ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវធ្វើការប្រកួតលើកចុងក្រោយប្រចាំពូល A ក្នុងពានរង្វាន់ AFF WOMEN’S Championship 2018 នៅលើទឹកដីប្រទេសឥណ្ឌូនេស៊ី នារសៀលម៉ោង៤រសៀល ថ្ងៃសុក្រនេះ ដោយពួកគេ ត្រូវប្រឈមជាមួយក្រុមស្រេកឃ្លានការឈ្នះ គឺក្រុមនារីអាយុក្រោម ២០ឆ្នាំរបស់អូស្រ្តាលី ខណៈក្រុមម៉ាឡេស៊ី ត្រូវជួបក្រុមនារីថៃ នៅម៉ោង ៧យប់។

តាមលទ្ធផលនៃការប្រកួតប្រចាំពូល A នេះ គឺក្រុមនារីកម្ពុជា ដែលឈ្នះក្រុមទីមីរ ១២-០ ក្នុងថ្ងៃបើកឆាក តែបានមកចាញ់ក្រុមម៉ាឡេស៊ី ៤-០ ក្នុងការប្រកួតលើកទី២ និងបានបន្តចាញ់ក្រុមនារីថៃ ១១-០ កាលពីថ្ងៃពុធនោះ លែងមានឱកាសប្រជែងទៅវគ្គបន្តហើយ គឺមានន័យថា ការប្រកួតលើកចុងក្រោយជាមួយក្រុមនារីអូស្រ្តាលីនេះ គ្រាន់តែជាការប្រកួតបង្រ្គប់កិច្ចលើកចុងក្រោយរបស់កម្ពុជាប៉ុណ្ណោះ មុនពេលពួកគេវិលត្រឡប់មកផ្ទះវិញ។

យ៉ាងណាក៏ដោយ មហិច្ឆតារកគ្រាប់បាល់ឲ្យបានច្រើនរបស់ក្រុមនារី U20 អូស្រ្តាលី អាចនឹងធ្វើឲ្យក្រុមនារីកម្ពុជា ទទួលបានការជូរចត់ម្តងទៀត ដូចពេលពួកគេជួបក្រុមនារីថៃអ៊ីចឹងដែរ ព្រោះក្រុមនារីអូស្រ្តាលី ត្រូវការឈ្នះក្រុមកម្ពុជា ជាមួយគ្រាប់បាល់ច្រើន តាមអ្វីដែលពួកគេអាចធ្វើទៅបាន ដើម្បីប្រជែងយកលេខ ១ ប្រចាំពូលនេះជាមួយក្រុមនារីថៃ។

សម្រាប់២ប្រកួតកន្លងមកនេះ ក្រុមនារីអូស្រ្តាលបានលត់ក្រុមម៉ាឡេស៊ី ៧-០ និងបំបាក់ក្រុមទីម័រ ៩-០ ប៉ុន្តែពួកគេបានត្រឹមឈរនៅលេខ២ប្រចាំពូលAនេះ ក្រោមថៃ ព្រោះការលត់ក្រុមទីម័រ ៨-០ និងការបំបាក់ក្រុមនារីកម្ពុជា ១១-០ បានជួយឲ្យក្រុមថៃ មានគ្រាប់បាល់ចំណេញច្រើនជាងក្រុមអូស្រ្តាលី។

ហេតុនេះអូស្រ្តាលី ចាំបាច់ត្រូវយកឈ្នះក្រុមនារីកម្ពុជា ជាមួយគ្រាប់បាល់ច្រើនផងដែរ ទើបអាចដណ្តើមយកលេខ១ពីក្រុមថៃបាន។ រីឯក្រុមម៉ាឡេស៊ី ក៏អាចនឹងទទួលភាពជូរចត់ក្រោមថ្វីជើងក្រុមនារីថៃ នៅយប់ថ្ងៃនេះផងដែរ ព្រោះថៃ ត្រូវការឈ្នះក្រុមម៉ាឡេស៊ី ជាមួយគ្រាប់បាល់ច្រើនផងដែរ ដើម្បីការពារទីតាំងលេខ១ ប្រចាំពូលAនេះ ពីការប្រជែងរបស់ក្រុមអូស្រ្តាលី៕