ក្រុមបឹងកេត ដែលទើបធ្លាក់ចេញពីការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨ ក្រោមស្នាដៃក្រុមណាហ្គាវើល កាលពីយប់ថ្ងៃពុធ កន្លងមកនេះ នៅតែត្រូវប្រឈម នឹងការប្រកួត ដែលមានភាពតានតឹង ខណៈពួកគេត្រូវវិលមកជួបក្រុមវិសាខា ក្នុងការប្រកួតលីកកំពូលកម្ពុជា នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦ថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។

ក្រុមទាំង២នេះ ធ្លាប់ស្មើគ្នា ១-១ សម្រាប់ជំនួបជើងទី១ ហើយការវិលមកជួបគ្នាលើកនេះ វាបានក្លាយជាការប្រជែងគ្នាយ៉ាងសំខាន់បំផុត ព្រោះបឹងកេត ត្រូវការឈ្នះ៣ពិន្ទុ ដើម្បីរក្សាតំបន់កំពូលតារាង ហើយវិសាខា ត្រូវការឈ្នះ ដើម្បីបានឡើងទៅលេខ១ ឬលេខ២ ខណៈពេលនេះ បឹងកេត មាន៣៩ពិន្ទុ ឯវិសាខា ឈរនៅលេខ៣ មាន៣៨ពិន្ទុ ស្មើជាមួយក្រុមឈរនៅលេខ២ ណាហ្គាវើល។

ប៉ុន្តែនៅក្នុងការប្រកួតដ៏សំខាន់នេះ ក្រុមបឹងកេត កំពុងជួបបញ្ហាចម្បងចំនួន២។ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានប្រាប់ថា៖ «ការប្រកួតលើកនេះ យើងមានបញ្ហាទៅលើរបួសកីឡាករ ហើយការប្រកួតរហូតដល់១២០នាទី ជាមួយក្រុមណាហ្គាវើល ក្នុងពានសម្តេច ក៏បានក្លាយជាបញ្ហាផងដែរ ដោយសារ កីឡាករខ្មែររបស់យើងភាគច្រើន បានស្រុតកម្លាំង»។

លោក ហៅ សុជាតិ បានបន្ថែមថា៖ «ចាន់ វឌ្ឍនាកា មានរបួសជង្គង់ស្តាំ នៅពេលយើងប្រកួតមិត្តភាពជាមួយក្រុមជប៉ុន ហើយរបួសនេះ អាចនឹងធ្វើឲ្យគាត់សម្រាកយូរទៀត ចំណែក Gbenga មានរបួសជង្គង់ដូចគ្នា ខណៈ ស្លេះ សេន ក៏មានរបួសដែរ អ៊ីចឹងយើងអាចមានការលំបាកដែរ សម្រាប់ការប្រកួតលើកនេះ»។

ផ្ទុយពីនេះ ក្រុមវិសាខា បានបង្ហាញមហិច្ឆតា ក្នុងការទាមទារយកលទ្ធផលឈ្នះ គឺមិនចង់បានត្រឹមលទ្ធផលស្មើដូចការប្រកួតជើងទី១នោះទេ។ លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា បានថា៖ «សម្រាប់ការប្រកួតលើកនេះ យើងត្រៀមខ្លួនបានល្អគ្រប់អស់ហើយ ហើយយើងចង់បានលទ្ធផលល្អប្រសើរជាងការជួបគ្នា ក្នុងជើងទី១»។

លោក ហុក សុជីវ័ន បានបញ្ជាក់ថា៖ «បើយើងអាចឈ្នះក្រុមបឹងកេត សម្រាប់ការប្រកួតជើងទី២នេះ វាកាន់តែល្អប្រសើរចំពោះពួកយើង ព្រោះក្រុមយើង អាចឈរនៅពីលើគាត់វិញម្តង»៕