ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) មិនអាចប្រើឆន្ទៈ និងកម្លាំងចិត្ត ដែលកើតចេញពីការយកឈ្នះក្រុមប្រ៊ុយណេ ដើម្បីយកឈ្នះក្រុមម្ចាស់ជើងឯករង ៥សម័យកាល ម៉ាឡេស៊ី លុបបំបាត់កំណត់ត្រាចាស់ នាជំនួបកាលពីអតីតកាល ក្នុងពានរង្វាន់ AFF U19 Championship បាននោះទេ។

សម្រាប់ការប្រកួតជម្រុះលើកទី២ប្រចាំពូលBនៃពានរង្វាន់ AFF U19 Championship 2018 កាលពីល្ងាចថ្ងៃពុធ ម្សិលមិញនោះ ក្រុម U19 កម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការវាយលុកទៅលើក្រុម U19 ម៉ាឡេស៊ី ដើម្បីស្វែងរកលទ្ធផលដ៏ល្អប្រសើរមួយ ដូចពួកគេបានលត់ក្រុម U19 ប្រ៊ុយណេ ៥-០ កាលពីថ្ងៃចន្ទ។

ប៉ុន្តែការព្យាយាមវាយសម្រុករបស់ក្រុម U19 កម្ពុជា មិនអាចទម្លុះរវាងការពារយ៉ាងរឹងមាំរបស់ក្រុមម៉ាឡេស៊ី បាននោះទេ។ អារម្មណ៍សោកស្តាយ បានកើតមានឡើងជាបន្តបន្ទាប់ ខណៈការព្យាយាមរបស់ពួកគេ រកមិនបានលទ្ធផល ផ្ទុយពីនេះ ការវាយបកសងវិញលឿនរបស់ក្រុមម៉ាឡេស៊ី បែរជាអាចបានស៊ុតទម្លុះសំណាញ់ទីរបស់កម្ពុជាបាន ២ គ្រាប់ គឺនៅតង់ទី១ ចំនួន ១គ្រាប់ និងតង់ទីពីរ ១គ្រាប់ទៀត។

ការបន្តចាញ់ក្រុមម្ចាស់ជើងឯករង៥សម័យកាល ម៉ាឡេស៊ី ២-០ សម្រាប់ការវិលមកជួបគ្នា នៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីនេះ វាបានបង្ហាញឃើញថា ក្រុម U19 ជំនាន់ក្រោយរបស់កម្ពុជា នៅតែមិនអាចកែប្រែកំណត់ត្រាចាស់សម្រាប់ការជួបក្រុម U19 ជំនាន់ក្រោយរបស់ម៉ាឡេស៊ី បានដដែល ព្រោះការជួបគ្នា ៣លើក ក្នុងពានមួយនេះ កាលពីអតីតកាល ក្រុមកម្ពុជា បានចាញ់ក្រុមម៉ាឡេស៊ី ៣-០ កាលពីឆ្នាំ២០០៣ ស្មើ ០-០ កាលឆ្នាំ២០១១ និងបន្តចាញ់ម៉ាឡេស៊ី ២-០ កាលពីឆ្នាំ២០១៧។

យ៉ាងណាក៏ដោយ ការចាញ់នេះ វាមិនទាន់បះពាល់ធ្ងន់ដល់ក្រុម U19 កម្ពុជា ក្នុងការប្រជែងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះកម្ពុជា ដែលមាន ៣ពិន្ទុ ជាមួយការឈ្នះ១ និងចាញ់១ប្រកួតនោះ នៅសល់ការប្រកួតចំនួន ២លើកទៀត គឺការជួបក្រុម U19 មីយ៉ាន់ម៉ា នៅថ្ងៃទី៦ និងក្រុមទីម័រខាងកើត នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ៕