ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា នឹងត្រូវធ្វើការប្រកួតជម្រុះលើកទី២ ជាមួយក្រុម U16 ហ្វីលីពីន ក្នុងពានរង្វាន់ AFF U16 Championship 2018 នៅលើទឹកដីប្រទេសឥណ្ឌូនេស៊ី នារសៀលម៉ោង ៣:៣០ ថ្ងៃអង្គារនេះ។

ការចាញ់ក្រុម U16 ជម្រើសជាតិវៀតណាម ១-០ ក្នុងការប្រកួតជម្រុះបើកឆាក ប្រចាំពូល A កាលពីថ្ងៃអាទិត្យ កន្លងមកនេះ វាបានធ្វើឲ្យក្រុម U16 កម្ពុជា ធ្លាក់ទៅឈរនៅលេខ៥ ក្នុងចំណោមក្រុមទាំង៦ ក្នុងពូលនេះ ខណៈក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា សុទ្ធតែបានឈ្នះ ៣ពិន្ទុ។ ហេតុនេះការជួបក្រុម U16 ហ្វីលីពីន ក្នុងការប្រកួតជម្រុះលើកទី២ នេះ ក្រុមកម្ពុជា ត្រូវការឈ្នះ ជាដាច់ខាត ដើម្បីបង្កើតឱកាសក្នុងប្រកួតប្រជែង ឆ្ពោះទៅកាន់វគ្គបន្តឡើងវិញ។

បើគិតពីប្រវត្តិ ក្រុមយុវជនថ្នាលរបស់ប្រទេសហ្វីលីពីន មិនធ្លាប់ឈ្នះក្រុមយុវជនថ្នាលកម្ពុជា ក្នុងការប្រកួតពានរង្វាន់ AFF U16 Championship នោះទេ គឺក្រុម U16 ហ្វីលីពីន ធ្លាប់បានចាញ់ក្រុម U16 កម្ពុជា ១-០ ក្នុងឆ្នាំ២០០២ រួចបន្តចាញ់កម្ពុជា ២-១ ក្នុងឆ្នាំ២០១១ ហើយនៅឆ្នាំ២០១៥ កម្ពុជា បានបន្តឈ្នះ ១-០ និងបន្តឈ្នះក្រុមហ្វីលីពីន ៤-០ កាលពីឆ្នាំ២០១៧។

ដោយឡែក សម្រាប់បង្ហាញខ្លួនជាថ្មី ក្នុងការប្រកួតពានរង្វាន់ AFF U16 Championship 2018 នេះ ក្រុម U16 ហ្វីលីពីន បានចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី រហូតដល់ ៨-០ ហើយលទ្ធផលនេះ អាចបង្ហាញបានថា កម្រិតលេងរបស់ U16 ហ្វីលីពីន មិនទាន់មានអ្វីប្រែប្រួលឡើយ ហេតុនេះក្រុម U16 កម្ពុជា អាចមានភាគរយច្រើន ក្នុងការយកឈ្នះក្រុម U16 ហ្វីលីពីន ក្នុងការប្រកួតលើកនេះ។

យ៉ាងណាមិញ ក្រុម U16 មីយ៉ាន់ម៉ា ដែលបានយកឈ្នះក្រុមទីម័រខាងកើត ៣-២ ក្នុងការប្រកួតបើកឆាក ប្រចាំពូល A នេះដែរ កាលពីថ្ងៃអាទិត្យនោះ នឹងត្រូវប្រឈមជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅយប់ម៉ោង៧ ថ្ងៃអង្គារនេះដែរ ហើយក្រុម U16 វៀតណាម ត្រូវជួបក្រុមទីម័រខាងកើត នៅរសៀលម៉ោង ៣:៣០ ស្របពេលដែលកម្ពុជា ត្រូវប្រកួតជាមួយក្រុមហ្វីលីពីនដែរ៕