ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ បានបញ្ចប់បេសកកម្ម សម្រាប់ការប្រកួតពានរង្វាន់ AFF U16 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ជាផ្លូវការហើយ ប៉ុន្តែពួកគេទទួលបានលទ្ធផលមិនល្អនោះទេ គឺបានឈ្នះត្រឹម១ប្រកួត និងចាញ់៤ប្រកួត និងឈរនៅចំណាត់ថ្នាក់លេខ៤ក្នុងពូលA។

នៅក្នុងការប្រកួតជម្រុះប្រចាំពូលA ទាំង៥លើកនោះ ក្រុមU16កម្ពុជា បានបើកឆាកជាមួយការចាញ់ក្រុមU16វៀតណាម ១-០ មុនពេលពួកគេបានលត់ក្រុមហ្វីលីពីន ៥-១ ក្នុងការប្រកួតលើកទី២។ រីឯការប្រកួតលើកទី៣ ក្រុមកម្ពុជា បានចាញ់ទីម័រខាងកើត ២-១ រួចបន្តចាញ់ក្រុមU16មីយ៉ាន់ម៉ា ៤-១ ហើយការប្រកួតលើកទី៤ចុងក្រោយ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ ក្រុមU16កម្ពុជា បានចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ៤-០។

តាមរយៈលទ្ធផលនេះការប្រកួតនេះ ក្រុមកម្ពុជា បានធ្លាក់ចេញពីការប្រកួតនេះ ជាមួយលទ្ធផលមិនល្អនោះទេ ហើយពួកគេ នឹងត្រូវត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ វិញ នាវេលាម៉ោង ១៧:៣០ នាទី ថ្ងៃពុធ ស្អែកនេះ។ ចំណែកក្រុមវៀតណាម ទីម័រខាងកើត និងហ្វីលីពីន ក៏បានធ្លាក់ចេញពីការប្រកួតនេះដែរ តែក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ត្រូវឡើងទៅប្រកួតនៅវគ្គបន្ត ប្រចាំពូលAនេះ។

ដោយឡែកសម្រាប់ការប្រកួតប្រជែងរវាងក្រុមទាំង៥ ឈរនៅពូលB គឺក្រុមU16ថៃ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយពួកគេមាន១០ពិន្ទុជាមួយការឈ្នះ៣ និងស្មើ១ប្រកួត។ រីឯក្រុមឡាវ និងម៉ាឡេស៊ី នឹងត្រូវប្រកួតគ្នា នៅរសៀលម៉ោង ៣:៣០ ថ្ងៃអង្គារនេះ ដើម្បីរកក្រុមឈ្នះឡើងទៅវគ្គបន្តជាមួយថៃ ហើយក្រុមសិង្ហបុរី និងប្រ៊ុយណេ ក៏ត្រូវប្រកួតបង្រ្គប់កិច្ច នៅយប់ម៉ោង៧ ថ្ងៃអង្គារនេះដែរ៕