មួយប្រកួតចុងក្រោយរបស់អ្នកលេងកែងពិឃាត់ វង្ស ណយ បានធ្វើឲ្យមហាជនដែលនិយមវិស័យប្រដាល់ ហាក់ភ្ញាក់ផ្អើលម្ដងហើយ ដោយផ្ដួលកំពូលអ្នកលេងជង្គង់ថៃ រ៉ារឿង ឲ្យសន្លប់ក្រោកលែងរួចនៅទឹកចុងទឹកទី២ ឯសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីថ្ងៃទី២៧ ខែកញ្ញា ២០១៨។ ខណៈអ្នកទស្សនាស្ទើរមិនជឿថា អ្នកប្រដាល់របស់កម្ពុជាខាងលើអាចឈ្នះនាជំនួបមិត្តភាពមួយនោះ។
កីឡាករ វង្ស ណយ និងអ្នកគាំទ្រ
បើមើលតាមសមត្ថភាព វង្ស ណយ នាពេលកន្លងទៅ អ្នកនិយមទស្សនាប្រដាល់ដឹងច្បាស់ណាស់ថាអ្នកប្រដាល់រូបនេះមានចំណុចខ្សោយអ្វីខ្លះ ហើយវាជារឿងពិបាកខ្លាំងដែលគេអាចយកឈ្នះដៃគូនាជំនួបដណ្ដើមប្រាក់លាននៅសង្វៀន CNC ស្របពេលបេក្ខភាពទាំងនោះសមត្ថភាពលំដាប់ជួរមុខតែម្ដង។ ចំណែកថៃដែលជាបេក្ខភាពម្នាក់ទៀតនោះ នៅមិនទាន់ដឹងពីសមត្ថភាពយ៉ាងណានៅឡើយទេ។
រឿង សោភ័ណ្ឌ(ក្រហម) និង ហ្វៃប៉ា(ខៀវ)
អ្នកប្រដាល់ដើមកំណើតមកពីខេត្តប៉ៃលិនខាងលើនេះ ប្រកួតមិនសូវពេញ ៥ទឹក នោះទេ នាពេលកន្លងមក ច្រើនតែអស់នៅចុងទឹក៤ ឬទឹក៥។ ការចេញស្នៀតទៀតសោត គឺយឺតមិនដូចកាលពីប៉ុន្មានឆ្នាំមុនឡើយ។ ប៉ុន្តែចំណុចល្អរបស់កីឡាករកម្ពុជារូបនេះគឺ កែងដ៏មុតស្រួច មិនថាកែងបុក ឬកែងកាប់នោះទេ នៅតែមានប្រសិនភាព និងបច្ចេកទេសវ៉ៃកែងនេះនៅតែល្អ។
រឿង សោភ័ណ្ឌ(ក្រហម) និង ហ្វៃប៉ា(ខៀវ)
ចំណែកបេក្ខភាព៣រូប ដែលប្រជែងប្រាក់លានជាមួយ វង្ស ណយ សុទ្ធតែជាជើងខ្លាំងៗមិនថាកីឡាករថៃ ហ្វៃប៉ា(Fai Pa) ឬ រឿង សោភ័ណ្ឌ ដែលអ្នកទាំងពីរនេះកាយសម្បទារឹងមាំ និងមានស្នៀតប្រយុទ្ធធ្ងន់ហើយគ្រប់គ្រឿងថែមទៀតផង។
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍
បញ្ជាក់ដែរថា កម្មវិធីប្រកួតដណ្ដើមប្រាក់លានថ្ងៃសៅរ៍ ទី១១ សីហា នៅសង្វៀន CNC ស្អែកនៅជុំដំបូង វង្ស ណយ ប៉ះ ហ្វៃប៉ា ខណៈ រឿង សោភ័ណ្ឌ ប៉ះ កងមឿងឆាង លើប្រភេទទម្ងន់ ៦៩គីឡូក្រាម។ កីឡាករពីរនាក់ណាឈ្នះនៅជុំទី១ នឹងត្រូវប្រកួត៥ទឹកបន្តទៀតនៅជុំទី២ វគ្គផ្ដាច់ព្រ័ត្រថ្ងៃដដែលយកប្រាក់លានតែម្ដង។ ម្ចាស់ជើងឯកបានថវិកា ៤លានរៀល បូកតម្លៃខ្លួន រីឯជើងឯករង ២លានរៀល បូកតម្លៃខ្លួន៕
Via : Sabay
អ្នកប្រដាល់ វង្ស ណយ អាចបង្កភាពភ្ញាក់ផ្អើលជាលើកទី២បានអត់ស្អែកនេះ?
អត្ថបទទាក់ទង