ការប្រកួតជើងទី២នៃក្របខណ្ឌបាល់ទាត់ជើងឯកជាតិនឹងចាប់ផ្តើមថ្ងៃសៅរ៍ទី៣០ ខែមិថុនានេះហើយ ខណៈក្រុមខ្លាំងៗមួយចំនួនបានត្រៀមខ្លួន និងផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយចំនួនដើម្បីប្រជែងឆ្ពោះទៅគ្រងជើងឯក។
១-វិសាខា
កីឡាករ កែវ សុខផេង (ឆ្វេងទី១) និង សុខ សុវណ្ណ (ស្តាំទី១)
សមាជិកថ្មីសន្លាង វិសាខា ទទួលបានការចាប់អារម្មណ៍ជាងគេក្នុងការត្រៀមខ្លួនសម្រាប់ជើងទី២ បើទោះជាជើងទី១ធ្វើបានយ៉ាងល្អក៏ដោយ។ វិសាខាបាននាំចូលសមាជិកថ្មីសុទ្ធតែមានបទពិសោធច្រើនគឺ ខ្សែការពារ សុខ សុវណ្ណ ពីបឹងកេត និងខ្សែបម្រើ កែវ សុខផេង ដែលទំនេរ បន្ទាប់ពីចាកចេញពីលីគម៉ាឡេស៊ី។ ចុងក្រោយបំផុត វិសាខានាំចូលខ្សែបម្រើកណ្តាលជម្រើសជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ទិត្យ ឌីណា។
២-បឹងកេត
កីឡាករ ចាន់ វឌ្ឍនាកា
ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ បឹងកេត កំពុងឈរលើកំពូលតារាង បន្ទាប់ពីចប់ជើងទី១ ប៉ុន្តែក្រុមមួយនេះមិនបង្អង់ត្រឹមនេះឡើយ។ ពួកគេបានចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា អតីតកីឡាកររបស់ខ្លួន បន្ទាប់ពីកីឡាកររូបនេះត្រូវបានបញ្ចប់កុងត្រានៅក្លឹប Pahang FA របស់ម៉ាឡេស៊ី។ ជាមួយគ្នានេះក៏នាំចូលខ្សែប្រយុទ្ធ កែ វណ្ណៈ និងអ្នកចាំទី យុគ អារី ព្រមទាំងបញ្ចូលយុវជនមួយចំនួនចូលក្រុមធំ។ យ៉ាងណា បឹងកេតបានបញ្ចេញអ្នកចាំទីបទពិសោធច្រើន ស៊ូ យ៉ាទី។
៣-ណាហ្គាវើល
អ្នកចាំទី ស៊ូ យ៉ាទី
និយាយពីណាហ្គាវើលវិញក៏មិនធម្មតាដែរក្នុងត្រៀមខ្លួនគឺយកអ្នកចាំទីជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី ពីបឹងកេតដើម្បីឲ្យជើងទី២កាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ណាហ្គាវើលបានចុះកុងត្រាយកកីឡាករកូរ៉េខាងត្បូង Song Chi-hoon ដែលមានបទពិសោធច្រើននៅពាន K-League Challenge ដែលជាក្របខណ្ឌទី២របស់កូរ៉េខាងត្បូង។
៤-ព្រះខ័នរាជស្វាយរៀង
កីឡាករ Sergio Barboza ប្រាក់ មុន្នីឧត្តម និង Willard
ក្លឹបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះធ្វើមិនសូវបានល្អឡើយកាលពីជើងទី១ក្នុងនោះកីឡាករបរទេសមិនសូវមានប្រសិទ្ធភាពនៅតំបន់ជួរមុខ ហើយកីឡាករក្នុងស្រុកជាប់ពិន័យចំនួនថែមទៀត។ កាលពីព្រឹកថ្ងៃសុក្រ ទី២៩ មិថុនា ព្រះខ័នរាជស្វាយរៀងបានប្រកាសចែកផ្លូវជាមួយកីឡាករបរទេស៣នាក់គឺ Trevin Ceaser, Shane Booysen និង Hyun Whoo។
យ៉ាងណា នៅថ្ងៃសុក្រដដែលនោះ ស្វាយរៀងបានប្រកាសចុះកុងត្រាកីឡាករថ្មី៣នាក់សុទ្ធតែជាកីឡាករលេងតំបន់ជួរមុខគឺ អតីតកីឡាកររបស់ខ្លួន ប្រាក់ មុន្នីឧត្តម បន្ទាប់ត្រឡប់មកពីលីគកំពូលម៉ាឡេស៊ី។ កីឡាករសញ្ជាតិប្រេស៊ីល Sergio Barboza ធ្លាប់លេងក្លឹប Master 7 FC នៅលីគរបស់ឡាវ និងកីឡាករអង់គ្លេស Willard ជាអតីតយុវជនរបស់ Arsenal និង Southampton ។
៦-ភ្នំពេញក្រោន
កីឡាករ Valci Teixeira (រូបថត៖ ភ្នំពេញក្រោន)
តំបន់ប្រយុទ្ធរបស់ភ្នំពេញក្រោនមិនសូវមានប្រសិទ្ធភាពប៉ុន្មានកាលពីជើងទី១ ដូច្នេះច្បាស់ណាស់ក្រុមមួយនេះត្រូវពង្រឹងតំបន់ជួរមុខ។ ភ្នំពេញក្រោនបានចុះកុងត្រាយកខ្សែប្រយុទ្ធប្រេស៊ីល Valci Teixeira Júnior អាយុ៣១ឆ្នាំដែលមានបទពិសោធច្រើនក្នុងនោះធ្លាប់លេងនៅក្លឹប Sisaket , Krabi , Bangkok និងក្រុម Samut Sakhon ជាដើម។
ចាំមើលសប្តាហ៍ទី១២នៃជើងទី២ ក្រុមណាធ្វើបានល្អជាងគេ?
ការប្រកួតជើងទី២ សប្តាហ៍ទី១២
សូទីលូអង្គរ vs ភ្នំពេញក្រោន ម៉ោង៣:៣០នាទីរសៀក ថ្ងៃទី៣០ មិថុនា នៅសៀមរាប
ព្រះខ័នរាជស្វាយរៀង vs ណាហ្គាវើល ម៉ោង៦ល្ងាច ថ្ងៃទី៣០ មិថុនា នៅកីឡដ្ឋានស្វាយរៀង
បឹងកេត vs អាស៊ីអឺរ៉ុប ម៉ោង៦ល្ងាច ថ្ងៃទី៣០ មិថុនា នៅពហុកីឡដ្ឋានជាតិ
អគ្គិសនីកម្ពុជា vs វិសាខា ម៉ោង៣រសៀល ថ្ងៃទី១ កក្កដា នៅកីឡដ្ឋាន EDC
វេស្ទើនភ្នំពេញ vs ប៉ូលិស ម៉ោង៣រសៀល ថ្ងៃទី១ កក្កដា នៅកីឡដ្ឋានវេស្ទើន
ក្រសួងការពារជាតិ vs អង្គរថាយហ្គឺរ ម៉ោង៦ល្ងាចនៅស្តាតចាស់
Via: Sabay