ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ បានធ្វើនូវរឿងដ៏ល្អមួយ ដែលជាកាដូយ៉ាងពិសេសជូនចំពោះក្រុម U19 មីយ៉ាន់ម៉ា មុនពេលពួកគេវិលត្រឡប់មកកម្ពុជាវិញ ក្នុងនាមជាក្រុម ដែលបានធ្លាក់ចេញពីការប្រកួតពានរង្វាន់ AFF U19 Championship 2018 ត្រឹមវគ្គជម្រុះតាមពូល នៅប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងការប្រកួតបង្រ្គប់កិច្ច ប្រចាំពូល B កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ក្រុម U19 កម្ពុជា បានយកឈ្នះក្រុមទីម័រខាងកើត ២-១។ បើទោះបីជ័យជម្នះ វាមិនចាំបាច់សម្រាប់ក្រុមកម្ពុជា ប៉ុន្តែការឈ្នះរបស់ក្រុមកម្ពុជា បានជួយស្រោចស្រង់ក្រុមមីយ៉ាន់ម៉ា ឲ្យអាចបន្តដំណើរឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើទោះបីជាពួកគេបានចាញ់ក្រុមម៉ាឡេស៊ី ១-០ កាលពីល្ងាចថ្ងៃអង្គារនោះក៏ដោយ។

ការបានឡើងទៅវគ្គបន្តរបស់មីយ៉ាន់ម៉ា ក៏ព្រោះតែក្រុមទីម័រ បានចាញ់ក្រុមកម្ពុជា។ ផ្ទុយទៅវិញបើសិនជាក្រុម U19 ទីម័រ អាចយកឈ្នះក្រុមកម្ពុជា ទៅតាមមហិច្ឆតារបស់ខ្លួននោះ គឺពួកគេ នឹងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុមម៉ាឡេស៊ី ជាមិនខាន ព្រោះក្រុមទីម័រ មាន ៥ពិន្ទុក្នុងដៃរួចទៅហើយ ហេតុនេះបើពួកគេឈ្នះ នឹងមាន ៨ពិន្ទុ លើក្រុមមីយ៉ាន់ម៉ា ដែលមាន ៧ពិន្ទុដដែល។

យ៉ាងណាក៏ដោយ រឿងបែបនេះ វាតែងតែបានកើតមានឡើង នៅក្នុងពិភពបាលទាត់ ហើយការឈ្នះបាន ៣ពិន្ទុបន្ថែម ដើម្បីមាន ៦ពិន្ទុ ជាមួយការឈ្នះ២ និងចាញ់ ២ប្រកួតនេះ ក៏ជារឿងដ៏ល្អមួយសម្រាប់ក្រុមកម្ពុជា ផងដែរ បើទោះបីជាពួកគេ នៅតែមិនទាន់អាចបំបែកកំណត់ត្រា ចំពោះការបានឡើងទៅវគ្គបន្តក៏ដោយ។

យោងតាមលទ្ធផលនៃការប្រកួតជម្រុះទាំង ២ពូលនេះ ក្រុមលេខ១ ប្រចាំពូល B ម៉ាឡេស៊ី ដែលមាន ១០ពិន្ទុ ជាមួយការឈ្នះ៣ និងស្មើ១ ត្រូវឡើងទៅជួបក្រុមលេខ២ ប្រចាំពូល A គឺក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ហើយក្រុមលេខ២ មីយ៉ាន់ម៉ា ត្រូវប្រឈមជាមួយក្រុម U19 ថៃ ដែលទទួលបានលេខ១ ក្នុងពូល A ជាមួយការឈ្នះ៤ និងស្មើ ១ប្រកួត ខណៈការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងត្រូវធ្វើនៅថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ៕