នៅបំផុត ក្រុមជម្រើសជាតិនារីកម្ពុជា ដែលធ្លាប់លត់ក្រុមនារីទីម័រខាងកើត ១២-០ ដើម្បីបង្កើតប្រវត្តិសាស្រ្តថ្មី ក្នុងការប្រកួតពានរង្វាន់ AFF WOMEN’S Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី គឺការពីម្សិលមិញ បានស្គាល់ភាពជូរចត់ ចំពោះការចាញ់លើសពី១០គ្រាប់ដូចក្រុមទីម័រ វិញហើយ។

បើទោះបីជាក្រុមនារីជម្រើសជាតិថៃ បានយកឈ្នះក្រុមនារីទីម័រខាងកើត ៨-០ គឺតិចជាងក្រុមនារីកម្ពុជា ប៉ុន្តែសម្រាប់ការវិលមកជួបគ្នារវាងក្រុមទាំង២ នៅកីឡដ្ឋាន Bumi Sriwijaya របស់ឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ ក្រុមនារីថៃ បានលត់ក្រុមនារីកម្ពុជា រហូតដល់ ១១-០។

ការយកឈ្នះលើក្រុមនារីកម្ពុជា យ៉ាងធំធេងនេះ បានជួយឲ្យក្រុមនារីថៃ មាន៦ពិន្ទុ និងមានភាគរយច្រើនបំផុត ក្នុងការទទួលបានឱកាសឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តំណាងឲ្យពូលA បើទោះបីជាពួកគេ នៅសល់២ប្រកួតទៀតក៏ដោយ។

ផ្ទុយពីនេះ ក្រុមនារីកម្ពុជា ដែលបានចាញ់ក្រុមនារីម៉ាឡេស៊ី ៤-០ មុនពេលមកចាញ់ក្រុមថៃ ១១-០ នេះគឺគេចមិនផុតពីការធ្លាក់ចេញពីការប្រកួតនេះនោះទេ ព្រោះការមាន៣ពិន្ទុជាមួយការឈ្នះ១ និងចាញ់២ប្រកួត វាមិនអាចផ្តល់ក្តីសង្ឃឹមសម្រាប់ក្រុមរបស់កម្ពុជាមួយនេះ ក្នុងការទៅប្រជែងយក៣ពិន្ទុពីក្រុមនារីអូស្រ្តាលី នាជំនួបចុងក្រោយនោះទេ ព្រោះក្រុមU20របស់អូស្រ្តាលី មានកម្រិតលេងមិនចាញ់ក្រុមនារីថៃនោះទេ៕