ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសពីការចែកផ្លូវជាមួយកីឡាករបរទេស ៣នាក់ ដែលបានលេងឲ្យក្លិប ក្នុងការប្រកួតជើងទី១ នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៨ កន្លងមកនេះ ប៉ុន្តែក្លិបមួយនេះបាននាំយកកីឡាករបរទេស ២នាក់វិញ រួមជាមួយខ្សែបម្រើប្រយុទ្ធជើងចាស់ ប្រាក់ មុន្នីឧត្តម ដើម្បីជួយក្លិប ក្នុងការប្រកួតជើងទី២ ខាងមុខនេះ។

ក្លិបស្វាយរៀង បានចែកផ្លូវជាមួយកីឡាករ Trevin Ceaser, Shane Booysen និង Hyun Whoo ប៉ុន្តែបាននាំចូលមកវិញនៅកីឡាករជនជាតិប្រេស៊ីល Sergio Barboza និងកីឡាករសញ្ជាតិអង់គ្លេស Willard ហើយ Willard កីឡាករដែលអាចមានសមត្ថភាពខ្លាំង ព្រោះរូបគេធ្លាប់ជាថ្នាលយុវជនរបស់ក្រុម Arsenal និង Southampton ផងដែរ។

បន្ថែមលើនេះខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ដែលទើបវិលមកពីលេងនៅលីកកំពូលម៉ាឡេស៊ីក្រោយក្លិប Negeri Sembilan បញ្ចប់កុងត្រានោះ ក៏វិលមកចូលរួមជួយក្លិបស្វាយរៀង សម្រាប់ការប្រកួតជើងទី២នេះផងដែរ ហើយការប្រកាសពីការដោះដូរកីឡាករនេះ ត្រូវបានក្លិបស្វាយរៀង ធ្វើឡើងក្នុងសន្និសីទកាសែត ក្នុងថ្ងៃសុក្រនេះ។

លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានថ្លែងក្នុងសន្និសីទកាសែតនោះថាក្លិបបានចែកផ្លូវគ្នាជាមួយ Trevin Ceaser, Shane Booysen និង Hyun Whoo ហើយ ហេតុនេះវត្តមានកីឡាករថ្មី ប្រាក់ មុន្នីឧត្តម Willard និង Barboza នឹងមកចូលរួមជួយក្រុមវិញម្ដង ក្នុងការប្រកួតជើងទី២។

លោក Conor Nestor ហាក់មានការជឿជាក់ថា កីឡាករបរទេសចំណូលថ្មីទាំង២នាក់នេះ រួមទាំង ប្រាក់ មុន្នីឧត្តម នឹងជួយឲ្យក្រុមស្វាយរៀង ទទួលបានលទ្ធផលល្អជាងការប្រកួតជើងទី១។ លោកបាននិយាយថា៖«កីឡាករបរទេសថ្មីទាំង២នាក់នេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលលេងក្រុមស្វាយរៀង ខណៈ ប្រាក់ មុន្នីឧត្តម បងប្អូនអ្នកគាំទ្របានស្គាល់ច្បាស់ពីសមត្ថភាពរបស់គាត់ហើយ អ៊ីចឹងកីឡាករទាំង៣នាក់នេះ នឹងជួយក្រុមបានច្រើន ក្នុងការប្រកួតជើងទី២នេះ»។

គួរបញ្ជាក់ថា តាមរយៈការប្រកួតជើងទី១ លីកកំពូលកម្ពុជា ឆ្នាំ២០១៨ កន្លងមកនេះ ក្រុមស្វាយរៀង ទទួលបានលទ្ធផលមិនសូវល្អទេ ដោយក្រុមមួយនេះបានឈ្នះត្រឹម៤ដង ស្មើ២ និងចាញ់រហូតដល់៥ដង ហើយកំពុងឈរនៅលេខរៀងទី៨ ដោយមានត្រឹម១៤ពិន្ទុ គឺឃ្លាតឆ្ងាយពីតំបន់លេខ១តែម្តង៕