ក្រុមសីដក់កម្ពុជា បានបង្កើតនៅរឿងដ៏គួរឲ្យកត់សម្គាល់មួយទៀត តាមរយៈការផ្តួលក្រុមសីដក់អូស្រ្តាលី ដើម្បីឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាសីដក់ ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក King Cup 2018 លើកទី៣៣ នៅប្រទេសថៃ ដែលមាន១៤ប្រទេសចូលរួម។

សម្រាប់ការប្រកួតវិញ្ញាសា៣នាក់ទល់៣នាក់កម្រិត Division2 ដែលត្រូវបានធ្វើឡើង ក្រុមជម្រើសជាតិសីដក់កម្ពុជា បានទម្លាក់ក្រុម Oman ដោយក្នុងយកឈ្នះ ២-១ ជាមួយពិន្ទុ ១៤-២១ ២១-៧ ២១-១០ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេបានទទួលជោគជ័យ នៅក្នុងការប្រកួតវគ្គជម្រុះ។

ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវបានធ្វើឡើង នៅថ្ងៃពុធនេះ ក្រុមសីដក់កម្ពុជា បានយកឈ្នះ២សិតដាច់តែម្តង ជាមួយពិន្ទុ ២១-១៨ ២៥-២៤ ដើម្បីឈ្នះបានមេដាយមាស លើវិញ្ញាសា៣នាក់ទល់នឹង៣នាក់នេះ។ ជ័យជម្នះនេះបានធ្វើឲ្យប្រតិភូសីដក់កម្ពុជា មានការសប្បាយរីករាយយ៉ាងខ្លាំង។

លោក ទុយ ប៊ុនហឿង អគ្គលេខាធិការរងសហព័ន្ធកីឡាសីដក់កម្ពុជា បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «យើងធ្វើបានសម្រេច ដោយទទួលបានជើងឯកលើវិញ្ញាសា៣នាក់ទល់៣នាក់បុរសកម្រិតទី២ ឬ Division2 ក្នុងការប្ររប្រកួតជើងឯកពិភពលោក King Cup លើកទី៣៣ នៅប្រទេសថៃ»៕