កីឡាការិនីខ្មែរ-អាមេរិក Jessa Khan និងកីឡាករខ្មែរ-បារាំង Vivaddhana Khaou ដែលសុទ្ធតែបានអះអាងថា នឹងដណ្តើមបានមេដាយឲ្យកម្ពុជា ក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ (18th Asian Games) នៅឥណ្ឌូនេស៊ី នឹងចាប់ប្រកួតទៅតាមប្រភេទទម្ងន់របស់ខ្លួន នៅថ្ងៃសុក្រនេះ។
តាមកម្មវិធីប្រកួត ដែលទទួលបានពីលោក វ៉ាត់ ចំរើន នាយកបេសកកម្មការប្រកួតកីឡាអាស៊ីនេះ បានឲ្យដឹងថា កីឡាការិនីខ្មែរ-អាមេរិក Jessa Khan ដែលមានកំណត់ត្រាឈ្នះបានមេដាយមាសជិត២ ពីការប្រកួតនៅលើឆាកអន្តរជាតិនោះ នឹងត្រូវប្រកួតទម្ងន់ក្រោម៤៩គីឡូក្រាម ហើយកីឡាករ Vivaddhana Khaou ត្រូវប្រកួតក្នុងទម្ងន់ក្រោម៦៩គីឡូក្រាម។
អត្តពលិកបរទេសមានសញ្ជាតិខ្មែរទាំង២នេះ សុទ្ធតែមានការជឿជាក់ ក្នុងការដណ្តើមបានមេដាយឲ្យកម្ពុជា ពិសេស កីឡាការិនីវ័យ១៦ឆ្នាំ Jessa Khan ដែលរំពឹងឈ្នះដល់មេដាយមាស។ Jessa Khan បាននិយាយថា៖ «ខ្ញុំបានត្រឹមគ្រប់គ្រាន់អស់ហើយ ហើយខ្ញុំសង្ឃឹមថា ខ្ញុំអាចនឹងដណ្តើមបានមេដាយមាសឲ្យកម្ពុជា ក្នុងការប្រកួតកីឡាអាស៊ីនេះ»។
បន្ថែមលើនេះ កីឡាករវ័យ២៧ឆ្នាំ Vivaddhana Khaou ដែលជាប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ក៏មានការជឿជាក់ថា Jessa Khan នឹងឈ្នះបានមេដាយមាស។ Vivaddhana Khaou បាននិយាយថា៖ «Jessa Khan នឹងដណ្តើមបានមេដាយមាស ព្រោះគាត់ខ្លាំង និងធ្លាប់ប្រកួតនៅអាមេរិក ជប៉ុន និងនៅកាណាដា ជាដើម ដោយគាត់ឈ្នះរហូត ដូច្នេះខ្ញុំជឿជាក់ថា Jessa នឹងឈ្នះបានមេដាយមាស មិនសូវលំបាកទេ»។
ជាមួយគ្នានេះ Vivaddhana Khaou ក៏រំពឹងថា រូបគេ នឹងឈ្នះបានមេដាយឲ្យកម្ពុជាដែរ។ Vivaddhana បានបញ្ជាក់ថា៖ «ការហ្វឹកហាត់របស់ខ្ញុំហាត់មិនដល់ហ្វីលីពីន ជប៉ុន និងកូរ៉េ នោះទេ ព្រោះពួកនេះ បានហាត់កីឡានេះជាង២០ឆ្នាំហើយ ប៉ុន្តែខ្ញុំបានប្រឹងប្រែងខ្លាំង ដើម្បីយកឈ្នះអ្នកទាំងនោះ ហើយខ្ញុំសង្ឃឹមថា ខ្ញុំអាចនឹងដណ្តើមបានមេដាយ ដើម្បីបានបង្ហាញទង់ជាតិខ្មែរ»៕