អ្នក​ប្រដាល់​ ម៉ឺន​ មេឃា​ ដែល​ជា​កូន​ប្រុស​របស់​ អេ​ ភូថង​ រយៈពេល​ចុង​ក្រោយ​នេះ​ ឃើញ​គេ​រីកចម្រើន​ខ្លាំង​ និង​ទទួល​បាន​ជ័យជម្នះ​តាម​បណ្ដា​សង្វៀន​ក្នុង​ស្រុក​ រួម​និង​ឈ្នះ​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី២​ផង​ដែរ។​

ម៉ឺន​ មេឃា​
ម៉ឺន​ មេឃា​ ប្រាប់​ឲ្យ​ដឹង​ថា​ រយៈពេល​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ គឺ​ឈ្នះ​រហូត​ផង​ដែរ​ ហើយ​ក៏​ដឹង​ថា​ខ្លួន​វ៉ៃ​បាន​ល្អ​ខ្លះ​ៗ​ដែរ។​ ក្រៅ​ពី​នេះក៏​ធ្លាប់​មាន​អ្នកទស្សនា​ផង​ មិត្តភ័ក្ដិ​ផង​ បាន​សរសើរ​និង​ប្រាប់​ថា​វ៉ៃ​បាន​ល្អ​។​

ម៉ឺន​ មេឃា​(ខៀវ)
អ្នក​ប្រដាល់​វ័យ​១៧​ឆ្នាំ​រូប​នេះ​ បន្ថែម​ថា​ ទន្ទឹម​និង​ភាព​ល្អនេះ​ ខ្លួន​ក៏​នៅ​ជ្រាយ​ត្រង់​ចាប់​ឡាំ​ជង្គង់​ផង​ដែរ​ ហើយ​នឹងខំប្រឹង​ពង្រឹង​សមត្ថភាព​ចំណុច​នេះ​បន្ថែម​ទៀត​ បើ​ចង់​បាន​វ៉ៃ​កម្មវិធី​ធំៗ​ ឬ​បាន​ប៉ះ​ជា​មួយ​បរទេស​នៅ​ពេល​ខាង​មុខ។​

ម៉ឺន​ មេឃា​(ខៀវ)
ម៉ឺន​ មេឃា​ ជា​កូន​ទី២​របស់​លោក​ អេ​ ភូថង​ បច្ចុប្បន្ន​ជា​កីឡាករ​ជម្រើស​ជាតិ​ថ្នាល​ប្រដាល់​សកល​កម្ពុជា​ និង​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី២​ប៉ុន្មាន​ខែ​មុន​នេះ។​ មិន​ថា​ប្រកួត​នៅ​សង្វៀន​ CNC TV5​ ឬ​សង្វៀន​អាស៊ីអាគ្នេយ៍​នោះ​ទេ​ គឺ​ឈ្នះ​ដៃគូ​រហូត​ និង​ចុង​ក្រោយ​ផ្ដួល​ សុខ​ វិរៈ​ ឲ្យ​សន្លប់​ទឹក​ទី២​ ដើម​ខែ​សីហា​ ២០១៨៕​
Via :news.sabay