ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា ប្រហែលជាគេចមិនផុត ពីការធ្លាក់ចេញពីការប្រកួតជម្រុះពានរង្វាន់ AFF U16 Championship 2018 នៅប្រទេសឥណ្ឌនេស៊ី នោះទេ បន្ទាប់ពីក្រុមមួយនេះ មិនអាចម្រេចបំណង ក្នុងការយកឈ្នះក្រុម U16 ជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងការប្រកួតជម្រុះលើកទី៣ ប្រចាំពូលA កាលពីម្សិលមិញ។

បើទោះបីជា ក្រុមយុវជនថ្នាលកម្ពុជា ធ្លាប់មកកំណត់ត្រាល្អ តាមរយៈការយកឈ្នះក្រុម​​ U16 ទីម័រខាងកើត ទាំង២លើក ក្នុងការប្រកួតពានរង្វាន់ AFF U16 Championship នេះ គឺការឈ្នះ ៣-០ កាលពីឆ្នាំ២០១៦ និងបន្តឈ្នះ ១-០ កាលពីឆ្នាំ២០១៧ ប៉ុន្តែសម្រាប់ការជួបគ្នា ជាថ្មី នៅឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ម្សិលមិញនោះ ក្រុមកម្ពុជា បានចាញ់ក្រុមទីម័រខាងកើត ២-១ ដ៏គួរឲ្យសោកស្តាយបំផុត។

តាមរយៈការប្រកួតនោះ ក្រុម U16 ទីម័រ រកបានគ្រាប់បាល់នាំមុខ ១-០ បានមុន ដែលរកបានដោយកីឡាករ Alto da Crusz នៅនាទីទី១៣ ប៉ុន្តែខ្សែបម្រើ ប៊ុនធឿន ប៊ុណ្ណារ៉ុង បានវាយបកតាមស្មើឲ្យក្រុមកម្ពុជា នៅនាទីទី២៩។ ទោះយ៉ាងណា នៅនាទីទី៤៦ Ejivanio Da Costa បានរកឃើញគ្រាប់បានជ័យជម្នះឲ្យក្រុមទីម័រ ដើម្បីឈ្នះក្រុមកម្ពុជា ២-១។

ការចាញ់ក្រុម U16 ទីម័រ បន្ថែមទៅលើការចាញ់ក្រុមវៀតណាម ១-០ និងឈ្នះក្រុមហ្វីលីពីន ៥-១ កន្លងមកនេះ វាស្ទើតែអាចកំណត់ជោគវាសនារបស់ក្រុមកម្ពុជា នៅក្នុងការប្រកួតនេះទៅហើយ គឺក្រុមU16កម្ពុជា ប្រហែលជាគេចមិនផុត ពីការធ្លាក់ត្រឹមវគ្គជម្រុះតាមពូលនោះទេ ព្រោះ២ប្រកួតដែលនៅសល់ គឺក្រុមកម្ពុជា ត្រូវប្រឈមជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងក្រុមមីយ៉ាន់ម៉ា ដែលបានលត់ក្រុមហ្វីលីន ៧-០ កាលពីម្សិលមិញនោះដែរ៕