនួន៨វិញ្ញាសា កាលពីថ្ងៃពុធនោះ កីឡាករកម្ពុជា សំបូរ សោភ័ណ្ឌ (Sambo Suphorn) បានឈ្នះមេដាយមាស ក្នុងការបង្ហាញសាច់ដុំលើវិញ្ញាសា Men’s Sports Physique up to 170cm ហើយកីឡាករ កែវ សំណាង (Keo Samnang) បានឈ្នះមេដាយមាសលើវិញ្ញាសា Men’s Athletic Physique over 175cm ។

ចំណែកកីឡាករកម្ពុជា នុម សំប៊ីន (Nom Sobin) បានឈ្នះមេដាយមាសលើវិញ្ញាសាបង្ហាញសាច់ដុំ Men’s Athletic Physique up to 170cm។ រីឯកីឡាករកម្ពុជា ឆេង ចាន់កក្កដា (Chheng Chan Kakada) បានឈ្នះមេដាយប្រាក់ លើវិញ្ញាសា Men’s Sports Physique up to 165cm ហើយកីឡាករ ទ្រីង ចាន់ (Tring Chan) បានឈ្នះមេដាយប្រាក់លើវិញ្ញាសា Men’s Sports Physique over 175cm។

ចំណែកនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមកីឡាករ កីឡាការិនីរបស់កម្ពុជា មួយចំនួនទៀត នឹងត្រូវធ្វើការប្រកួតប្រជែង តាមរយៈការបង្ហាញសាច់ដុំ ជាមួយអត្តពលិកមកពី៧ប្រទេសផ្សេងទៀតមាន វៀតណាម ថៃ សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈព្រឹត្តិការណ៍នេះ នឹងបញ្ចប់នៅថ្ងៃសុក្រ ស្អែកនេះ ដោយមានការប្រកួតសរុបចំនួន២០វិញ្ញាសា និងមានអត្តពលិកចូលរួមសរុបចំនួន១២០នាក់៕