សេះពូជដើមនាំយកមកពីអាមេរិក Black Woman បានធ្វើឲ្យការប្រកួតប្រចាំខែសីហា នៃព្រឹត្តិការណ៍ប្រណាំងសេះ Smart Land and Home Champion រដូវកាលទី៣ ឆ្នាំ ២០១៨ នៅលើទឹកដីវិហារសួគ៌ បានបញ្ចប់ដោយភាពភ្ញាក់ផ្អើល ហើយកំណត់ត្រាថ្មីរបស់សេះមួយក្បាល់នេះ បានធ្វើឲ្យម្ចាស់របស់វា រំពឹងថា Blcak Woman នឹងមានសមត្ថភាពរហូតដល់ប្រជែងយកពានធំ ប្រចាំឆ្នាំ។

បើទោះបីជា Black Woman មិនអាចបង្ហាញភាពខ្លាំង សម្រាប់ការចូលរួមប្រកួតជាលើកដំបូង ក្នុងព្រឹត្តិការណ៍ប្រណាំងសេះនេះ កាលពីខែកក្កដា ដោយបានត្រឹមលេខ៤ ក្នុងពូលA ដែលជាពូលមានសេះលំដាប់ស្តង់ដារអន្តរជាតិ ប៉ុន្តែសម្រាប់ការប្រកួតលើកទី២ ប្រចាំខែសីហា កាលពីថ្ងៃអាទិត្យ កន្លងមកនេះ Black Woman ដែលបញ្ជាដោយកីឡាករ មឿន មុំ បានរត់វ៉ាដាច់សេះម្ចាស់ជើងលាភីទាំង៣ក្បាល កាលពីខែមុន ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ ដ៏គួរភ្ញាក់ផ្អើល បំផុត។

លោក អឿន សុផល គណៈកម្មការបច្ចេកទេសនៃព្រឹត្តិការណ៍ Smart Land and Home Champions និងជាម្ចាស់សេះ Black Woman នេះ បានប្រាប់ថា៖ «ការទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំខែសីហានេះ បានក្លាយជាកំណត់ត្រាថ្មីរបស់ Black Woman ហើយអ្នកទស្សនាផ្ទាល់ពិតជាមានការភ្ញាក់ផ្អើលខ្លាំង ខណៈសេះថ្មីមួយក្បាលនេះ បែរជាមានសមត្ថភាព រត់វ៉ាដាច់គូប្រជែង ដើម្បីទទួលបានលេខ១នោះ»។

ការទទួលបានចំណាត់ថ្នាក់លេខ១ របស់សេះ Black Woman ប្រចាំខែសីហានេះ បានធ្វើឲ្យសេះឈ្មោះ Belly ដែលជាម្ចាស់ជើងឯក កាលពីខែកក្កដា បានត្រឹមលេខ៣វិញ ខណៈសេះឈ្មោះ World Wave ទទួលបានលេខ២ ប៉ុន្តែសេះលេខ២ Kenzo និងសេះលេខ៣ Carino កាលពីខែមុន មិនទទួលបានចំណាត់ថ្នាក់សម្រាប់ការប្រកួតខែសីហានេះទេ។

ជាមួយភាពលេចធ្លោររបស់សេះ Black Woman បានធ្វើឲ្យលោក អឿន សុផល ដែលជាម្ចាស់ មានការរំពឹងទុកថា សេះមួយក្បាលនេះ នឹងអាចប្រជែងយកបានចំណាត់ថ្នាក់ល្អៗ សម្រាប់ការប្រកួតប្រចាំខែក្រោយៗទៀត ដើម្បីបានជាប់ជាសេះល្អ ដែលត្រូវដាក់ឲ្យប្រកួតដណ្តើមយកពានធំ និងប្រាក់រង្វាន់២៥០០០ដុល្លារ ប្រចាំឆ្នាំ២០១៨នេះ។

«កម្រិតរបស់ Black Woman ខ្ញុំជឿថា អាចនឹងបានចូលរួមការប្រកួតដណ្តើមយកពានធំ នៅចុងឆ្នាំនេះ ព្រោះល្បឿនរបស់គាត់លឿន ពិសេសពេលរត់ដល់ទីហើយ កម្លាំងរបស់គាត់នៅតែមានទៀត»។ លោក អឿន សុផល បានបន្ថែមថា៖ «ខ្ញុំជឿជាក់ ការប្រកួតយកពានធំ នៅចុងឆ្នាំ បើមិនបានលេខ១ ក៏ Black Woman អាចដណ្តើមបានលេខ២ដែរ»។

ដោយឡែក សម្រាប់ការប្រកួតប្រជែងរវាងសេះក្នុងស្រុក ចំនួន២ពូលទៀត ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ នោះដែរ សេះឈ្មោះ KK បានក្លាយជាម្ចាស់ជើងឯកប្រចាំពូលC លេខ២បានទៅសេះឈ្មោះ អាឆ្លាម ហើយលេខ៣បានទៅសេះ NAVARA។ រីឯពូលDវិញ សេះឈ្មោះប្រុសប៉ាវ ដណ្តើមលេខ១ ឯលេខ២សេះឈ្មោះ អារ៉េ ហើយសេះឈ្មោះ អាចេត បានចំណាត់ថ្នាក់លេខ៣ ដូចកាលពីខែកក្កដាដែរ៕