ក្រុមណាហ្គាវើល និងវិសាខា សុទ្ធតែរកបាន៥គ្រាប់បន្ថែម លើគូប្រកួត សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី១៦នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៨ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ ចំណែកក្រុមភ្នំពេញក្រោន ក៏បានសម្រេចការសងសឹកលើក្រុមព្រះខ័នរាជស្វាយរៀង ផងដែរ។

ក្រុមណាហ្គាវើល បានបន្តលត់ក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ៦-១ កាលពីថ្ងៃអាទិត្យ ម្សិលមិញ បន្ថែមទៅលើ ៣-០ កាលពីជើងទី១។ កីឡាករ គួច ដានី ជាអ្នករកគ្រាប់បាល់ទី១ឲ្យណាហ្គាវើល ត្រឹមនាទីទី៣ ហើយ Sung Chihoon និង Mathew Osa បានបន្ថែមម្នាក់១គ្រាប់ទៀត នៅនាទីទី២៨ និងទី៤៥។

ឈានចូលតង់ទី២ ខ្សែប្រយុទ្ធ Bisan George និង Inui Tatsuro បានសហការគ្នា រក៣គ្រាប់បន្ថែមទៀតឲ្យណាហ្គាវើល ឯ១គ្រាប់របស់អាស៊ីអឺរ៉ុប រកបានដោយ George Kelechi នៅនាទីទី៨៩ គឺមុនពេល Bisan George រកបានគ្រាប់ទី២របស់គេ នៅនាទីទីបន្ថែម ៩០+៤។

ចំណែកក្រុមវិសាខា បានបន្តលត់ក្រុមវេស្ទើន ៥-០ កាលពីថ្ងៃសៅរ៍ បន្ថែមទៅលើការឈ្នះ ៣-០ កាលពីជើងទី១។ ជាមួយជ័យជម្នះនេះ ខ្សែប្រយុទ្ធកូរ៉េខាងជើង Kyong Hun Kim រកបាន២គ្រាប់ម្នាក់ឯង ហើយ ទៀង ទីនី Song Chol Pak និង កែវ សុខផេង រកបានម្នាក់១គ្រាប់។

តាមរយៈជ័យជម្នះនេះ បានជួយឲ្យក្រុមឈរនៅលេខ២ ណាហ្គាវើល និងក្រុមឈរនៅលេខ៣ វិសាខា មាន៣៨ពិន្ទុស្មើគ្នា គឺក្រុមទាំង២នេះមានភាគរយកាន់តែខ្ពស់ ក្នុងការប្រជែងយកពានជាមួយក្រុមបឹងកេត ព្រោះការចាញ់ក្រុមក្រសួងការពារជាតិ (ទ័ព) ២-០ ក្នុងការប្រកួតប្រចាំសប្តាហ៍នេះ បានធ្វើឲ្យ បឹងកេត មាន៣៩ពិន្ទុដដែល ខណៈក្រុមទ័ព មាន៣៤ពិន្ទុ។

ចំណែកក្រុមភ្នំពេញក្រោន សងសឹកក្រុមក្រុមស្វាយរៀង បានយ៉ាងជោគជ័យ តាមរយៈការយកឈ្នះ ២-១ នៅកីឡដ្ឋាន RSN របស់ខ្លួន។ បើទោះបីជាលទ្ធផលនេះ វាមិនល្អដូចពេលក្រុមស្វាយរៀង បានឈ្នះពួកគេ ៦-៣ ប៉ុន្តែការវាយបកយកឈ្នះ ២-១ នេះបានជួយឲ្យក្រុមភ្នំពេញក្រោន មាន២៤ពិន្ទុស្មើជាមួយក្រុមប៉ូលិស ដោយសារនៅសប្តាហ៍នេះ ប៉ូលិស បានត្រឹមស្មើ ១-១ ជាមួយក្រុមសូលទីឡូអង្គរ នៅលើទឹកដីខ្លួនឯង។

ផ្ទុយពីនេះក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា បានជួបភាពជូរចត់កាន់តែខ្លាំង ព្រោះពួកគេបានបន្តចាញ់ក្រុមអង្គរថាយហ្គឺរ ៥-០ បន្ថែមទៅលើការចាញ់ ៣-១ កាលពីជើងទី១ ហើយលទ្ធផលនេះ បានជួយឲ្យក្រុមអង្គរថាយហ្គឺរ មាន១៦ពិន្ទុ លើក្រុមសូលទីឡូអង្គរ វិញម្តង ដែលមាន១៥ពិន្ទុ។ ចំណែកក្រុមស្វាយរៀង មាន២១ពិន្ទុ និងអាស៊ីអឺរ៉ុប មាន១៨ពិន្ទុដដែល ឯក្រុមអគ្គិសនីកម្ពុជា មាន៥ពិន្ទុ និងវេស្ទើន មាន១ពិន្ទុ៕