ក្រុមបឹងកេត ក្រសួងការពារជាតិ (ទ័ព) ព្រះខ័នរាជស្វាយរៀង ប៉ូលិស ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ បានក្លាយជាបេក្ខភាព ដែលត្រូវបន្តដំណើរឡើងទៅប្រកួតវគ្គ៨ក្រុមថ្នាក់ជាតិ ពានរង្វាន់សម្តេចហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ បន្ទាប់ពីក្រុមទាំងនេះ បានយកឈ្នះលើក្រុមចំនួន៦ទៀត ក្នុងការប្រកួតវគ្គ១៦ក្រុម ដែលបានបញ្ចប់ការប្រកួតទាំង២ជើង កាលពីយប់ថ្ងៃពុធ ម្សិលមិញ។

សម្រាប់ការប្រកួត នៅលើទីលានផ្សេងៗគ្នា កាលពីថ្ងៃពុធ ម្សិលមិញនោះ ក្រុមម្ចាស់ផ្ទះបឹងកេត បានបន្តយកឈ្នះលើក្រុមវេស្ទើន ១-០ បន្ថែមទៅលើការឈ្នះ ៥-១ កាលពីជើងទី១ ហើយលទ្ធផលនេះបានធ្វើឲ្យបឹងកេត ឈ្នះអាស៊ីអឺរ៉ុប ៦-១ សម្រាប់ការប្រកួតទាំង២ជើង នឹងបានឡើងទៅវគ្គបន្ត ដោយមិនសូវមានសម្ពាធអ្វីឡើយ។

ប៉ុន្តែក្រុមវិសាខា បានជួបការខកចិត្តម្តងទៀត ក្នុងការប្រជែងជាមួយក្រុមព្រះខ័នរាជស្វាយរៀង។ ក្នុងការប្រកួតជើងទី២ កាលពីយប់ម្សិលមិញនោះ ខ្សែការពារជើងចាស់ ទៀន ទីនី បានជួយឲ្យ វិសាខា នាំមុខ ១-០ នៅនាទីទី៧៣ ប៉ុន្តែ លី សារ័ត្ន បានស៊ុតតាមស្មើឲ្យក្រុមស្វាយរៀង នៅនាទីទី៧៧ ហើយលទ្ធផលស្មើគ្នា ១-១ នេះបានជួយឲ្យស្វាយរៀង ឡើងទៅវគ្គបន្ត តែវិសាខា ត្រូវធ្លាក់ទាំងសោកស្តាយ ព្រោះការប្រកួតជើងទី១ ពួកគេបានចាញ់ក្រុមស្វាយរៀង ១-០។

ចំណែកក្រុមអគ្គិសនីកម្ពុជា ដែលបានបន្ថែមទំនុកចិត្តខ្លាំង ក្នុងការវាយបកយកឈ្នះក្រុមភ្នំពេញក្រោន ដើម្បីលុបចោលការចាញ់ ១-០ ក្នុងជើងទី១នោះ គឺបានជួបការខកចិត្តកាន់តែខ្លាំង ខណៈភ្នំពេញក្រោន បានបន្តយកឈ្នះអគ្គិសនីកម្ពុជា ៤-០ ទៀតនោះ។ រីឯក្រុមទ័ព បានលត់ក្រុមអាស៊ីអឺរ៉ុប ៧-១ បន្ថែមទៅលើការឈ្នះ ៣-១ ក្នុងជើងទី១ ដើម្បីបន្តដំណើរទៅវគ្គបន្ត។

ចំពោះក្រុមប៉ូលិស និងអង្គរថាយហ្គឺរ ដែលបានត្រឹមស្មើ ២-២ ជាមួយក្រុមគិរីវង់អេហ្វស៊ី និងសូលទីឡូអង្គរ ក្នុងជើងទី១ដូចគ្នានោះ សុទ្ធតែរកបានជ័យជម្នះ ក្នុងការប្រកួតកាត់សេចក្តីជើងទី២ កាលពីម្សិលមិញ ដើម្បីបានឡើងទៅវគ្គ៨ក្រុម ដោយក្នុងនោះ ប៉ូលិស បានយកឈ្នះក្រុមម្ចាស់ផ្ទះ គីរីវង់ ១-០ ហើយអង្គរថាយហ្គឺរ បានឈ្នះក្រុមសូលទីឡូអង្គរ ១-០ ដូចគ្នា។

ដោយឡែកជំនួបលើកទី២រវាងក្រុមណាហ្គាវើល និងក្រុមខេត្តកំពតនោះ ដែលត្រូវធ្វើនៅលើទឹកដីខេត្តកំពត កាលពីម្សិលមិញនោះដែរ គឺត្រូវបានលើកពេលមកធ្វើនៅថ្ងៃព្រហស្បតិ៍ ដោយសារកាលពីម្សិលមិញ មានភ្លៀង និងរន្ទះបាញ់ខ្លាំង មិនអាចប្រកួតបាន ខណៈការប្រកួតជើងទី១ ក្រុមម្ចាស់ផ្ទះណាហ្គាវើល បានឈ្នះក្រុមខេត្តកំពត ៥-១៕