សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃចន្ទនេះ លោក Tan Cheng Hoe គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី បានចាប់អារម្មណ៍ទៅលើការរៀបចំ និងការលេងរបស់ក្រុមកម្ពុជា ដែលអាចនឹងមានទម្រង់លេងថ្មី ហើយប្លែក ប៉ុន្តែប្រធានក្រុមម៉ាឡេស៊ី បានអះអាងថា នឹងខំប្រឹង ដើម្បីយកឈ្នះលើក្រុមកម្ពុជា។

លោក Tan Cheng Hoe បាននិយាយ ក្នុងសន្និសីទកាសែត កាលពីថ្ងៃអាទិត្យ ម្សិលមិញថា៖ «ខ្ញុំគិតថា សម្រាប់ការប្រកួតលើកនេះ ការលេង និងការរៀបចំរបស់ក្រុមកម្ពុជា ប្រាកដជាថ្មី និងខុសប្លែកពីមុន ព្រោះថា ពេលនេះ មានគ្រូបង្វឹកថ្មីមកដឹកនាំ ហើយការប្រកួតនេះ ក៏នឹងមានអ្នកគាំទ្រចូលរួមច្រើនផងដែរ ដែលនឹងធ្វើឲ្យការប្រកួតនេះ កាន់តែមានការទាក់ទាញ»។

ក្រៅពីការចាប់អារម្មណ៍ទៅលើទម្រង់លេងរបស់ក្រុមកម្ពុជា លោក Tan Cheng Hoe បានធ្វើការព្យាករណ៍ថា វត្តមានរបស់ Keisuke Honda នឹងជំរុញឲ្យសមាជិកក្រុមកម្ពុជា បង្កើនការលេង១០០ភាគរយ ដែលនឹងធ្វើឲ្យក្រុមម៉ាឡេស៊ី កាន់តែមានការលំបាក ក្នុងការស្វែងរកជ័យជម្នះលើក្រុមកម្ពុជា ដែលជាគូប្រកួតចាស់របស់ខ្លួន។

លោក Tan Cheng Hoe បានបញ្ជាក់ថា៖ «ក្រុមកម្ពុជា និងម៉ាឡេស៊ី ធ្លាប់បានជួបគ្នាជាច្រើនដងមកហើយ ហើយរាល់ការប្រកួតទាំងអស់នោះ យើងពិតជាមិនងាយស្រួល ក្នុងយកឈ្នះក្រុមកម្ពុជាទេ។ ចំណែកការជួបគ្នាលើកនេះ យើងដឹងថា កម្ពុជា មានកីឡាករ ដែលមានឆន្ទៈខ្ពស់ក្នុងការលេង ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី អ៊ីចឹងពួកគេ នឹងខំប្រឹងលេងឲ្យអស់១០០ភាគរយ ដើម្បីបញ្ចេញសមត្ថភាព បង្ហាញដល់គ្រូបង្គោលថ្មីរបស់គាត់»។

ជាមួយគ្នានេះ លោក Tan Cheng Hoe ក៏មានការចាប់អារម្មណ៍ទៅលើកីឡាករចំនួន៤នាក់របស់កម្ពុជា ដែលធ្លាប់ និងកំពុងតែលេងនៅលីកកំពូលម៉ាឡេស៊ីផងដែរ ក្នុងនោះមាន កែវ សុខផេង, ចាន់ វឌ្ឍនាកា (មិនជាប់ជម្រើសជាតិលើកនេះទេ) ប្រាក់ មុន្នីឧត្ថម និង ធារី ចន្ថាប៊ីន ហើយលោកបានចាត់ទុកអ្នកទាំង៤នេះ នៅតែមានគុណភាពលេងល្អ។

ចំណែកកីឡាករ Muhammad Nazmi Faiz ដែលជាប្រធានក្រុមជម្រើសជាតិម៉ាឡេស៊ី ក៏បានគិតថា កម្ពុជា មានកីឡាករល្អៗច្រើនផងដែរ ប៉ុន្តែគេរំពឹងថា ម៉ាឡេស៊ី នឹងឈ្នះក្នុងការប្រកួតនេះ។ កីឡាកររូបនេះ បាននិយាយថា៖ «សម្រាប់ការជួបក្រុមកម្ពជា លើកនេះ យើងដឹងថា កម្ពុជាមានកីឡាករល្អមួយចំនួន ប៉ុន្តែយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះការប្រកួតនេះ»៕