ក្រុមបឹងកេត និងណាហ្គាវើល សុទ្ធតែបានយកឈ្នះលើគូប្រកួត ៥-១ ដូចគ្នា ក្នុងការប្រកួតវគ្គ១៦ក្រុមថ្នាក់ជាតិ ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ កាលពីថ្ងៃពុធ ម្សិលមិញ ប៉ុន្តែក្រុមវិសាខា មិនអាចយកឈ្នះក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង បាននោះទេ ឯ៤ក្រុមទៀតបានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើ។

ក្រុមបឹងកេត បានយកឈ្នះក្រុមវេស្ទើន ៥-១ នៅកីឡដ្ឋានវេស្ទើន ដែលជាទឹកដីរបស់ក្រុមវេស្ទើន តែម្តង ហើយជាមួយលទ្ធផលនេះ វាក៏ជាពេលដែលខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូង សម្រាប់ការវិលមកជួយបឹងកេត ជាថ្មីផងដែរ ហើយ កែ វណ្ណៈ និង ជា វេស្លី ក៏រកបានម្នាក់១គ្រាប់តែ ប៉ុន្តែរឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺកីឡាករចំណូលថ្មី ម៉ុន វ៉ាន់ដា អាចរកបាន២គ្រាប់តែម្នាក់ឯង សម្រាប់ការចូលរួមលេងឲ្យបឹងកេត ជាលើកដំបូង។

ចំណែកក្រុមណាហ្គាវើល បានយកឈ្នះក្រុមខេត្តកំពត ៥-១ ផងដែរ ប៉ុន្តែលោក មាស ចាន់ណា ដែលជាគ្រូបង្វឹក មិនសូវពេញចិត្តចំពោះការយកឈ្នះក្រុមខេត្តកំពត ត្រឹម ៥-១ នៅកីឡដ្ឋានស្តាតចាស់ កាលពីម្សិលមិញនោះទេ ដោយសារលោកបានមើលឃើញថា ទម្រង់លេងកូនក្រុមរបស់លោកលេងមិនសូវបានល្អ។

ជាមួយគ្នានោះក្រុមក្រសួងការពារជាតិ និងភ្នំពេញក្រោន ក៏បានយកឈ្នះលើគូប្រកួត សម្រាប់ការប្រកួតជើងទី១ ក្នុងវគ្គ១៦ក្រុមថ្នាក់ជាតិនេះផងដែរ ដោយក្នុងនោះ ក្រសួងការពារជាតិ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៣-១ នៅកីឡដ្ឋានស្តាតចាស់ ហើយភ្នំពេញក្រោន បានយកឈ្នះក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ២-១។

ប៉ុន្តែក្រុមវិសាខា ដែលបានចំណាយលុយទិញកីឡាករខ្មែរល្អៗទៅជួយដល់ក្រុមនោះ មិនអាចយកឈ្នះក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង នោះទេ គឺពួកគេបានចាញ់ ១-០ ប៉ុន្តែវិសាខា នៅតែមានសង្ឃឹម ក្នុងការប្រជែងជាមួយក្រុមស្វាយរៀង ព្រោះការប្រកួតជើងទី២ កាត់សេចក្តី ត្រូវធ្វើនៅលើទឹកដីក្រុមវិសាខាវិញម្តង។

ដោយឡែកក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ហើយមានថ្នាក់ដឹកនាំជាជនជាតិជប៉ុនដូចគ្នានោះ បានត្រឹមស្មើគ្នា ២-២ ចំណែកក្រុមប៉ូលិស ក៏បានត្រឹមស្មើ ២-២ ជាមួយក្រុមគិរីវង់អេហ្វស៊ី ផងដែរ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុមប៉ូលិស ហាក់មានភាពស្រពេចស្រពិល ក្នុងការស្វែងរកឱកាសទៅវគ្គបន្ត ព្រោះការប្រកួតជើងទី២ ត្រូវធ្វើនៅលើទឹកដីក្រុមគិរីវង់ គឺនៅទីរួមខេត្តតាកែវ វិញម្តង៕