ខ្សែប្រយុទ្ធឆ្នើមទាំង៣ របស់កម្ពុជា ដែលទើបវិលត្រឡប់មកលេងនៅលីកកំពូលកម្ពុជា ឆ្នាំ២០១៨ វិញ គឺ កែវ សុខផេង និង ប្រាក់ មុន្នីឧត្តម សុទ្ធតែរកបានគ្រាប់បាល់ ដើម្បីជួយឲ្យក្រុមរបស់ពួកគេ ទទួលបានជ័យជម្នះរៀងៗខ្លួន សម្រាប់ការប្រកួតលើកទី២ ជើងទី២ នៃលីកកំពូលកម្ពុជា កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ ប៉ុន្តែ ចាន់ វឌ្ឍនាកា មិនបានចូលរួមចំណែកជួយក្រុមបឹងកេត នោះទេ។

សម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញនេះ ក្រុមបឹងកេត បានបន្តយកឈ្នះក្រុមវេស្ទើន ៥-១ បន្ថែមទៅលើការឈ្នះ ៣-១ កាលពីជើងទី១ ប៉ុន្តែជាមួយជ័យជម្នះដ៏ធំនេះគឺ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត មិនបានដាក់ឲ្យខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ចូលលេងនោះទេ គឺ វឌ្ឍនាកា បានត្រឹមស្ថិតក្នុងបញ្ជីឈ្មោះអ្នកបម្រុងប៉ុណ្ណោះ។

ផ្ទុយពីនេះខ្សែប្រយុទ្ធ កែវ សុខផេង បានក្លាយជាកីឡាករដ៏សំខាន់ ក្នុងការជួយក្រុមវិសាខា ឲ្យឈ្នះក្រុមអង្គរថាយហ្គឺរ ៤-១ នៅកីឡដ្ឋានស្តាតចាស់ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ។ កែវ សុខផេង រកបាន ២គ្រាប់តែម្នាក់ឯង ដែលធ្វើឲ្យរូបគេរកបាន ៣គ្រាប់ហើយ សម្រាប់ការបង្ហាញខ្លួន ២លើក ក្នុងក្រុមថ្មីមួយនេះ រីឯ ទិត្យ ឌីណា ដែលបានចាកចេញពីក្រុមប៉ូលិស មកចូលរួមជាមួយវិសាខា ក៏រកបាន២គ្រាប់កាលពីយប់មិញនោះដែរ។

ចំណែកខ្សែបម្រើប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ក៏រកឃើញគ្រាប់បាល់ទី១ សម្រាប់ការវិលមកលេងឲ្យក្រុមព្រះខ័នរាជស្វាយរៀង វិញផងដែរ។ មុន្នីឧត្តម រកបានគ្រាប់បាល់ នៅពេលក្រុមស្វាយរៀង បានលត់ក្រុមប៉ូលិស ៤-០ នៅលើទឹកដីខ្លួនឯង កាលពីយប់ថ្ងៃសៅរ៍ ហើយនេះជាលទ្ធផលយ៉ាងល្អបំផុត ព្រោះជំនួបក្នុងជើងទី២ ស្វាយរៀង បានត្រឹមស្មើក្រុមប៉ូលិស ០-០ នោះ។

ដោយឡែកក្រុមណាហ្គាវើល ដែលទើបបានលត់ក្រុមស្វាយរៀង ៤-០ កាលពីសប្តាហ៍មុន បានបន្តយកឈ្នះក្រុមអគ្គិសនីកម្ពុជា ២-០ បន្ថែមទៅលើការឈ្នះ ៥-១ កាលពីជើងទី១។ ប៉ុន្តែក្រុមអាស៊ីអឺរ៉ុប បានចាញ់ក្រុមសូលទីឡូអង្គរ ១-០ គឺខុសពីការប្រកួតជើងទី១ ដែលពួកគេបានឈ្នះក្រុមសូលទីឡូអង្គរ ២-១។

ស្រដៀងគ្នានេះដែរ ក្រុមក្រសួងការពារជាតិ បានសម្រេចការសងសឹងយ៉ាងធំធេងលើក្រុមភ្នំពេញក្រោន។ ក្រសួងការពារជាតិ បានលត់ក្រុមភ្នំពេញក្រោន ៥-១ ដើម្បីលុបបំបាត់ភាពហ្មងសៅ សម្រាប់ការចាញ់ក្រុមភ្នំពេញក្រោន ២-០ កាលពីជើងទី២ ហើយជ័យជម្នះនេះ វាបានកើតមានឡើងដូចគ្នាទៅនឹងអ្វីដែលលោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានរំពឹងទុកផងដែរ គឺលោកមានរំពឹងឈ្នះក្រុមភ្នំពេញក្រោន តាំងពីមុនការប្រកួត។ យោងតាមលទ្ធផលនៃការប្រកួតប្រចាំសប្តាហ៍ទី១៣នេះ គឺក្រុមបឹងកេត នៅតែបន្តឈរនៅលេខ១ ដោយមាន៣៣ពិន្ទុ ហើយតាមពីក្រោយដោយក្រុមណាហ្គាវើល ដដែល ដែលមាន៣១ពិន្ទុ ឯក្រុមវិសាខា បន្តឈរនៅលេខ៣មាន២៩ពិន្ទុ ហើយក្រុមក្រសួងការពារជាតិ ក៏បន្តឈរនៅលេខ៤ដែរ ដោយមាន២៧ពិន្ទុ។

ចំណែកក្រុមភ្នំពេញក្រោន បន្តឈរនៅលេខ៥ មាន២១ពិន្ទុ លើកក្រុមប៉ូលិស មាន២០ពិន្ទុ ក្រុមអាស៊ីអឺរ៉ុប មាន១៨ពិន្ទុ ព្រះខ័នរាជស្វាយរៀង មាន១៧ពិន្ទុ ឯក្រុមសូលទីឡូអង្គរ មាន១១ពិន្ទុស្មើជាមួយក្រុមអង្គរថាយហ្គឺរ ខណៈក្រុមអគ្គិសនីកម្ពុជា មាន៥ពិន្ទុដដែល ហើយក្រុមវេស្ទើន បន្តឈរនៅបាតតារាង ដោយគ្មានពិន្ទុរាប់ដដែល៕