ក្របខ័ណ្ឌលីកកំពូលកម្ពុជា ឆ្នាំ២០១៨ នឹងត្រូវបើកការប្រកួតជើងទី២ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ដោយគ្មានការឈប់សម្រាកនោះទេ ហើយកីឡាករជម្រើសជាតិឆ្នើមទាំង៣ របស់កម្ពុជារួមមាន ចាន់ វឌ្ឍនាកា, កែវ សុខផេង និង ប្រាក់ មុន្នីឧត្តម បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការវិលមកបង្ហាញសមត្ថភាពជាថ្មី លើទឹកដីខ្លួនឯង។
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា, កែវ សុខផេង និង ប្រាក់ មុន្នីឧត្តម ដែលទើបត្រឡប់មកលេងនៅលីកកំពូលម៉ាឡេស៊ី ក្នុងជើងទី១នោះ សុទ្ធតែបានសម្រេចលេងនៅក្នុងប្រទេសវិញ។ ចាន់ វឌ្ឍនាកា បានវិលមកលេងឲ្យក្លិបបឹងកេតវិញ ហើយ ប្រាក់ មុន្នីឧត្តម ក៏បានចូលមកលេងឲ្យក្លិបចាស់របស់ខ្លួន គឺព្រះខ័នរាជស្វាយរៀង ផងដែរ។ ប៉ុន្តែ កែវ សុខផេង មិនបានចូលលេងឲ្យក្លិបភ្នំពេញក្រោន វិញទេគឺគេបានទៅលេងឲ្យក្លិបវិសាខាវិញ។
ការវិលមកត្រឡប់មកលេងនៅក្នុងប្រទេសវិញរបស់កីឡាករមានប្រជាប្រិយភាពទាំង៣នាក់ខាងលើនេះ អាចនឹងទាក់ទាញអ្នកគាំទ្រឲ្យងាកមកចាប់អារម្មណ៍ និងចូលរួមការប្រកួតជើងទី២ លីកកំពូលកម្ពុជា ខាងមុខនេះ ខណៈការប្រកួតជើងទី១កន្លងមកនេះ មិនសូវទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រនោះទេ។
ជាមួយគ្នានេះកីឡាករមានសមត្ថភាព និងប្រជាប្រិយមួយចំនួនទៀត ក៏បានផ្លាស់ប្តូរទ្រនំថ្មី ក្នុងការប្រកួតជើងទី២នេះដែរ ដោយក្នុងនោះអ្នកចាំទី ស៊ូ យ៉ាទី និងខ្សែការពារ សុខ សុវណ្ណ សុទ្ធតែឈប់ពីក្លិបបឹងកេត។ យ៉ាទី បានទៅរួមរស់ជាមួយក្លិបណាហ្គាវើល ឯ សុខ សុវណ្ណ បានទៅលេងឲ្យក្លិបវិសាខាវិញ ហើយខ្សែបម្រើ ទិត្យ ឌីណា របស់ក្រុមប៉ូលិស ក៏បានទៅចូលរួមលេងឲ្យក្លិបវិសាខា ដែរ។
បន្ថែមលើនេះក្លិបក្រសួងការពារជាតិ (ទ័ព) និងក្លិបព្រះខ័នរាជស្វាយរៀង សុទ្ធតែបានបន្ថែមកីឡាករបរទេសមកជួបក្រុម ក្នុងការប្រកួតជើងទី២នេះ។ ទ័ព បានបន្ថែមកីឡាករបរទេស២នាក់ ដើម្បីឲ្យលេងជាមួយកីឡាករកូរ៉េខាងត្បូង Na Hyo-sang, Yoo Jae-ho និងជប៉ុន Yudai Ogawa រីឯស្វាយរៀង បាននាំចូលកីឡាករប្រេស៊ីល Sergio Barboza និងកីឡាករសញ្ជាតិអង់គ្លេស Willard ឲ្យលេងជាមួយ ប្រាក់ មុន្នីឧត្តម ប៉ុន្តែក្លិបនេះបានសម្រេចបញ្ចប់កុងត្រាជាមួយកីឡាករឆ្នើម Shane Booysen, Trevin Ceaser និង Hyun Whoo។
ក្រុមទ័ព និងស្វាយរៀង សុទ្ធតែបានដាក់គោលដៅប្រជែងយកលទ្ធផលឲ្យបានប្រសើរជាងការប្រកួតជើងទី១ ប៉ុន្តែក្រុមឈរនៅកំពូលតារាងបឹងកេត ក្រុមលេខ២ ណាហ្គាវើល និងក្រុមឈរនៅលេខ៣ វិសាខា សុទ្ធតែមានការរំពឹងខ្ពស់ក្នុងការពង្រឹងគុណភាពលេង ដើម្បីប្រជែងយកលេង១ ហើយការប្តេជ្ញាចិត្តរបស់ក្រុមធំៗនេះ វានឹងធ្វើឲ្យការប្រកួតជើងទី២នេះ កាន់តែមានភាពស្វិតស្វាញខ្លាំង។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតបើកឆាកជើងទី២ ចុងសប្តាហ៍នេះ បឹងកេត និងណាហ្គាវើល សុទ្ធតែប្រឈមការប្រកួត ដែលមានភាពតានតឹងដូចគ្នា ព្រោះណាហ្គាវើល ត្រូវប៉ះក្រុមស្វាយរៀង ដែលពួកគេធ្លាប់ស្មើ ០-០ ឯបឹងកេត ជួបក្រុមអាស៊ីអឺរ៉ុប ដែលពួកគេបានយកឈ្នះ ៤-៣ ទាំងលំបាក ក្នុងជើងទី១។ ប៉ុន្តែក្រុមឈរនៅលេខ៣ ទ័ព និងវិសាខា អាចនឹងដណ្តើមបាន៣ពិន្ទុបន្ថែម ព្រោះលើកនេះពួកគេត្រូវជួបជួបក្រុមអគ្គិសនីកម្ពុជា និងអង្គរថាយហ្គឺរ ដែលពួកគេធ្លាប់ឈ្នះក្នុងជើងទី១៕
លីកកំពូលកម្ពុជា ជើងទី២ ប្រកួតថ្ងៃនេះ ឯកីឡាករឆ្នើមទាំង៣ ត្រៀមរួចរាល់ ក្នុងការបង្ហាញសមត្ថភាព
អត្ថបទទាក់ទង