ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ក្នុងថ្ងៃនេះ បានបង្ហាញអំពីអំណោយដែលខ្លួនទទួលបានពីវីរបុរសបាល់ទាត់ Pele។
អំណោយនោះ គឺអាវក្លឹបប្រេស៊ីល Santos ដែលជាក្លឹបអតីតកីឡាករ Pele បានប្រកបអាជីពដ៏ជោគជ័យ (អតីតខ្សែប្រយុទ្ធស៊ុតចូលជាង ១ ពាន់គ្រាប់)។
Mbappe បានបង្ហោះរូបខ្លួន និងអាវមួយនោះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម។ នៅពីលើរូបថតនោះ កីឡាករបារាំង បានសរសេរថា៖ “អរគុណចំពោះអំណោយដ៏អស្ចារ្យមួយនេះ, ស្ដេច Pele”។
សូមបញ្ជាក់ផងដែរថា កីឡាករវ័យក្មេង Mbappe ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនលើកយកមកប្រៀបធៀបជាមួយវីរបុរសបាល់ទាត់ Pele ក្រោយខ្សែប្រយុទ្ធបារាំងស៊ុតចូល ២ គ្រាប់ ក្នុងជ័យជំនះ ៤-២ លើអាហ្សង់ទីនកាលពីវគ្គ ១៦ ក្រុមចុងក្រោយក្នុង World Cup ២០១៨ នៅរុស្ស៊ីកន្លងទៅ។ ការស៊ុតចូលនេះ ធ្វើឲ្យខ្សែប្រយុទ្ធ ក្លាយជាកីឡាករវ័យក្មេងទីមួយដែលស៊ុតលើសពីមួយគ្រាប់ក្នុងមួយប្រកួត World Cup បន្ទាប់ពី Pele ធ្វើបានដូច្នេះកាលពីឆ្នាំ ១៩៥៨។
Mbappe ត្រូវបានសង្កេតឃើញថា បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុង World Cup។ កីឡាករបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុមជម្រើសជាតិបារាំងឲ្យលើកពានកម្មវិធីនេះជាលើកទី ២ ក្នុងប្រវត្តិសាស្ត្រ។ Mbappe ក៏បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អបំផុតប្រចាំកម្មវិធីនេះផងដែរ។
ក្នុងរដូវកាល ២០១៨/១៩ គិតមកទល់ពេលនេះ កីឡាករ Mbappe បានស៊ុតចូល ៥ គ្រាប់ក្នុងការប្រកួត ៤ លើក ឲ្យ PSG៕
Via :news.sabay