ក្រុមបឹងកេត ហាក់នៅមានភាពស្រពេចស្រពិល ក្នុងដំណើរឆ្ពោះទៅកាន់ការឈ្នះពានលីកកំពូល៣ឆ្នាំជាប់ៗគ្នា បើទោះបីជាពេលនេះ ពួកគេកំពុងឈរនៅតំបន់កំពូលតារាង បន្ទាប់ពីបានយកឈ្នះក្រុមខ្លាំង វិសាខា ១-០ សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី១៧ ក៏ដោយ។
លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានទទួលស្គាល់ថា ការយកឈ្នះក្រុមវិសាខា បានធ្វើឲ្យក្រុមបឹងកេត គេចផុតពីការលំបាកមួយគ្រា ប៉ុន្តែលោកបានបង្ហើបថា បឹងកេត ត្រូវប្រឈមជាមួយក្រុមខ្លាំងចំនួន៤ទៀត សម្រាប់ការប្រកួតដែលនៅសល់ទាំង៥ប្រកួត។
លោកបានប្រាប់ថា៖ «សម្រាប់ការឈ្នះពានឬក៏យ៉ាងណានោះ គឺមកដល់ពេលនេះ យើងនៅមិនទាន់អាចនិយាយបាននៅឡើយទេ ព្រោះយើងនៅប៉ះជាមួយក្រុមណាហ្គាវើល ស្វាយរៀង អង្គរថាយហ្គឺរ និងភ្នំពេញក្រោន ដែលសុទ្ធតែក្រុមខ្លាំង គឺវាមិនងាយស្រួលនោះទេ ហើយពេលនេះក្លិបយើង ក៏មានបញ្ហាប្រឈមមុខជាមួយបញ្ហារបួសកីឡាករទៅទៀត»។
យ៉ាងណាក៏ដោយ លោក ហៅ សុជាតិ នៅតែមានរំពឹងថា ការយកឈ្នះក្រុមវិសាខា ១-០ កាលពីសប្តាហ៍មុន វានឹងនៅតែ ធ្វើឲ្យកូនក្រុមរបស់លោក មានកម្លាំងចិត្ត និងឆន្ទៈប្រកួត ជម្នះការប្រកួតដែលនៅសល់ ដើម្បីស្វែងទៅរកការឈ្នះពាននៅឆ្នាំនេះ។
គួរបញ្ជាក់ថា សម្រាប់៥ប្រកួត ដែលនៅសល់ គឺក្រុមបឹងកេត នឹងត្រូវប្រឈមជាមួយក្រុមណាហ្គាវើល នាថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ មុនពេលពួកគេទៅជួបក្រុមព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី២៦ ខែសីហា រួចបន្តទៅប៉ះក្រុមអគ្គិសនីកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ហើយនៅថ្ងៃទី២៣ ខែកញ្ញា បឹងកេត ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ និងចុងក្រោយត្រូវស្វាគមន៍ក្រុមភ្នំពេញក្រោន ក្នុងនាមជាម្ចាស់ផ្ទះ នៅពហុកីឡដ្ឋានជាតិ នាថ្ងៃបិទរដូវកាល ទី៣០ ខែកញ្ញា៕