ក្រុមបាល់ទាត់ខេត្តកោះកុង បានបង្ហាញទំនុកចិត្ត ក្នុងការវាយបកយកឈ្នះក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំ (U18កម្ពុជា) សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២ វគ្គ ១៦ក្រុមថ្នាក់ជាតិ ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ នៅរសៀលថ្ងៃសុក្រនេះ ដើម្បីស្វែងរកឱកាសឡើងទៅវគ្គ៨ក្រុម។

លោក កៅ សាវា គ្រូបង្វឹកក្រុមខេត្តកោះកុង បានប្រាប់ថា៖ «យើងនៅមានសង្ឃឹមខ្លះដែរ ក្នុងការវាយបកយកឈ្នះក្រុមU18កម្ពុជា វិញ។ បើទោះបីជា យើងបានចាញ់គេនៅជើងទី១ ប៉ុន្តែកាលនោះ យើងបានទៅប្រកួត ដោយគ្មានបានហាត់អ្វីសោះ ដោយសារមានភ្លៀងជាប់គ្នារហូត ប៉ុន្តែការប្រកួតជើងទី២នេះ យើងហ្វឹកហាត់ត្រៀមបាន៤ទៅ៥ថ្ងៃដែរ អ៊ីចឹងយើងមានទំនុកចិត្តខ្លាំង ក្នុងការប្រកួតលើកនេះ»។

ការបង្ហាញពីភាពជឿជាក់របស់លោក កៅ សាវា ចំពោះកូនក្រុមលោក បានធ្វើឲ្យមានការលើកឡោះងជាចម្ងល់ថា តើក្រុមខេត្តកោះកុង អាចវាយបកយកឈ្នះក្រុម U18 កម្ពុជា នៅក្នុងទឹកដីរបស់ខ្លួនវិញ គឺកីឡដ្ឋានខេត្តកោះកុង មែន ឬយ៉ាងណា?

ការលើកឡើងបែបនេះ ក៏ព្រោះថា ការប្រកួតជើងទី១ នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ កន្លងមក ក្រុម U18 កម្ពុជា បានយកឈ្នះក្រុមខេត្តកោះកុង រហូតដល់ ៤-១ ហើយខេត្តកោះកុង ក៏ធ្លាប់បានចាញ់ក្រុមU18កម្ពុជា ចំនួន២លើកទៀត ក្នុងការប្រកួតជម្រុះថ្នាក់ខេត្ត កន្លងមកផងដែរ។ ជារួមការជួបគ្នា៣លើកកន្លងមក ក្រុមខេត្តកោះកុង បានចាញ់ទាំង៣ប្រកួត។

បន្ថែមលើនេះ ក្រុមខេត្តកោះកុង ត្រូវយកឈ្នះក្រុម U18 កម្ពុជា លើសពី ៣គ្រាប់ ទើបពួកគេ អាចទម្លាក់ក្រុម U18 កម្ពុជា ដើម្បីឡើងទៅវគ្គបន្តបាន។ ប៉ុន្តែបើតាមប្រវត្តិ និងកម្រិតលេងរបស់ក្រុមទាំង២ នៅពេលនេះ គេហ៊ានវាយតម្លៃទុកមុនថា ក្រុមខេត្តកោះកុង គេចមិនផុតពីការធ្លាក់ត្រឹមវគ្គ ១៦ក្រុមនេះទេ។

ចំណែកក្រុម U18 កម្ពុជា នឹងទទួលបានឱកាស ឡើងទៅវគ្គ ៨ក្រុម ហើយតាមរយៈការចាំឆ្នោតរួចរាល់កន្លងមកនេះ ក្រុម U18 កម្ពុជា ត្រូវជួបក្រុមប៉ូលិស ខណៈការប្រកួតជើងទី១ ក្នុងវគ្គ៨ក្រុមនេះ ត្រូវធ្វើនៅថ្ងៃទី១ ខែសីហា។ រីឯក្រុមចំនួន ៦ទៀត ក៏ត្រូវជួបគ្នាក្នុងវគ្គ៨ក្រុមនោះដែរ គឺអង្គរថាយហ្គឺរ ជួបក្រុមភ្នំពេញក្រោន ឯក្រុមម្ចាស់ជើងឯកព្រះខ័នរាជស្វាយរៀង ប៉ះក្រុមក្រសួងការពារជាតិ ស្របពេលក្រុមជើងឯករង ណាហ្គាវើល ត្រូវជួបក្រុមបឹងកេត៕

ប្រភព៖ FFC