ក្រុមបឹងកេត បានលត់ក្រុមអគ្គិសនីកម្ពុជា រហូតដល់ ៥-០ ដើម្បីតាមប្រជែងក្រុមណាហ្គាវើល ដែលកំពុងឈរនៅលើកំពូលតារាង នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៨ ខណៈក្រុមវិសាខា បានសម្រេចការសងសឹកលើក្រុមប៉ូលិស ប៉ុន្តែក្រសួងការពារជាតិ និងក្រុមភ្នំពេញក្រោន បានជួបការបរាជ័យដូចគ្នា។

ក្រុមណាហ្គាវើល បានយកឈ្នះលើក្រុមក្រសួងការពារជាតិ (ទ័ព) ២-០ សម្រាប់ការប្រកួតជើងទី២នេះ កាលពីថ្ងៃសៅរ៍ បន្ថែមទៅលើការឈ្នះ ២-០ ដូចគ្នា កាលពីជើងទី១ ហើយលទ្ធផលនេះបានជួយឲ្យក្រុមណាហ្គាវើល នៅតែអាចបន្តឈរនៅលើកំពូលតារាង ដោយមាន៥០ពិន្ទុ នឹងខិតកាន់តែកៀក ក្នុងការឆ្ពោះទៅឈ្នះតំណែងជើងឯក។

យ៉ាងណាក៏ដោយ ជ័យជម្នះរបស់ក្រុមបឹងកេត លើក្រុមអគ្គិសនីកម្ពុជា ៥-០ កាលពីថ្ងៃអាទិត្យ ម្សិលមិញ បន្ថែមទៅលើការស្មើគ្នា ១-១ កាលពីជើងទី១ វានៅតែតាមបំភ័យ ដល់ក្រុមណាហ្គាវើល ព្រោះការឈ្នះ៣ពិន្ទុបន្ថែមនេះ ធ្វើឲ្យបឹងកេត មាន៤៨ពិន្ទុ គឺតិចជាងណាហ្គាវើល ត្រឹម២ពិន្ទុដដែល ខណៈ២ប្រកួតដែលនៅសល់ បឹងកេត ត្រូវជួបក្រុមអង្គរថាយហ្គឺរ និងភ្នំពេញក្រោន តែណាហ្គាវើល ត្រូវប្រឈមជាមួយក្រុមវិសាខា និងប៉ូលិស។

ចំណែកក្រុមវិសាខា បានលត់ក្រុមប៉ូលិស ៤-១ កាលពីថ្ងៃសៅរ៍ ដើម្បីសម្រេចការសងសឹកចំពោះការចាញ់ប៉ូលិស ៣-១ កាលពីជើងទី១ ហើយលទ្ធផលនេះធ្វើឲ្យ វិសាខា បន្តឈរនៅលេខ៣ដដែល ដោយមាន៤៥ពិន្ទុ លើក្រុមជួបការខកចិត្ត ក្រសួងការពារជាតិ ដែលបន្តឈរនៅលេខ៤ ដោយមាន៣៩ពិន្ទុដដែល។

ចំណែកក្រុមភ្នំពេញក្រោន បានជួបរឿងខកចិត្តដូចក្រុមក្រសួងការពារជាតិដែរ ព្រោះពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ៣-២ កាលពីថ្ងៃអាទិត្យ ហើយលទ្ធផលនេះធ្វើឲ្យភ្នំពេញក្រោន ឈរនៅលេខ៤ មាន៣០ពិន្ទុ និងតាមពីក្រោយដោយក្រុមព្រះខ័នរាជស្វាយរៀង ដដែល ព្រោះស្វាយរៀង បានបន្តយកឈ្នះក្រុមសូលទីឡូអង្គរ ៥-២ បន្ថែមទៅលើការឈ្នះ ២-១ កាលពីជើងទី២ ធ្វើឲ្យពួកគេមាន២៧ពិន្ទុ។

ជាមួយគ្នានេះក្រុមអង្គរថាយហ្គឺរ បានបន្តយកឈ្នះក្រុមម្ចាស់ផ្ទះវេស្ទើន ៣-១ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ហើយលទ្ធផលនេះបានជួយឲ្យក្រុមអង្គរថាយហ្គឺរ ឡើងមកឈរនៅលេខ៧ មាន២៦ពិន្ទុស្មើក្រុមអាស៊ីអឺរ៉ុប តែបានរុញទម្លាក់ក្រុមប៉ូលិស ឲ្យធ្លាក់ពីលេខ៧ ទៅឈរនៅលេខ៩វិញ ខណៈសូលទីឡូអង្គរ មាន១៦ពិន្ទុដដែល ដោយឈរនៅលើអគ្គិសនីកម្ពុជា មាន៩ពិន្ទុ និងក្រុមឈរនៅបាតតារាងពេញមួយរដូវកាល វេស្ទើន ដែលមាន១ពិន្ទុដដែល៕