ក្រុមវិសាខា ដែលទើបតែជួបការខកចិត្តដោយបានចាញ់ក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង ១-០ ក្នុងការប្រកួតវគ្គ១៦ក្រុមថ្នាក់ជាតិ ពានរង្វាន់សម្តេច ហ៊ុន សែន កាលពីយប់ថ្ងៃពុធនោះ បានបង្ហាញការបារម្ភជាថ្មី ចំពោះការវិលមកជួបក្រុមភ្នំពេញក្រោន ក្នុងការប្រកួតជើងទី២ លីកកំពូលកម្ពុជា នៅចុងសប្តាហ៍នេះ ប៉ុន្តែក្រុមឈរនៅកំពូលតារាង បឹងកេត និងណាហ្គាវើល ហាក់មិនសូវមានសម្ពាធខ្លាំង ក្នុងការរក៣ពិន្ទុបន្ថែមប៉ុន្មានទេ។

ក្រុមវិសាខា និងភ្នំពេញក្រោន ធ្លាប់បានស្មើគ្នា ០-០ ក្នុងការប្រកួតជើងទី១ ប៉ុន្តែការប្រកួតជើងទី២ ចំនួន២លើកកន្លងមកនេះ វិសាខា ទទួលបានលទ្ធផលជាងក្រុមភ្នំពេញក្រោន ព្រោះវិសាខា បានលត់ក្រុមអគ្គិសនីកម្ពុជា ៤-០ និងបន្តឈ្នះក្រុមអង្គរថាយហ្គឺរ ៤-១ កាលពីសប្តាហ៍មុន ឯភ្នំពេញក្រោន បានឈ្នះក្រុមសូលទីឡូអង្គរ ២-១ ទាំងលំបាក តែបានមកចាញ់ក្រុមក្រសួងការពារជាតិ (ទ័ព) រហូតដល់ ៥-១។

ការចាញ់ក្រុមទ័ព ៥-១ កាលពីសប្តាហ៍មុននោះ វាបានបង្ហាញឲ្យឃើញពីការលេងមិនទាន់ស៊ីចង្វាក់គ្នាល្អ ចំពោះការផ្លាស់ប្តូរទម្រង់លេងថ្មីរបស់ក្រុមភ្នំពេញក្រោន ដែលបានយកកីឡាករលេងនៅតំបន់ការពារ ទៅលេងប្រយុទ្ធ ហើយអ្នកប្រយុទ្ធមកលេងការពារវិញ។ ប៉ុន្តែលោក ហុក សុជីវ័ន បានច្រានចោលចំពោះការប្រៀបធៀបបែបនេះ។

លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា បានប្រាប់ថា៖ «យើងមិនអាចយកលទ្ធផលចាញ់របស់ក្រុមភ្នំពេញក្រោន កាលពីសប្តាហ៍មុន ហើយថាគាត់លេងអន់ជាងមុននោះទេ ព្រោះពី១ប្រកួតទៅ១ប្រកួត វាតែងតែមានការផ្លាស់ប្តូរ»។

លោកបានបន្ថែមថា៖ «ម្យ៉ាងទៀត ការធ្វើដំណើរមកប្រកួតនៅខេត្ត ក្នុងពានសម្តេចហ៊ុន សែន បានធ្វើឲ្យយើងជួបការលំបាក លើការហ្វឹកហាត់ ដែលអាចធ្វើឲ្យក្រុមរបស់យើង មានការប៉ះពាល់ដល់កម្លាំងខ្លះដែរ គឺខុសពីភ្នំពេញក្រោន ដែលគេមានភាពងាយស្រួលជាងយើង ដោយសារគេប្រកួតនៅភ្នំពេញ ប៉ុន្តែយើងត្រូវតែមានសង្ឃឹម ហើយយើងនឹងប្រឹងប្រែងធ្វើអ្វីមួយ ដែលល្អសម្រាប់ក្រុមរបស់យើង»។

ចំណែកក្រុមកំពុងឈរនៅលេខ១ បឹងកេត ក្រុមឈរនៅលេខ២ ណាហ្គាវើល ត្រូវបានគេមើលឃើញថា អាចនឹងឈ្នះបាន៣ពិន្ទុបន្ថែមដូចគ្នា ព្រោះលើកនេះ បឹងកេត ត្រូវវិលទៅជួបក្រុមប៉ូលិស ដែលពួកគេធ្លាប់ឈ្នះ ៥-១ ឯណាហ្គាវើល ប៉ះក្រុមអង្គរថាយហ្គឺរ ដែលពួកគេបានឈ្នះ ៣-០ កាលពីជើងទី១ ខណៈការប្រកួតជើងទី២នេះ អង្គរថាយហ្គឺរ និងក្រុមប៉ូលិស មានទម្រង់លេងហាក់ធ្លាក់ចុះជាងជើងទី១ ផ្ទុយពីបឹងកេត និងណាហ្គាវើល ដែលលេងកាន់តែបានល្អ។

ចំណែកក្រុមកំពុងឈរនៅលេខ៤ ក្រសួងការពារជាតិ ត្រូវវិលទៅជួបក្រុមអាស៊ីអឺរ៉ុប ដែលពួកគេធ្លាប់ឈ្នះ ២-១ ក្នុងជើងទី១ ហើយកាលពីថ្ងៃពុធ កន្លងមកនេះ ទ័ព ក៏បានឈ្នះអាស៊ីអឺរ៉ុប ៣-១ ក្នុងការប្រកួតពានរង្វាន់សម្តេចហ៊ុន សែន ផងដែរ ហើយកម្លាំងចិត្តនេះ ធ្វើឲ្យក្រុមទ័ព នៅតែមានកម្លាំងចិត្តខ្លាំងជាងក្រុមអាស៊ីអឺរ៉ុប សម្រាប់ការវិលមកជួបគ្នាលើកនេះ។ រីឯក្រុមស្វាយរៀង ត្រូវប៉ះក្រុមអគ្គិសនីកម្ពុជា ដែលពួកគេធ្លាប់ឈ្នះ ៥-១ ខណៈវេស្ទើន ត្រូវប្រឈមនឹងក្រុមសូលទីឡូអង្គរ ដែលពួកគេបានចាញ់ ៤-១ កាលពីជើងទី១៕

កម្មវិធីប្រកួតនៅថ្ងៃសៅរ៍
-ក្រុមក្រសួងការពារជាតិ v អាស៊ីអឺរ៉ុប នៅកីឡដ្ឋានស្តាតចាស់ ល្ងាចម៉ោង ៦:០០
-ក្រុមប៉ូលិស v ក្រុមបឹងកេត នៅពហុកីឡដ្ឋានជាតិ ល្ងាចម៉ោង ៦:០០
-ក្រុមសូលទីឡូអង្គរ v ក្រុមវេស្ទើន កីឡដ្ឋានខេត្តសៀមរាប រសៀលម៉ោង ៣:៣០

ចំពោះ៣ប្រកួតនៅថ្ងៃអាទិត្យ
-ក្រុមអង្គរថាយហ្គឺរ v ក្រុមណាហ្គាវើល នៅកីឡដ្ឋានខេត្តសៀមរាប រសៀលម៉ោង ៣:៣០
-ក្រុមអគ្គិសនីកម្ពុជា v ក្រុមស្វាយរៀង នៅកីឡដ្ឋាន EDC រសៀលម៉ោង ៣:០០
-ក្រុមភ្នំពេញក្រោន v ក្រុមវិសាខា នៅកីឡដ្ឋាន RSN ល្ងាចម៉ោង ៦:០០