ក្រុមជម្រើសបាល់ទាត់មកពីលីកទី៤ របស់ជប៉ុន (JFL Selection) នឹងត្រូវប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ នៅពហុកីឡដ្ឋានជាតិ នារសៀល ម៉ោង៥ ថ្ងៃសុក្រនេះ មុនពេលក្រុមចម្រុះ ១៦ក្លិបមួយនេះ បន្តជួបជាមួយក្រុមបឹងកេត នៅពហុកីឡដ្ឋានជាតិ នេះដដែល នាល្ងាចថ្ងៃអាទិត្យ។

លោក Katsumasa Terouchi គ្រូបង្វឹកក្រុម JFL Selection បានចាត់ទុកការមកប្រកួតនៅកម្ពុជា លើកនេះ ជាការផ្លាស់ប្តូរបទពិសសោធគ្នារវាងក្រុម JFL Selection ជាមួយក្រុមតំណាងឲ្យកម្ពុជាទាំង២ក្រុម ខណៈការមកប្រកួតនេះ ត្រូវបានធ្វើឡើង ដើម្បីអបអរ និងរំឭកខួប២០ឆ្នាំ នៃការបង្កើតក្រុម JFL នេះតែម្តង។

លោក Katsumasa Terouchi បានថ្លែងថា៖ «យើងបានសម្រេចជ្រើសរើសយកក្រុមនៅប្រទេសកម្ពុជា តែមួយគត់ ដើម្បីប្រកួតជាមួយក្រុមយើង ហើយការមកប្រកួតនៅកម្ពុជានេះ ដើម្បីអបអរគម្រប់ខួប២០ឆ្នាំ នៃការបង្កើតក្រុម JFL របស់យើង។ ហេតុនេះបន្ទាប់ពីការប្រកួតនេះ យើងនឹងត្រូវវិលត្រឡប់ទៅប្រទេសជប៉ុនវិញ ព្រោះពេលត្រឡប់ទៅដល់វិញ លីកនៅជប៉ុន ចាប់ផ្តើមប្រកួតហើយ»។

បើតាមការរៀបរាប់របស់លោក Katsumasa Terouchi បានឲ្យដឹងថា កីឡាកររបស់ក្រុម JFL Selection ត្រូវបានជ្រើសរើសចេញពីក្រុមក្លិបចំនួន១៦ ដែលលេងនៅលីកទី៤របស់ជប៉ុន ហើយពួកគេ នឹងត្រូវបែងចែកទៅលេងតាមក្លិបរៀងៗខ្លួនវិញ នៅពេលពួកគេ វិលទៅដល់ប្រទេសជប៉ុនវិញ។

តាមការលើកឡើងរបស់លោក Katsumasa Terouchi គឺការធ្វើដំណើរមកប្រកួតជាមួយក្រុមU19កម្ពុជា និងក្រុមបឹងកេត លើកនេះ ក្រុ JFL Selection ហាក់មិនផ្តោតខ្លាំងទៅលើលទ្ធផលឈ្នះ ចាញ់ ប៉ុន្មានឡើង គឺសំខាន់ផ្តាស់ប្តូរបទពិសោធទាំងការលេងបាល់ និងវប្បធម៌។

លោក Katsumasa បានបញ្ជាក់ថា៖ «តាមរយៈការប្រកួតមិត្តភាពនេះ ទាំងកីឡាករកម្ពុជា និងជប៉ុន គឺនឹងអាចផ្លាស់ប្តូរបទពិសោធ ទាំងវិស័យកីឡា ក៏ដូចជាវប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នា ហើយខ្ញុំសង្ឃឹមថា ពួកគាត់នឹងយកបទពិសោធទាំងនេះ ទៅប្រើប្រាស់ នៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់ពួកគាត់រៀងៗខ្លួន»។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលក្រុម JFL Selection បានមកប្រកួតមិត្តភាពនៅកម្ពុជា ហេតុនេះទាំងក្រុមU19កម្ពុជា និងក្រុមបឹងកេត សុទ្ធតែត្រៀមខ្លួនស្វាគមន៍ការប្រកួតមិត្តភាពដ៏មានសារៈប្រយោជន៍នេះ ដើម្បីទទួលបានបទពិសោធ និងបច្ចេកទេសថ្មីៗ យកទៅអភិវឌ្ឍក្រុមរបស់ខ្លួនបន្ថែមទៀត ពិសេសក្រុម U19ជម្រើសជាតិកម្ពុជា ព្រោះក្រុមនេះ ជាក្រុម ដែលត្រូវប្រកួតតំណាងឲ្យកម្ពុជា នៅលើឆាកអន្តរជាតិ នាពេលអនាគត ពិសេសការប្រកួតស៊ីហ្គេម៕