ការប្រកួតជម្រើសជើងឯកជាតិបាល់ទាត់ក្នុងសាល ឆ្នាំ២០១៨ (National Futsal League 2018) បានរកឃើញក្រុមខ្លាំងទាំង៤ ត្រូវបន្តដំណើរឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីការប្រកួតវិលជុំទាំង២ជើង បានបញ្ចប់ជាផ្លូវការ នៅមជ្ឈមណ្ឌលកីឡា The Blue Sports Center កាលពីចុងសប្តាហ៍នេះ។

តាមរយៈការប្រកួតវិលជុំលើកទី១៨ចុងក្រោយ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ ក្រុមឪម៉ាល់អេហ្វស៊ី បានយកឈ្នះក្រុម Fan Sport FT ៨-៤ ឯក្រុមម្ចាស់ជើងឯកឆ្នាំចាស់ ស.ស.យ.ក កំចាយមារ បានឈ្នះក្រុមអាណាចក្របៃតង ១១-៨ ប៉ុន្តែក្រុមឆន្ទៈកីឡា បានចាញ់ក្រុមផេនដាអេហ្វស៊ី ៣-២។ ចំណែកក្រុម Down Town Sport បានលត់ក្រុម B.A United ១៥-៥ ខណៈក្រុមយុវជន៧មករា បានឈ្នះក្រុម Home Sport FC ៧-៣។

តាមរយៈលទ្ធផលការប្រកួតចុងក្រោយនេះ ក្រុម Down Town Sport បានទទួលចំណាត់ថ្នាក់លេខ១ ដោយមាន៤២ពិន្ទុ ឯក្រុមស.ស.យ.ក កំចាយមារ បានលេខ២ មាន៣៩ពិន្ទុ រីឯក្រុម Home Sport ឈរនៅលេខ៣ មាន៣៧ពិន្ទុ និងក្រុមឪម៉ាល់អេហ្វស៊ី បានលេខ៤ ដោយមាន៣៦ពិន្ទុ។ ប៉ុន្តែក្រុមចំនួន៦ទៀត បានធ្លាក់ចេញពីការប្រកួតនេះហើយ។

យោងតាមរូបមន្តនៃការប្រកួត National Futsal League 2018 នេះគឺក្រុមលេខ១ Down Town Sport ត្រូវជួបក្រុមលេខ៤ឪម៉ាល់អេហ្វស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឯក្រុមស.ស.យ.ក កំចាយមារ ត្រូវប្រកួតជាមួយក្រុម Home Sport ហើយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងធ្វើនៅល្ងាចថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ៕