ការផ្ទេរទៅលេងនៅក្លិបលំដាប់កំពូលរបស់ថៃ Buriram United របស់កីឡាករកម្ពុជា ច្រឹង ពលរដ្ឋ ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ២ឆ្នាំ វាបានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្របាល់ទាត់នៅកម្ពុជា ព្រោះ ពលរដ្ឋ មិនត្រឹមតែទទួលបានប្រាក់ខែលើសពី ៥ពាន់ដុល្លារ ក្នុង ១ខែប៉ុណ្ណោះទេ ប៉ុន្តែ Buriram ក៏ធានាព្យាបាលរបួសដាច់សរសៃពួររបស់គេ ឲ្យបានជាសះស្បើយ ១០០ភាគរយផងដែរ។

យ៉ាងណាក៏ដោយ នៅក្នុងលក្ខណៈពិសេសមួយរបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិ និងក្លិប Buriram United ទាក់ទងទៅនឹងការខ្ចីជើង ច្រឹង ពលរដ្ឋ រយៈពេល ២ឆ្នាំនេះ វានៅតែធ្វើឲ្យដំណើរផ្សងព្រេងទៅលេងនៅលីកកំពូលថៃ របស់កីឡាករកម្ពុជាម្នាក់នេះ ស្ថិតក្នុងភាពមិនទាន់ប្រាកដ គឺរូបគេ អាចនឹងត្រូវ Buriram United ផ្តាច់កុងត្រា មុនពេលកំណត់ នៅពេលណាមួយបាន។

លោក ខូវ ឆាយ អគ្គលេខាធិការក្លិបបាល់ទាត់ក្រសួងការពារជាតិ បានប្រាប់ថា៖ «ច្រឹង ពលរដ្ឋ ត្រូវបានក្លិប Buriram ខ្ចីជើងក្នុងរយៈពេល ២ឆ្នាំ ហើយនៅក្នុងរយៈពេលខ្ចីជើងនេះ Buriram អាចចរចារទិញ ច្រឹង ពលរដ្ឋ ដាច់នៅក្នុងពេលវេលាណាមួយ ដែលក្លិបនេះមើលឃើញថា ពលរដ្ឋ មានទម្រង់លេងល្អ អាចលេងនៅក្លិប Buriram បាន»។

ប៉ុន្តែជាមួយលក្ខខណ្ឌចចារពិសេសមួយទៀត លោក ខូវ ឆាយ បានបញ្ជាក់ថា៖ «បើសិនជា ច្រឹង ពលរដ្ឋ មិនបានបង្ហាញទម្រង់លេងល្អ ឬធ្វើខុសនឹងវិន័យ បទបញ្ជារបស់ក្លិប គឺ Buriram មានសិទ្ធិផ្តាច់កុងត្រាមុនពេលកំណត់បាន ប៉ុន្តែបើសិនជា Buriram ផ្តាច់កុងត្រា ក្នុងលក្ខខណ្ឌ ច្រឹង ពលរដ្ឋមិនបានបង្ហាញទម្រង់លេងល្អ អាហ្នឹងខាងក្លិប Buriram ត្រូវមានសំណងការខូចខាតមកដល់កីឡាករយើង»។

យ៉ាងណាក៏ដោយ ក្លិបក្រសួងការពារជាតិ បានការរំពឹងទុកមុនថា ច្រឹង ពលរដ្ឋ អាចនឹងអភិវឌ្ឍខ្លួនបានល្អ នៅក្លិប Buriram United នេះ។ លោក ខូវ ឆាយ បានថ្លែងថា៖ «យើងគិតថា ការខ្ចីជើងនេះ វាល្អសម្រាប់អនាគត ច្រឹង ពលរដ្ឋ ក្នុងការទៅប្រាកដអាជីព នៅក្លិបអាជីព មានកម្រិតស្តង់ដារត្រឹមត្រូវ ហើយបើ ពលរដ្ឋ អាចហ្វឹកហាត់ ចូលលេងជាមួយគេបាន គឺការប្រកួតប្រជែង កាន់តែខ្លាំងជាងនៅលីកកម្ពុជាយើង អ៊ីចឹងគាត់អាចអភិវឌ្ឍខ្លួន បានកាន់តែល្អ ដើម្បីអាចមកចូលរួមជួយក្រុមជម្រើសជាតិរបស់យើង»។

គួររំឭកថា ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង សុទ្ធតែបានចេញទៅប្រកបអាជីព នៅលីកកំពូលម៉ាឡេស៊ី កាលពីដើមឆ្នាំ២០១៨នេះ ប៉ុន្តែកីឡាករកម្ពុជាទាំង៣នេះ សុទ្ធតែត្រូវបានក្លិបនៅម៉ាឡេស៊ី ផ្តាច់កុងត្រាមុនពេលកំណត់ ហើយបញ្ហានេះ បានក្លាយជាបទពិសោធដ៏ក្រមក្រំមួយ ដែលធ្វើឲ្យអ្នកស្នេហាវិស័យបាល់ទាត់កម្ពុជា មានការបារម្ភ ចំពោះជោគវាសនា របស់កីឡាករ ច្រឹង ពលរដ្ឋ សម្រាប់ការចេញទៅលេងនៅក្លិប Buriram United នៅពេលនេះ៕